ភ្នំពេញ៖ តារាចម្រៀងប្រុស មានទ្រព្យស្ដុកស្ដម្ភ ព្រមជាមួយនឹង កេរ្តិ៍ឈ្មោះល្បីល្បាញ លោក ករុណា ពេជ្រ កំពុងតែ ស្ថិតក្នុងចំណោម តារាចម្រៀង រកចំណូលបានខ្ពស់បំផុត ក្នុងចំណោមតារាចម្រៀងប្រុស-ស្រីល្បីៗ ជាច្រើនដួងស្រុក ខ្មែរ ។ ថ្មីៗនេះ មានប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ ទម្លាយថា តារាចម្រៀងធ្លាបមានប្រវត្តិខកស្នេហ៍ រូបនេះ នឹង បង្ហាញដៃគូថ្មី ជាតារាស្រីថ្មីស្រឡាង និងអាចជាគ្រាប់ពេជ្រចុងក្រោយរបស់ផលិតកម្ម ថោន ក្នុងពេលឆាប់ខាងមុខនេះ ដើម្បីលុបបំបាត់ពាក្យនិន្ទាមួយចំនួនថា លោកល្បីឈ្មោះព្រោះតោងកាលីបតារាស្រីល្បីក្នុងទ្រនំជាមួយគ្នា។

ជាការពិត បើនិយាយពីភាពឡូយឆាយ របស់តារាចម្រៀង ករុណា ពេជ្រ វិញ គ្រាន់តែគេហដ្ឋាន និង ឡានទំនើប ប្រើប្រាស់ សព្វថ្ងៃ មានតម្លៃសរុបប្រមាណជាង៧០ ម៉ឺនដុល្លារទៅហើយ ។ នេះមិនទាន់រាប់បញ្ចូល ទ្រព្យសម្បត្តិ និងមុខរបរក្រៅសិល្បៈរបស់លោកទៀតផង ហើយបើសរុបទាំងអស់ទៅក៏ជិត ខ្ទង់លានដុល្លារដែរ ។ គេចាំបានថា កាលពីកញ្ញា មាស សុខសោភា ចូលផលិតកម្មថោនដំបូង លោក ករុណា ពេជ្រ បានក្លាយជាដៃគូដ៏ស័ក្តិសមបំផុត រហូតដល់មាស សុខ សោភា ឡើងកូដកប់ពពក ដោយសារបទ «I am sorry» ពេលសម្ដែងជាមួយ លោក ករុណា ពេជ្រ នេះឯង ។

ប៉ុន្តែក្រោយមកលោក ករុណា ពេជ្រ និងនាង មាស សុខសោភា ក៏លែងមានបទចម្រៀង ជាមួយគ្នាទៀត រហូត ករុណា ពេជ្រ បានជួបដៃគូថ្មី គឺកញ្ញា សុគន្ធ នីសា ។ ក្រោយពី នីសា ចូលច្រៀងក្នុងផលិតកម្ម ថោនភ្លាម ក៏ចេញបទចម្រៀង ភ្លែត ជាមួយ លោក ករុណា ពេជ្រ ដែលពេលនោះ ថ្វីដ្បិតមិនល្បីល្បាញខ្លាំងក៏ នីសា អាចទប់ប្រជាប្រិយភាពបាន មួយកម្រិត ។

បច្ចុប្បន្ននេះ លោក និង នីសា ក៏ល្បីល្បាញជាមួយ «បទពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជា ទម្ងន់» ជាបទ ចម្រៀងមានរយៈពេលយូរ និងមានការសម្ដែងបានល្អ ។ អ្នកសិល្បៈមួយចំនួន បានសើចចំអក លោក ករុណា ពេជ្រ ថា លោកតោងកាលីបគេ ដើម្បីភាពល្បី តែធាតុពិតមិនមែនដូចនេះទេ ព្រោះបើលោកមិនមានសមត្ថភាព គេមិនដាក់ លោកជាមួយ កំពូលតារាចម្រៀងស្រីខាងលើនោះឡើយ ។

យ៉ាងណាមិញ ថ្មីៗនេះលោក ករុណា ពេជ្រ ក៏បានត្រៀមផ្លាស់ប្ដូរដៃគូថ្មី ត្រូវបានគេស្គាល់ឈ្មោះថា កញ្ញា និរតន៍ ជាតារាចម្រៀងស្រីថ្មីស្រឡាង អាចជាគ្រាប់ពេជ្រ ចុងក្រោយរបស់ផលិតកម្មថោន ។ ដៃគូថ្មីរបស់ ករុណា ពេជ្រ ម្នាក់ នេះមិនទាន់ដឹងថា មានប្រភពមកពីណាឲ្យប្រាកដទេ តែបទចម្រៀងរបស់លោក និង និរតន៍ កំពុងតែចាក់ផ្សាយ ពេញវិទ្យុ ថោន បាត់ទៅហើយ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក ករុណា ពេជ្រ ក៏បានខលចូលទៅ វិទ្យុថោន ហើយនិយាយថា «លោកសុំផ្ញើ តារាចម្រៀងស្រីថ្មីម្នាក់នេះ ទុកក្នុងបេះដូងទស្សនិកជនផង ព្រោះនាងជាដៃគូថ្មីរបស់លោក ។ លោកនឹងត្រៀមបង្ហាញ មុខនាង ឲ្យទស្សនិកជនឃើញ នៅថ្ងៃ៧ ខែវិច្ឆិការខាងមុខនេះ នៅស្ថានីយទូរទស្សន៍បាយ័ន ហើយមានបទចម្រៀង ថ្មីៗ ជាច្រើន មកបម្រើអារម្មណ៍ទស្សនិកជន..» ។
 
ក្រៅពីនិយាយតាមវិទ្យុ លោក ករុណា ពេជ្រ ក៏ហាក់រំភើបជាមួយដៃគូថ្មី និងមានជំនឿថា ដៃគូលើកនេះ មិនធ្វើឲ្យ លោក អស់សង្ឃឹមទេ ។ ម្យ៉ាងទៀតនឹងលុបបំបាត់ពាក្យនិន្ទាថា លោកច្រៀងតែជាមួយតារាល្បីៗ ដើម្បីបានល្បីឈ្មោះ ខ្លួនឯង៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា