រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ ផលិតកម្ម​ថោ​ន​ ប្រកាន់​ជំហរ​ថា ធ្វើ​ទៅ​តាម​ការ​ចង់បាន​របស់​តារាចម្រៀង សុគន្ធ នី​សា ក្នុង​ការ​ដើរ​ចេញពី​ផលិតកម្ម បើ​ទោះជា​មុន​នេះ​ ផលិតកម្ម​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជាមួយ​ តារាចម្រៀង​រូប​នេះ​ក៏​ដោយ ។

ជ្រក​ក្រោម​ផលិតកម្ម​ថោ​ន ​ប្រមាណ​ជាង​៣​ឆ្នាំ សុគន្ធ នី​សា នៅ​តែ​រក្សា​បាន​នូវ​ កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​សម្រាប់​អ្នកគាំទ្រ​ដដែល បើ​ទោះបីជា​នាង​សម្រេច ​ដើរ​ចេញពី​ផលិត​ហង្ស​មាស ​ដែល​ជា​ផលិតកម្ម​ធំ និង​ល្បីល្បាញ​ជាងគេ​នៅ​ក្នុង​ប្រទេស​ក៏​ដោយ ។ ទោះជា​បាន​រសាត់​ដល់ ​ផលិត​ថោ​ន​ក៏​ដោយ តែ​សុគន្ធ នី​សា នៅ​តែ​មិន​អាច​រក្សាខ្លួន​ក្នុង​ជម្រក​មួយ​នេះ​ដដែល ដោយពេល​នេះ​នាង​បាន​សម្រេច​ដើរ​ចេញពី​ផលិត​ថោ​ន ​ជា​ថ្មី​ទៀត ដែល​ការ​ចាកចេញ​នេះ​ ត្រូវ​ប្រភព​ក្រៅផ្លូវ ការ​អះអាង​ថា នាង​ទំនងជា​មាន​ទំនាស់​ ណាមួយ​ជាមួយ​ផលិតកម្ម​ថោ​ន ។ ទន្ទឹម​នេះ​អតីត​សង្សារ​ចាស់​របស់​នាង ​លោក សុខ ជំនោរ ធ្លាប់​បង្ហើប​ថា ​សុគន្ធ នី​សា ចាក​ចេញពី​ផលិតកម្ម​ថោ​ន​ចូលរួម​ជាមួយ​ផលិតកម្ម​ហង្ស​មាស​ ដែល​ជា​ផលិតកម្ម​ ចាស់​វិញ ។

ពាក់ព័ន្ធ​រឿង​នេះ​ អ្នកចាត់ការ​ទូទៅ​របស់​ផលិតកម្ម​ថោ​ន លោក​មាស សុខ​រតនៈ អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ កាលពី​ពេលថ្មី​ៗ​នេះ​ថា សុគន្ធ នី​សា ចាក​ចេញពី​ផលិត​ថោ​ន​ពិតមែន ហើយ​ការ​ចេញពី​ផលិតកម្ម​ថោ​ន​ទៅ​ផលិតកម្ម​ណាមួយ​ទៀត​របស់​នាង រូប​លោក​ផ្ទាល់​ក៏​មិន​បានដឹង​ឡើយ ។

លោក​មាស សុខ​រតនៈ បញ្ជាក់​ថា​សុគន្ធ នី​សា បាន​សុំ​ឈប់​ពី​ផលិតកម្ម​ថោ​ន​ កាលពី​ពេលថ្មី​ៗ​កន្លង​មក ។  ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ​របស់​តារាចម្រៀង​ជួរ​មុខ​រូប​នេះ​ មិន​ស្ថិត​នៅ ​ក្រោម​ហេតុផល​មាន​ជម្លោះ​ជាមួយ​ភាគី​ណាមួយ​ ក្នុង​ផលិតកម្ម​ថោ​ន​ឡើយ ពោល​គឺ​ផលិតកម្ម ​បាន​សម្រេច​ទៅ​តាម​ចិត្ត​របស់​នាង ​ទាំងស្រុង​ដោយសារ​តែ​ តារាចម្រៀង​រូប​នេះ​ មិន​បាន​ចុះ​កិច្ចសន្យា​មួយ​ ផលិតកម្ម​ថោ​ន​ឡើយ ។

ទោះជា​យ៉ាងណា​ក្តី​លោក​មាស សុខ​រតនៈ ជឿ​ថា ការ​សម្រេចចិត្ត​ចេញ ពី​ផលិតកម្ម​ថោ​ន​របស់ សុគន្ធ នី​សា ទំនងជា​នាង​ អាច​មាន​គោលដៅ​ល្អ​ណាមួយ ​សម្រាប់​រូប​នាង​ហើយ ព្រោះ​មុន​ពេល​ចាកចេញ​ របស់​នាង​ផលិតកម្ម ​បាន​ពិភាក្សា​ជាមួយ​ តារាចម្រៀង​រូប ​នេះ​យ៉ាង​ល្អិតល្អន់ ។

ពាក់ព័ន្ធ​រឿង​នេះ​កោះសន្តិភាព ​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​ តារាចម្រៀង​សុគន្ធ នី​សា បាន​ឡើយ ប៉ុន្តែ​កន្លង​មក ​តារាចម្រៀង​សំនៀង​ស្រទន់​រូប​នេះ ​ធ្លាប់​ទទួលស្គាល់​ពី​ ព័ត៌មាន​នៃ​ការ​ចាក​ចេញពី​ផលិតកម្ម​ថោ​ន ប៉ុន្តែ​ចំពោះ​រឿង​ដែល​ នាង​អាច​នឹង​ចូល​ ផលិត​ហង្ស​មាស ឬ​ផលិត​ណា​ផ្សេង​នោះ សុគន្ធ នី​សា មិន​បាន​អធិប្បាយ​ឡើយ ដោយ​នាង​និយាយ​ដោយ​ខ្លី​ថា នាង​ចង់​ដកឃ្លា ដើម្បី​សម្រាក​មួយ​រយៈ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]