ស្វាយរៀងៈ ក្មេងទំនើងម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន នៅផ្ទះរបស់ខ្លួន ក្នុងភូមិជីកដីឃុំ អណ្ដូងត្របែក ស្រុករមាសហែក បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែ កក្ដដា ឆ្នាំ ២០១២  ពីបទបានវាយសម្លាប់មនុស្សដោយចេតនា។

លោក វរៈសេនីយ៏ត្រី កែវ សុថា នាយរងការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជុន ខៃ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ ជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក មានមុខរបបធ្វើស្រែ ចំណែកជនរងគ្រោះ ឈ្មោះ ជិន ចាន់ថន អាយុ ២៣ ឆ្នាំ រស់នៅភូមិជាមួយគ្នា ហើយការចាប់ខ្លួននេះ គឺយោងទៅតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយ ជនរងគ្រោះ។

យោងតាមមន្រ្តីនគរបាលរូបនេះ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្ដដា កន្លងទៅ នៅក្នុងភូមិខាងលើ មានធ្វើពិធីបុណ្យឆ្លងផ្លូវ ហើយនៅពេលយប់ក៏មានចាក់ធុងបាស់រាំលេងកម្សាន្តផងដែរ។ ប៉ុន្តែពេល កំពុងរាំ កម្សាន្ត ស្រាប់តែមានទំនាស់មួយបានកើតឡើង រវាងក្មេងទំនើងមួយក្រុមមានគ្នា៥នាក់ បានវាយទៅលើយុវជនម្នាក់ នៅក្នុងវង់រាំ បន្ទាប់មកយុវជនរងគ្រោះ បានរត់ចេញពីកន្លែងរាំ ស្រាប់តែក្រុមក្មេងទំនើងមួយក្រុមនោះ បានរត់ដេញ តាមវាយពីក្រោយទៀត នៅពេលនោះបងប្រុសរបស់យុវជនរងគ្រោះ ឃើញគេដេញវាយប្អូន របស់ខ្លួនក៏បានរត់មកជួយប្អូន។

នគរបាលបានបន្តថា ពួកក្មេងទំនើងមួយក្រុម ក៏បានវាយបងយុវជនរងគ្រោះ ថែមទៀត ពេលនោះប្អូន ក៏បានរត់ត្រលប់មកជួយ បងរបស់ខ្លួនក៏ត្រូវឈ្មោះ ជុន ខៃ វាយមួយព្រនង់ចំក្បាល បណ្ដាលឲ្យរងរបួសជាធ្ងន់ បន្ទាប់មកឪពុកម្ដាយជនរងគ្រោះបាននាំកូនរបស់ខ្លួន មកកាន់មន្ទីរពេទ្យ ខេត្តតែមុខរបួសមិនធូរស្រាល ក៏បានបញ្ចូនបន្តទៅប្រទេសវៀតណាមបន្តទៀត នៅតែមិនជាក៏ស្លាប់តែម្ដង។ បន្ទាប់ពីកូនរបស់ខ្លួនស្លាប់ ពួកគាត់ក៏បានដាក់ពាក្យបណ្ដឹង មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្ដឹងឈ្មោះ ជុន ខៃ ពីបទសម្លាប់កូនគាត់។

លោកវរៈសេនីយ៏ត្រីបានបន្តថា បន្ទាប់ពីរទទួលបានពាក្យបណ្ដឹង នគបាលក៏បានចុះទៅចាប់ជនជាប់ចោទ នៅផ្ទះរបស់ខ្លួន នៅក្នុងភូមិកើតហេតុខាងលើ ហើយនគរបាល និងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ក្នុងពេលឆាប់នេះ៕

Photo by DAP-NEWS

ដោយៈ គុជ វិភាគ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]