ភ្នំពេញ៖ តារាចម្រៀងដ៏ ល្បាញល្បី របស់ផលិតកម្ម ថោន លោក ខេម ត្រូវបានប្រភព បង្ហើបថាលោក កំពុងតែត្រៀម ខ្លួនឡើងវីឡាថ្មី ដែលមានតម្លៃ ប្រមាណជិត ២០ម៉ឺនដុល្លារ នៅពេលខាងមុខដ៏ខ្លីនេះ ហើយជាដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រ និងមហាជនទូទៅ ខណៈដែល ខេម ទើបតែចូលសិល្បៈ រយៈពេលតែប៉ុន្មានឆ្នាំសោះ អាចមានលទ្ធភាព សង់ផ្ទះវីឡា យ៉ាងស្កឹមស្កៃ តម្លៃរាប់ម៉ឺនដុល្លារ មិនចាញ់តារាចម្រៀងល្បីៗ ក្នុងទ្រនំជាមួយគ្នាឡើយ។

ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅមួយ ពីផលិតកម្ម ថោន បាននិយាយថា តារាចម្រៀងសំនៀងស្អក ខេម កំពុងតែរវល់ជាមួយនឹងការ រៀបចំឡើងគេហដ្ឋាន ដ៏ស្កឹមស្កៃរបស់លោក នៅម្ដុំព្រែកព្នៅ ដែលជាគេហដ្ឋាន ដ៏ប្រណីតមួយ សាងសង់អស់ប្រាក់ ប្រមាណជិត ២០ម៉ឺនដុល្លារ។ លុយដែលយកមក សាងសង់វីឡានេះ ត្រូវបានគេដឹងថា ជាលុយដែល លោកបានសន្សំ ពីសិល្បៈសុទ្ធសាធ មិនមានអ្នកណា ឧបត្ថម្ភឲ្យលោកនោះទេ ព្រោះបច្ចុប្បន្នតម្លៃខ្លួន លោកចេញច្រៀងម្ដងៗ រាប់ពាន់ដុល្លារឯណោះ ពោលមិនមែន ហាហុកសិបដុល្លារ ដូចមុនទេ ។

ប្រភពដដែល បាននិយាយថា កម្មវិធីនេះ នឹងធ្វើនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ហើយ ខេម អញ្ជើញតែតារាសិល្បៈ ក្នុងផលិតកម្ម និងតារាសម្ដែង ឲ្យបទចម្រៀងលោកប៉ុណ្ណោះ ក្រៅពីនេះ មិនត្រូវបាន អញ្ជើញទេ ព្រោះមិនចាំបាច់ហ្នឹង និងមិនស្និទ្ធស្នាល ហៅច្រើនពិបាក គ្រប់គ្រងកម្មវិធី ។

គេកត់សម្គាល់ឃើញថា តារាចម្រៀងដែលមាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភ រស់នៅក្នុងផ្ទះ បែបវីឡាស្កឹមស្កៃ មានលុយរាប់ ម៉ឺនដុល្លារ នៅក្នុងផលិតកម្ម ថោន គឺមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្រៅពីនោះ ហាក់មិនមាន តារាចម្រៀងណា ដែលហ៊ឺហារ បែបនេះណាស់ ។ តែពេលនេះ ខេម ក៏ចូលក្នុងចំណោម តារាទាំងនោះដែរ មានដូចជា លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ កញ្ញា សាសា និងអ្នកនាង មាស សុខសោភា ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា