ថ្ងៃនេះជា ថ្ងៃសម្ពោធខ្សែភាពយន្តខ្មែរ ថ្មីមួយទៀតនៅរោងភាពយន្ត លីជេន (ផ្សារស៊ីធីម៉ល) ដែលជារឿងបែបជាខ្មោចបិសាចគឺ រឿងក្រឡអីហ្នឹង ខណៈពេលដែលរឿងនេះ បានធ្វើការចាក់បញ្ចាំងជាលើក ដំបូងនៅរោងភាពយន្ដលុច្ស កាលពីចុងខែមិនាមុននេះ។ ក្នុងនោះដែរ មានមនុស្សយ៉ាងច្រើន កុះករដើម្បី មករង់ចាំទស្សនា។

រឿងក្រឡអីហ្នឹង របស់ផលិតកម្ម LD Picture ដែលជា វណ្ណកម្មថ្មីលើកទី៦ បានដឹកនាំសាច់រឿងដោយ លោកសៀកលីដា និងមានតួអង្គល្បីៗ ជាច្រើនដូចជា លោក ជា សុវណ្ណនរាហ៍ អ្នកនាង សារាយ សក្ខណា អ្នកនាង សុខ សោមាវត្តី នាយពាក់មី នាយគ្រឿន នាយក្រូច អ្នកនាងខ្ញុង អ្នកនាងអ៊ីត លោកបីអាយជី ។ ដោយសារតែរឿងនេះ មានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជនខ្លាំង ទើបធ្វើអោយក្រុមការងារ ខ្មែរឡួត ចុះមកយកពត៌មាន ដោយផ្ទាល់ នៅក្នុងរោងកុនលីជេន នៃថ្ងៃចាក់ផ្សាយដំបូងនេះផ្ទាល់តែម្ដង។

ចំពោះទិដ្ឋភាពនៅក្នុងរោងកុន៖

នៅពេលដែលមកដល់ អ្វីគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺមានមនុស្សជាច្រើន កំពុងឈរតំរង់ជួររង់ចាំ ទិញសំបុត្រ។ ចំនែកឯ នៅខាងក្នុងរោងភាពយន្តវិញ មានការតាំងផ្ទាំងរូបភាព តួសម្តែងសំខាន់ៗ ក្នុងសាច់រឿង ក្រឡអីហ្នឹង ដើម្បីទុកឲ្យប្រិយមិត្តថតរូបលេងជាមួយ ។



កិច្ចសំភាសន៏ ជាមួយបងស្រីម្នាក់ ដែលកំពុងរង់ចាំទស្សនារឿងនេះ៖

ជួបជាមួយបងស្រីធីតា  ជានិស្សិតមា្នក់ ដែលអញ្ជើញមករង់ចាំទស្សនា រឿងក្រឡអីហ្នឹង បានផ្តល់កិច្ចសម្ភាសន៏ អោយខ្មែរឡូតថា៖  "ថ្ងៃនេះគាត់បាន ចំនាយពេលមួយព្រឹក ដើម្បីមកមើលរឿងនេះ ពីព្រោះគាត់បានឃើញគេ ផ្សាយតាមបណ្តាញសង្គមហ្វេសបុក និងមានតារាល្បីៗ  និងអ្នកកំប្លែងជាច្រើនរូប ចូលរួមសម្តែង ទើបញ៉ាំងចិត្តគាត់ឲ្យ មកចង់ទស្សនាតែម្តង។"

ខ្លឹមសារសំខាន់ៗ ក្នុងសាច់រឿង៖

កាលពីយូរលង់ណាស់មកហើយ មានបុរសចំនាស់បាន កាន់ក្រឡមកផ្ញើរ នឹងយាយម្នាក់ រួចគាត់ក៏បានរត់បាត់ទៅ ដោយយាយនោះមិនដឹងថា ក្នុងក្រឡហ្នឹងជាអ្វីនោះទេ។ ចំពោះក្រឡនេះ ប្រសិនបើអ្នកណា បានទទួលហើយ គឺត្រូវតែស្នងទាយាទព្រាយ ។ ដូច្នេះបានធ្វើអោយ យាយចាស់នោះ បានក្លាយជាអាបធ្មប់ ប៉ុន្តែដោយមាន អ៊ំប្រុសម្នាក់ បានមកប្រាប់ចៅស្រីរបស់យាយនោះ  ថាត្រូវតែយកក្រឡ នោះទៅកប់អោយ ឆ្ងាយទើបអាចធ្វើអោយ យាយរបស់នាង និងអ្នកគ្រប់គ្នានៅក្នុងភូមិ មានសេចក្តីសុខបាន។ ប៉ុន្តែជាច្រើនឆ្នាំកន្លងផុតទៅ ក៏មានសិស្សសាលាប្រុស មួយក្រុមបានឃើញ និងគាស់ក្រឡនោះចេញយកមកក្រៅ ហើយបានធ្វើអោយបែកក្រឡនោះ ថែមទៀតផង។ ស្រាប់តែភ្លាមៗនោះ ក៏មានខ្មោចស្រីមួយបាន ចេញពីក្រឡរួចបានលងបន្លាចពួកគេ ពេញសាលារៀនតែម្តង។ ចុះបន្ទាប់មក តើសាច់រឿងនេះ នឹងទៅជាយ៉ាងណា?

ចំណាប់អារម្មណ៍ របស់ប្រិយមិត្ត បន្ទាប់ពីទស្សនារឿងនេះរួច៖

ជួបជាមួយ បងប្រុសដារិទ្ធ ដែលជាអ្នកចូលទស្សនាម្នាក់ ក្នុងរោងភាពយន្ដនេះ បានផ្តល់បទសំភាសន៍ ឲ្យក្រុមការងារ ខ្មែរឡូតថា "គាត់ពិតជាពេញចិត្ត ជាមួយសាច់រឿងនេះ យ៉ាងខ្លាំង ដែលធ្វើអោយគាត់ ផ្ទុះសំណើចតាំងពីដើម រហូតដល់ចប់សាច់រឿង។ ក្នុងនោះដែរ គាត់បានកត់សម្គាល់ ថាក្នុងសាច់រឿងក្រឡអីហ្នឹងនេះ បានផ្តល់នូវការអប់រំ លាយជាមួយពាក្យពេជន៏ កំប្លែងជាច្រើន និងបានបង្ហាញពីទំនៀមទំលាប់ខ្លះៗ ពីយុទ្ធសាស្រ្តចាប់ខ្មោចទៀតផង។"

នៅក្នុងនោះ ក្រុមការងារខ្មែរឡូត ក៏លឺអ្នកចូលទស្សនាដទៃទៀត នាំគ្នាលាន់មាត់ ថា សាច់រឿងនេះ ពិតជាទស្សនីយភាពប្លែក និងកំប្លែង ដែលសឹងតែពីដើម ដល់ចុងរឿងទៅហើយ តែបើសិនជា ប្រិយមិត្ដអ្នកអាន ចង់ដឹងពីសាច់រឿងនេះឲ្យកាន់តែច្បាស់ ថាពិតដូចជា គេនិយាយដែរឬទេ សូមទៅទស្សនាខ្សែភាពយន្ដនេះទាំងអស់គ្នា និងជួយដាក់ពិន្ទុទាំងអស់គ្នាផងដែរណា៕

ដោយ កា&និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី