ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​រង​ការ​ចោទប្រកាន់​ពីយុវនារី​​ជា​សិស្ស​ថា្ន​ក់​ទី​១២ មាន​​អាយុ​១៩​ឆ្នាំ​ម្នាក់​ថា បាន​បញ្ឆោត​នាង​ឱ្យ​ចូល​បន្ទប់​ស្នាក់​នៅ​ជាប់​កន្លែង​ធ្វើការ​របស់​លោក​​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ត្រឡាច រួច​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល និង​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥ ។ ប៉ុន្តែ​រឿងរ៉ាវ​ដែល​មិន​គួរ​កើត​មាន​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​ដែល​យុវនារី​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, នៅ​មន្ទីរ​កិច្ច​នារី​ខេត្ត និង​អង្គការ​សិ​ទ្ឋិ​មនុស្ស​នានា​ក្នុង​ខេត្ត ។ បើ​ទោះបី​បែប​នេះ​ក្តី​លោក​អធិការ​រូប​នោះ​និយាយ​ថា ពួក​យើង​បាន​ស្រឡាញ់​គ្នា​នោះ​ទេ ។   

លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​ពិតជា​បាន​ទទួល​ពាក្យបណ្តឹង​នារី​រង​គ្រោះ​ពិតមែន ដោយ​ចោទ​លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ថា​ បាន​ចាប់​នាង​រំលោភ​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ប៉ុន្តែ​នាង​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ដូច្នេះ​វា​ជា​រឿង​ចូល​ដល់​ស៊ើបអង្កេត ។

ក្នុង​ពាក្យបណ្តឹង​នារី​រង​គ្រោះ​វ័យ​១៩​ឆ្នាំ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​១២ ក្នុង​វិទ្យាល័យ​មួយ​ក្នុងស្រុក​កំពង់ត្រឡាច បាន​រៀបរាប់​ថា នាង​បាន​ស្គាល់​លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ។ ក្នុង​ថ្ងៃ​ទិវា​ដង្ហែ​ក្បួន​ប្រឆាំង​ជម្ងឺ​អេដស៍​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៥  ដោយ​សុំ​រាប់អាន​គ្នា​ជា​ពូ​និង​ក្មួយ ក្រោយមក​គាត់​បាន​សុំ​ម្តាយ​ខ្ញុំ​ធ្វើ​ជា​ម្តាយធម៌ ។ ចាប់ពី​ពេល​នោះ​មក គ្រួសារ​ខ្ញុំ​បាន​រាប់អាន​គ្នា​ជាមួយ​គាត់​ជា​ធម្មតា ប៉ុន្តែ​ក្រោយ​ៗ​មក​ទៀត​គាត់​បាន​ក្បត់​ និង​ការ​រាប់អាន ដោយ​បាន​ចាប់​ខ្ញុំ​រំលោភ​ចំនួន​៣​លើក តែ​២​លើក​មុន​មិន​បាន​ស​ម្រ​ច​ គឺ​ថ្ងៃ​ទៅ​៣០ ខែមិថុនា និង​ថ្ងៃ​ទី​៥ កក្កដា ។ លុះដល់​ថ្ងៃ​ទី​១១ ខែកក្កដា គាត់​បាន​ហៅ​ឱ្យ​ខ្ញុំ​ទៅ​យក​ម៉ូតូ​ជិៈ មុន​ដំបូង​ខ្ញុំ​ប្រកែក តែ​ដោយសារ​ខ្ញុំ​ទាល់ ព្រោះ​ចាំបាច់​ត្រូវ​ទៅ​មើល​យាយ​ឈឺ ក៏​បង្ខំចិត្ត​ជិៈ​ម៉ូតូឌុប​ទៅ​យក​ម៉ូតូ​ពី​គាត់​ជិៈ តែ​ពេល​ទៅ​ដល់​គាត់​បាន​ប្រើ​ខ្ញុំ​ឱ្យទៅ​យក​ទូរស័ព្ទ​នៅ​ក្រោម​កន្ទេល​ដេក​ក្នុង​បន្ទប់​របស់​គាត់ ពេល​ខ្ញុំ​កំពុង​រក​ទូរ​ស័ព្ទ​​ ស្រាប់តែ​គាត់​មក​ចាប់​ខ្ញុំ​ឱប​ពីក្រោយ ហើយ​ខ្ទប់មាត់​ខ្ញុំ​លើកដាក់​លើ​គ្រែ ដើម្បី​រំលោភ ពេល​ខ្ញុំ​រើបម្រះ​គាត់​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​គម្រាម ទះកំភ្លៀង និង​មួល​ភ្លៅ ព្រមទាំង​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

ក្រោយ​ពី​នោះ​មក​ខ្ញុំ​ទ្រាំ​នឹង​ការ​ឈឺចាប់​មិន​បាន ក៏​សម្រេច​យក​រឿង​នេះ​ប្រាប់​ម្តាយ​ខ្ញុំ ទើប​សម្រេច​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។ 

លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​វិញ​បាន​ធ្វើការ​បដិសេធន៍​ថា  រូប​គាត់​មិន​បាន​យក​កាំភ្លើង​ភ្ជង់ វាយដំ បង្ខំ​នាង​ចាប់រំលោភ​នោះ​ទេ តាម​ពិត​រវាង​នាង​និង​ខ្ញុំ គឺជា​មនុស្ស​ស្រឡាញ់​គ្នា​នោះ​ទេ ។ ពួក​យើង​បាន​ស្រឡាញ់​គ្នា​ជាង​មួយ​ខែ​មក​ហើយ ដោយ​បាន​ដេក​នៅ​ជាមួយ​គ្នា​នៅផ្ទះ​សំណាក់​ចំនួន​៣​ដង នៅ​ផ្សារ​ឧ​ដ្តុ​ង្គ ។

លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥ បើសិនជា​មានការ​វាយដំ បង្ខំ និង​ប្រើ​កាំភ្លើង​មែន​នោះ មិនមែន​នៅ​ថ្ងៃ​ទី​១២ ជា​ថ្ងៃ​បន្ទាប់​នារី​នោះ​ព្រមឱ្យ​ខ្ញុំ​ជូន​ទៅ​ខួបកំណើត​បងប្អូន​នៅ​ភ្នំពេញ​នោះ​ទេ  និង​ថ្ងៃ​បន្ទាប់​ៗ​មក​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ពួក​យើង​បាន​ជួប​ជជែក​គ្នា​ជា​ធម្មតា​នៅ​កន្លែងធ្វើការ​របស់ខ្ញុំ​នោះ​ឡើយ នេះ​ជា​រឿង​មនុស្ស​ស្រឡាញ់​គ្នា ។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៥ លោក ក្រូច ឈឺ​ន ស្នងការ​រង​នគរបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​នគរបាល​ក្រុម​បច្ចេកទេស​ព្រហ្មទណ្ឌ​ខេត្ត​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ ដែល​ជា​បន្ទប់​ស្នាក់​នៅ​របស់​លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដោយ​មានការ​ចូលរួម​ចង្អុល​បង្ហាញ​ពី​នារី​រង​គ្រោះ និង​មានការ​ចូលរួម​ពី​ក្រុម​គ្រួសារ​ផង ។

លោក ក្រូច ឈឺ​ន ស្នងការ​រង​នគរបាល​ខេត្ត ក្នុង​ពេល​ពិនិត្យ​កន្លែង​កើតហេតុ បាន​និយាយ​ឱ្យ​ក្រុម​អ្នកកាសែត​ដឹង​ថា ករណី​នេះ​គឺជា​បទល្មើស​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ព្រោះ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ឡើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដែល​មាន​ប្រ​ព​ន្ឋ​កូន​ទៅ​ហើយ ត្រូវ​បាន​លោកស្នងការ​ហៅ​ទៅ​ធ្វើ​របាយការណ៍​បំភ្លឺ​នៅ​ស្នងការដ្ឋាន​មួយ​យប់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​ទទួលទោស​អ្វី​នៅឡើយ​ទេ ក្រោម​​ហេតុផល​ស្ថិត​ក្នុង​ការ​ស៊ើប​ង្កេ​ត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]