ភ្នំពេញ៖ គោលដៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក្រោមពាក្យស្លោក “សហគមន៍តែមួយវាសនាតែមួយ” គឺជា ប្រធានបទចម្បងបំផុត សម្រាប់ជនកម្ពុជាគ្រប់រូប។ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការ សម្រេច គោលដៅនេះ ក្រុមហ៊ុនអារីហ្សូនគ្រុប ដែលមានបុត្រសម្ព័ន្ធ៖ ស្ថាប័នអប់រំអារីហ្សូន (សាលាអន្តរជាតិញូវយ៉កនិង សាលារៀនអារីហ្សូនកម្ពុជា) ក្រុមហ៊ុនអចលនទ្រព្យអារីហ្សូន ក្រុមហ៊ុនអារីហ្សូន អាហ័រណ នីហ័រណ បានដាក់ចេញ នូវផែនការ យុទ្ឋសាស្រ្តរយៈពេល ៥ឆ្នាំ ក្នុងទិសដៅពង្រឹងគុណភាព សេវាអប់រំស្របតាមនិយាមជាតិ តំបន់ និងអន្តរជាតិ ពីកម្រិតថ្នាក់ មត្តេយ្យ ដល់ មធ្យមសិក្សាទុតិយភូមិ។

ជាក់ស្តែងនាព្រឹក ថ្ងៃទី ២៦ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ នៅសាលប្រជុំ សាលាអន្តរជាតិញូវយ៉កសាខាអូរឫស្សី គណៈគ្រប់គ្រងសាលាបានរៀប ចំពិធីសំណេះសំណាល និងផ្តល់រង្វាន់ដល់ជ័យលាភី សិស្សពូកែផ្នែកគណិតវិទ្យា ថ្នាក់ជាតិដែលបានប្រឡងជាប់ ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយប្រាក់ ទូទាំងប្រទេស ក្រោមអធិបតីភាពលោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុនអារីហ្សូនគ្រុប និងជាអគ្គនាយក សាលាអន្តរជាតិញូវយ៉កនិង សាលារៀនអារីហ្សូនកម្ពុជា ព្រមទាំងមានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ បុគ្គលិកលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សផ្នែកខេមរភាសា ប្រមាណជាង២ ០០នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើមកម្មវិធី លោកស្រី ណោម សុវណ្ណនី នាយិកាសាលាអន្តរជាតិញូវយ៉ក សាខាអូរឫស្សីបានឡើងថ្លែង សន្ទរកថាស្វាគមន៍ដល់ អង្គពិធីយ៉ាងកក់ក្តៅ ដោយសង្កត់ធ្ងន់ទៅលើការបង្រៀន របស់គ្រូ និងការរៀនសូត្ររបស់សិស្សានុសិស្ស។ ជាកិច្ចបន្ទាប់ សិស្សឈ្មោះ ម៉េងតិចហៀង ដែលទទួលបានជ័យលាភីលេខ២មេដាយប្រាក់ ផ្នែកគណិតវិទ្យាទូទាំង ប្រទេស បានបញ្ជាក់ពីការខិតខំព្យាយាម សិក្សារៀនសូត្ររបស់ប្អូន ក៏ដូចជាការចែករំលែកនូវរាល់ បទពិសោធន៍ ផ្សេងទៀតដែលប្អូនមាន ដល់មិត្តភ័ក្រដើម្បីឈានទៅ រកភាពជោគជ័យគួ រជាទីមោទន ភាពដូចប្អូនដែរ។ ក្នុងឱកាសនោះដែរ លោក ស៊ាង សុវណ្ណរិទ្ធ ដែលជាសាស្រ្តាចារ្យគណិតវិទ្យា បានឡើងបញ្ជាក់បន្ថែមពីការ ខិតខំព្យាយាមរៀនសូត្រ និងសីលធម៌រស់នៅដ៏ល្អប្រសើររបស់សិស្ស ម៉េង តិចហៀង ព្រមទាំងបានផ្តាំផ្ញើដល់សិស្សានុសិស្សទូទៅ ឱ្យយកចិត្តទុកដាក់ធ្វើជាគំរូតាមតទៅអនាគត។

ថ្លែងបិទអង្គពិធី លោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុន អារីហ្សូនគ្រុប និងជាអគ្គនាយកសាលាអន្តរជាតិញូវយ៉ក និងសាលារៀនអារីហ្សូនកម្ពុជា បានមានមតិសំណេះសំណាលជាមួយ មាតាបិតាសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះ គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងទៅអនាគតគឺជាពលរដ្ឋល្អ ។ ជាបញ្វប់លោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុន អារីហ្សូនគ្រុប និងជាអគ្គនាយកសាលា អន្តរជាតិញូវយ៉ក និងសាលារៀនអារីហ្សូនកម្ពុជា បានប្រគល់រង្វាន់លើក និងប្រកាសផ្ដល់អាហារូករណ៍រយៈពេល៣ឆ្នាំបន្តបន្ទាប់រហូតបញ្ចប់កម្រិតទុតិយភូមិ ដល់សិស្ស ម៉េង តិចហៀង ។ ទាំងនេះពិតជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត និងជោគជ័យដ៏ល្អវិសេសវិសាល មួយសម្រាប់វិស័យអប់រំជាតិ របស់ សាលាអន្តរជាតិញូវយ៉ក និងសាលារៀនអារីហ្សូនកម្ពុជា ក្រោមការដឹកនាំរបស់លោក វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការ គណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុនអារីហ្សូនគ្រុប និងជាអគ្គនាយក សាលាអន្តរជាតិញូវយ៉កនិង សាលារៀនអារីហ្សូនកម្ពុជា និងដោយមានការចូលរួមប្រកប ដោយការតាំងចិត្តខ្ពស់របស់គណៈគ្រប់ គ្រងសាលាគ្រប់ជាន់ ថ្នាក់ លោកគ្រូ អ្នកគ្រូ កម្មករ និយោជិក និងសិស្សផ្ទាល់ខ្លួន។ គួររំលឹកថា សាលាអន្តរជាតិញូវយ៉ក ត្រូវបានបង្កើតឡើងតាំងពីខែកក្កដា ឆ្នាំ១៩៩៦ មានសាខាសរុបចំនួន១៨នៅ ទូទាំងខេត្ត រាជធានី និងមានសិស្សានុសិស្សជិតពីរម៉ឺននាក់ ពីកម្រិតមត្តេយ្យ ដល់មធ្យមសិក្សាទុតិយភូមិ ដោយ ប្រើប្រាស់កម្មវិធីសិក្សាជាតិ និងអន្តរជាតិ រួមទាំងសេវាគាំទ្រផ្សេងៗ ដូចជា៖ ធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលសម្រាប់ សិស្សានុសិស្ស សកម្មភាពក្រៅកម្មវិធីសិក្សារួមមាន សិល្បៈ កីឡា វប្បធម៌ អរិយធម៌ កម្មវិធីបំណិនជីវិត កម្រិតជាតិ និងអន្តរជាតិផងដែរ៕



បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]