ឥណ្ឌា៖ ក្មេងប្រុសវ័យជំទង់ម្នាក់ តែងតែមានអាការៈឈឺពោះជាច្រើនឆ្នាំមកហើយ បានភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីបានដឹងមូលហេតុ ដែលបណ្ដាលឲ្យមានអាការៈនេះ គឺដោយសារតែមានបងប្អូនភ្លោះនៅក្នុងខ្លួនទៅវិញ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា Narendra ដែលមានអាយុ ១៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ រកឃើញរបស់ ដ៏ធំសម្បើមម្យ៉ាង មានទំងន់ប្រហែលជា ១៩គីឡូក្រាម ដែលវាជា ឆ្អឹង សក់ និងធ្មេញ ក្នុងពោះរបស់យុវជនរូបនេះ។ ក្នុងនោះ គេបានដឹងថា មូលហេតុដែលបង្កឲ្យ កើតមានអាការ:ឈឺពោះបែបនេះ ដោយសារតែមាន ទារកនៅក្នុងទារក ដែលជាករណីកម្រកើតមានបំផុត និងទើបតែមាន ២០០ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ នៅក្នុងពិភពលោកកន្លងមកនេះ។

បន្ថែមពីនេះ ប្រភពព័ត៌មានឲ្យដឹងទៀតថា លក្ខខណ្ឌបែបនេះកើតឡើង នៅក្នុងដំណាក់កាលដំបូង នៃការពរពោះកូនភ្លោះ។ នៅក្នុងនោះ ទារកមួយ បានចូលទៅក្នុងទារកមួយទៀត តាមរយៈទងផ្ចិត។ ស្របពេលនោះ វានឹងវិវត្តន៍ក្លាយជាប៉ារ៉ាស៊ីត ហើយរស់នៅក្នុងខ្លួនបងប្អូនវានោះ ដើម្បីតស៊ូបន្ដជីវិតរស់នៅ។

បើតាមសម្ដីលោកវេជ្ជបណ្ឌិត ដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Swaroop Narayan នៃរដ្ឋ Uttar Pradesh បានបញ្ជាក់ថា វា (ទារក) រស់នៅដូចជា ប៉ារ៉ាស៊ីត នៅក្នុងខ្លួន យុវជន Narendra តាំងពីចាប់កំណើតមកម្ល៉េះ។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមឲ្យដឹងទៀតថា អ្នកជំងឺរបស់គាត់ (Narendra) មានអាការៈ ក្អួតចង្អោរ និងស្រកទំងន់ផងដែរ ប៉ុន្ដែក្រុមគ្រួសាររបស់គេ មិនយល់ថាមកពីមូលហេតុអ្វីនោះទេ និងទើបតែកាលពីថ្ងៃច័ន្ទមុននេះ ក្រោយពីធ្វើការវះកាត់រួច ទើបប្រទះឃើញ របស់ចម្លែកខាងលើនៅក្នុងពោះ ដែលវាជាមូលហេតុបង្កឲ្យ Narendra កើតមានជំងឺមួយនេះ។ ហើយវាកំពុងតែលូតលាស់ និងមានប្រវែង ២០សង់ទីម៉ែត្រ រួមនឹងសក់រុំចូលគ្នា បើសិនជាពន្លាវិញមាន ប្រវែងប្រហែលជា ២ម៉ែត្រ។ យ៉ាងណាមិញ ទាំងនេះមានន័យថា ទារកដែលរត់ចូលទៅក្នុងទារកមួយទៀតនេះ គឺមានសក់ ធ្មេញ និងមានក្បាលទៅហើយ។

យ៉ាងណាមិញ ក្រោយពីការវះកាត់រួច Narendra ដែលមានឪពុកជាកសិករ អាចនឹងជាសះស្បើយ ក្នុងពេលឆាប់ៗនេះ និងអាចវិលត្រលប់ទៅសិក្សាជាធម្មតា ហើយនឹងមានសុខភាពល្អឡើងវិញផងដែរ៕





ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]