ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែសីហា ម្សិលមិញនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះព័ត៌មានដែលត្រូវបានចែកចាយយ៉ាងឆាប់រហ័ស និងល្បីពេញបណ្តាញសង្គម អំពីឪពុកភិន សុដាលីស ប្រកាសសង្គ្រាមជាមួយនឹង លោក ប៉ែន ចំរ៉ុង ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោមវត្តមានចូលរួម ពីសំណាក់អ្នកសារព័ត៌មានជាច្រើនរូប និងជាច្រើនស្ថាប័ន។

លោកអ៊ិន សុភិន ឪពុកភិន សុដាលីស និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ទាំងក្តៅស្លឹកត្រចៀកមិនទាន់បាត់តាំងពីយប់ ថ្ងៃទី២៦ ខែសីហា ដោយបានលើកឡើងថា រូបលោកបានវាយ ​និង «ធាក់» តារាសម្តែង លោក ប៉ែន ចំរ៉ុង ចំនួន៣ជើង ដោយផ្ទាល់ ក្រោយពេលដែលឃើញរូបគេ នៅក្នុងឡានជាមួយនឹងកូនស្រីលោក កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៦ ខែសីហា ខណ:ដែលរូបលោកធ្លាប់បាននិយាយគ្នាជាមួយនឹង កូនស្រី និងប៉ែន ចំរ៉ុង រួចហើយ ឲ្យពួកគេបញ្ឈប់ទំនាក់ទំនងស្នេហាជាមួយគ្នាតទៅទៀត។ យ៉ាងណាមិញ ប្រិយមិត្តភាគច្រើនអាចនឹងជ្រាបរួចហើយ អំពីការប្រើហិង្សានេះ ប៉ុន្តែមូលហេតុ និងកត្តាចំបង ដែលនាំឲ្យលោក អ៊ិន សុភិន ជាឪពុក អត់ទ្រាំលែងបានដូច្នេះ អាចនៅមានមន្ទិល និងចម្ងល់ សំរាប់មិត្តអ្នកអាននៅឡើយ។

«ពីដំបូង កូនញុមប្រាប់ថា គាត់ឈប់ដើរជុំគ្នាហើយ អត់មានអីទេ ដឹងថាយើងអត់ពេញចិត្តហើយ ក្រុមគ្រួសារយើងក៏អត់ពេញចិត្ត។ យើងមិនមែនស្អប់គាត់ក្នុងអាជីពជាអ្នកសិល្ប:អីទេ តែស្អប់ចរិកគាត់ ដែលមិនផ្តល់ភាពកក់ក្តៅឲ្យគេ មកស្រលាញ់កូនគេ អ្វីៗចង់បានតែពីគេ ហើយធ្វើរិកជ្រុលពេក ធ្វើដូចគេហ្នឹងអត់មានតម្លៃ មានតម្លៃតែម្នាក់គាត់។ គេ(ចំរ៉ុង)ថាទៅណា ទៅជុំគ្នាតើ ថតជុំគ្នាអី អត់ថាអីទេ តែខ្ញុំប្រាប់ថា កុំឲ្យឃើញដើរតែពីរនាក់ កុំឲ្យគេមើលងាយដល់ក្រុមគ្រួសារញុម បងគេប្រាប់ហើយ ថាកូនយើងតេទៅគេ បបួលគេទៅដើរ តែចៃដន្យល្ងាចមិញ ខ្ញុំកំពុងឈរមើលដី (ជាប់ផ្ទះ) ម៉ោង១០យប់ តាំងពីម៉ោង ៩ និយាយជាមួយ តុលា ព្រោះខែដប់ ត្រូវចាប់ផ្តើមសង់។ ដឹងគ្រប់វិនាទីដែលគេដើរ និងកូនខ្ញុំដើរ ខ្ញុំមានអ្នកតាមដានរហូត ចឹងខ្ញុំប្រាប់ថាចំរ៉ុង កំពុងជិះឡានជាមួយកូនញុម មកដល់មុខផ្ទះញុម នៅម៉ោង១០ ខ្ញុំទាយត្រូវ ខ្ញុំក៏ឈរចាំរហូត។ ខ្ញុំចុចកុងតាក់បើកទ្វារឲ្យឡានកូនចូល ប៉ុន្តែចៃដន្យឡានហ្នឹងអត់ចូល តែខ្ញុំដឹងហើយថាចំរ៉ុង នៅក្នុងឡានហ្នឹង។ គេក៏អត់ព្រមបើកឡានចូលក្នុង គេចាំនៅក្រៅ មកដល់អត់ព្រមបើកឡានចូលក្នុង មួយសន្ទុះគេ(ចំរ៉ុង)ដើរចេញពីឡានមក។ ខ្ញុំសួរថាម៉េចនៅធ្វើចឹងទៀត កាលមុនថាកូនខ្ញុំទៅរកអ្នកឯងដល់ផ្ទះ ថាកូនខ្ញុំចេះតែតេទៅ ដល់ឥឡូវគាត់(ចំរ៉ុង) មកដល់ផ្ទះយើងហ្មង ខ្ញុំបានប្រាប់មុនហើយតើ ជួបកន្លែងណា ខ្ញុំវាយកន្លែងហ្នឹង ខ្ញុំប្រាប់កូនខ្ញុំថាកុំឲ្យខ្ញុំឃើញ ខ្ញុំឃើញកន្លែងណា គឺខ្ញុំវាយកន្លែងហ្នឹង ខ្ញុំសុខចិត្តជាប់គុកឲ្យមើល ខ្ញុំមិនជួលខាងណាឲ្យអស់លុយខ្ញុំទេ គឺខ្ញុំវាយដោយខ្លួនខ្ញុំហ្មង ខ្ញុំក៏ធ្លាប់ព្រលយពាក្យហ្នឹងដែរ។ ទើបខ្ញុំវាយ ធាក់ប៉ុន្មានជើង តែគេអត់ ត ទេ ឃើញចឹងកូនខ្ញុំ មកឃាត់មកអីចឹងទៅ … អ្វីៗយើងបាននិយាយគ្នាហើយ។ បន្ទាប់មក ខ្ញុំក៏បានទាញកូនខ្ញុំចូលក្នុងផ្ទះ»។ នេះជាសម្តីលោក អ៊ិន សុភិន បានផ្តល់ ដែលគេហទំព័រខ្មែរឡូត សូមធ្វើការដកស្រង់យ៉ាងដូច្នេះ ហើយក៏ជាចំណុចក្តៅ ធ្វើឲ្យកើតមានការប្រើហិង្សា និងធ្វើសន្និសីទសារព័ត៌មាន ប្រកាសសង្គ្រាម ជាមួយនឹងលោក ប៉ែន ចំរ៉ុងផងដែរ។

ងាកមកមូលហេតុ ដែលនាំឲ្យលោក អ៊ិន សុភិន មិនពេញចិត្តនឹងលោក ប៉ែន ចំរ៉ុង វិញ លោកបានថ្លែងថា​ ព្រោះតែចរិករបស់គេ (ចំរ៉ុង) មិនផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារលោក។ «ណាមួយ ដែលយើងឈឺចាប់បំផុត នៅពេលមកជួប យើងនិយាយត្រឹមត្រូវហើយអស់ហ្នឹង យើងអង្វរវិញទៀត ថាឲ្យផ្តាច់ទំនាក់ទំនងគ្នាទៅ ព្រោះមិនអាចធ្វើការជាមួយគ្នាកើតទេ មិនអាចទទួលយកបានទេ តែមិនស្អប់ខ្ពើមអីទេ គ្រាន់តែខាងខ្ញុំ មិនអាចទទួលយកបាន។ ទីមួយ ចំរ៉ុង គេគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជ្រុលពេក គាត់មិនមានលះបង់ពេលវេលាណា ដើម្បីក្រុមគ្រួសារខ្ញុំ ឬ ក្រុមហ៊ុនខ្ញុំទេ មិនដែលថតFree មិនដែលចំណាយពេលវេលាណាឲ្យយើង ចង់បានលុយពីយើង ចង់បានអ្វីៗតែពីយើងរហូត សូម្បីឪពុកម្តាយណា ក៏មិនឲ្យកូនដែរ ព្រោះចរិកយើងមិនផ្តល់ភាពកក់ក្តៅ ដល់ក្រុមគ្រួសារគេទេ»។ នេះបើតាមការអះអាងរបស់លោក អ៊ិន សុភិន។

លោក អ៊ិន សុភិន បញ្ជាក់ទៀតថា៖ «ខ្ញុំសូមប្រកាសសង្គ្រាមជាមួយចំរ៉ុងថ្ងៃហ្នឹងហ្មង​ សូមប្រកាសចឹង។ ខ្ញុំនឹងធ្វើឲ្យដល់ទីបញ្ចប់។ មិនចង់បានមនុស្សដែលយកកូនគេមកលេងសើច គ្រួសារគេមកលេងសើច ថ្ងៃនេះអ្នកឯងសន្យាចេះ ស្អែកឡើងអ្នកឯងធ្វើចុះ ដូចជាមិនសម។ សូម្បីអ្នកលក់បន្លែតាមផ្សារ ក៏គេមានតម្លៃគេដែរ»។ លោកបន្តថា៖ «ដំណោះស្រាយ គឺគាត់បញ្ចប់រឿងហ្នឹង ឈប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារខ្ញុំ ជាមួយរឿងអ្វីៗទាំងអស់។ ហើយខ្ញុំអត់ប្រើក្រៅពីដៃខ្ញុំ ជើងខ្ញុំ ខ្លួនខ្ញុំទេ។ បើសិនជាគាត់ចង់ដោះស្រាយ ឲ្យគាត់ធ្វើតាមសម្តីដែលគាត់ ធ្លាប់បាននិយាយជាមួយខ្ញុំពីមុនមក។ បើគាត់បញ្ឈប់ ខ្ញុំនឹងឈប់ តែបើគាត់បន្ត នឹងមានបញ្ហាជាមួយខ្ញុំរហូត។ ក្នុងរឿងស្នេហាមួយ ឈប់ឲ្យពាក់ព័ន្ធ។ ក្រុមគ្រួសារ ញាតិមិត្ត មិនអាចទទួលយកបាន ព្រោះក្មេងហ្នឹង គិតតែហោប៉ៅខ្លួនឯង ផលប្រយោជន៍ផ្ទាល់ខ្លួន»។ សូមប្រិយមិត្ត ទស្សនាវីដេអូខាងក្រោម៖


វីដេអូខាងក្រោម៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង