ព្រះសីហនុ ៖ សេដ្ឋីរុស្ស៊ីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះពស់ នៅក្រុងព្រះសីហនុ ត្រូវបាន កម្លាំងកង រាជអាវុធហត្ថខេត្ត ចូលទៅចាប់ ខ្លួនចេញពីផ្ទះ នាំយកទៅប្រគល់ឲ្យ តុលាការ យោងទៅ តាមដីកាបង្គាប់ ឲ្យនាំខ្លួន ដែលចេញដោយ ចៅក្រមស៊ើបសួរ នៃសាលា ដំបូងខេត្តព្រះសីហនុ។

ប្រតិបតិ្តការឃាត់ខ្លួនសេដ្ឋីជនជាតិរុស្ស៊ី ចូលសញ្ជាតិខ្មែរខាងលើនេះ ប្រព្រឹត្តទៅកាល ពីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ទីតាំងផ្ទះពស់ ដែលជាផ្ទះកម្មសិទិ្ធរបស់ សេដ្ឋីជនជាតិ រុស្ស៊ីខាងលើ រស់នៅ មានទីតាំង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ សេដ្ឋីរុស្ស៊ី ដែលត្រូវ សមត្ថកិច្ចអាវុធហត្ថ ធ្វើការឃាត់ខ្លួន ត្រូវបានគេស្គាល់ ឈ្មោះ នីកូឡៃ ដូរូសិនកូ ភេទប្រុស អាយុជាង ៦០ឆ្នាំ ជាសេដ្ឋី ជនជាតិរុស្ស៊ី ដែលចូលមក រស់នៅនិង រកស៊ីនៅក្នុង ក្រុងព្រះសីហនុ តាំងពី ឆ្នាំ១៩៩២ -១៩៩៣ មកម៉្លេះ ដោយបច្ចុប្បន្ន បានចូលសញ្ជាតិ កម្ពុជាផងដែរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនសេដ្ឋីរុស្ស៊ី ឈ្មោះ នីកូឡៃ ខាងលើនេះ គឺយោងតាម ដីកាបង្គាប់ ឲ្យនាំខ្លួនដែលចេញ ដោយចៅក្រមស៊ើបសួរ លោក អ៉ី ឃាង ។

ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ការឃាត់ខ្លួនខាងលើ គឺបន្ទាប់ពីមានសេដ្ឋីជាជនជាតិ រុស្ស៊ីម្នាក់ទៀត គេស្គាល់ ឈ្មោះ ប៉ូឡេនស្គី ដែលរដ្ឋាភិបាល ប្រទេសរុស្ស៊ី កំពុងតាមរកចាប់ ខ្លួនបំផុត ក្នុងបទល្មើស ឆបោកប្រាក់ រាប់សិបលាន ដុល្លារ ពាក់ព័ន្ធការ វិនិយោគ សំណង់នៅ ក្នុងប្រទេសនោះ បានដាក់ពាក្យ បណ្តឹងទៅតុលាការ ពីបទក្បត់ ទំនុកចិត្ត ពាក់ព័ន្ធទៅ នឹងការចូល ហ៊ុនគ្នារកស៊ី បើកសណ្ឋាគារ នៅលើកោះ ដែកគោល ដែលមានទីតាំង នៅក្បែរកោះពស់ ។ មិនតែប៉ុណ្ណោះ ការចេញដីកាបង្គាប់ ឲ្យនាំខ្លួន គឺធ្វើឡើង បន្ទាប់ពីចៅក្រម ស៊ើបសួរ បានចេញដីកា កោះឲ្យចូល ខ្លួនទៅបំភ្លឺចំនួន ២លើក តែមិនព្រមចូលខ្លួន។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានអះអាងថា ជម្លោះនេះផ្តើមឡើងពីឈ្មោះ នីកូឡៃ ដែលបានសិទិ្ធ ធ្វើការអភិវឌ្ឍន៍ បើកសណ្ឋាគារ នៅលើកោះដែក គោលនោះ ក៏ត្រូវបានអូសទាញ ឲ្យចូលហ៊ុន ជាមួយគ្នា ជាមួយ នឹងសេដ្ឋីរុស្ស៊ី ដែលទើបមក ដល់ប្រទេស កម្ពុជា ឈ្មោះ ប៉ូឡេនស្គី ដែលគេ អះអាងថា ជាអ្នកមាន លុយច្រើនជាង។ ប៉ុន្តែនៅក្នុង ឆ្នាំ២០១២ សេដ្ឋីរុស្ស៊ីឈ្មោះ ប៉ូឡេនស្គីត្រូវ បានកម្លាំង សមត្ថកិច្ចធ្វើការ ចាប់ខ្លួន ពីបទប្រើ អំពើហិង្សា វាយកម្មករទូក របស់ខ្លួនទម្លាក់ទឹក។

ក្រោយចេញពីការឃុំខ្លួនវិញ សេដ្ឋី ប៉ូឡេនស្គី បានធ្វើការចោទប្រកាន់ដៃគូរកស៊ី របស់ខ្លួន គឺលោក នីកូឡៃ ពីបទលួចលក់ កោះដែកគោល រួមទាំងចោទ ពីបទផ្សេងៗទៀត ដើម្បី លេបយក ទ្រព្យសម្បតិ្តរបស់ខ្លួន។ តាំងពីសេដ្ឋី ដែលជាដៃគូ រកស៊ីជាមួយគ្នា ទាំងពីររូបខាង លើនេះ មានជម្លោះ ជាមួយគ្នា កាលណាមកអំពើហិង្សា រវាងភាគីទាំង សងខាង នៅលើ ទឹកដីក្រុងព្រះសីហនុ ចេះតែកើត មានជាបន្តបន្ទាប់ ជាពិសេសមួយ រយៈចុងក្រោយ នេះតែម្តង។ ក្នុងនោះបច្ចុប្បន្ននេះ គេដឹងថា រវាងសេដ្ឋីទាំង ពីររូបខាងលើសុទ្ធ តែធ្វើការលាក់ ខ្លួនរាងៗខ្លួន ដោយមិនហ៊ាន ចេញដើរ ផ្តេសផ្តាសនោះឡើយ ហើយរាល់ ការរកស៊ី ឬក៏ការបង្ក អំពើហិង្សាផ្សេងៗ ត្រូវបានគេ អះអាងថា គឺធ្វើឡើង តាមរយៈ ក្រុមដៃជើង ដែលជាបក្ខ ពួកខ្សែបណ្តាញ រាងៗខ្លួនតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា សេដ្ឋីរុស្ស៊ី ប៉ូឡេនស្គី បច្ចុប្បន្ននេះកំពុងតែប្រឈមទៅនឹងការចាប់ខ្លួន ដើម្បីធ្វើ បត្យាប័ន បញ្ជូនទៅកាន់ ប្រទេសរុស្ស៊ីវិញ ។ ក្នុងនោះ កាលពីពេលថ្មីៗនេះ នៅក្នុង ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តី ក្រសួងការ បរទេសកម្ពុជា គឺលោក ហោ ណាំហុង ទៅកាន់ ប្រទេសរុស្ស៊ី ក៏មានកិច្ចពិភាក្សា គ្នាពាក់ព័ន្ធ ទៅនឹងការធ្វើបត្យាប័ន សេដ្ឋីរុស្ស៊ី ឈ្មោះ ប៉ូឡេនស្គី នេះផងដែរ ហើយតាមដឹង នាពេលឆាប់ៗ ខាងមុខនេះ មន្រ្តីរបស់ ប្រទេសរុស្ស៊ី នឹងដឹកនាំគណៈ ប្រតិភូរបស់ ខ្លួនមួយក្រុម ធ្វើដំណើរមកកាន់ ប្រទេសកម្ពុជា ដើម្បីពិភាក្សា លម្អិតពាក់ព័ន្ធទៅ នឹងការធ្វើបត្យាប័ន នេះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ