ភ្នំពេញ៖ តារាចម្រៀងជើងយូរ ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស នាង ពេជ្រ សោភា គឺជាតារាស្រី មួយ ដួង ក្នុងចំណោមតារា ឯទៀត របស់ខ្មែរ ធ្លាប់ទទួលបាន នូវប្រជាប្រិយភាពខ្លាំងក្លា ពីសំណាក់ទស្សនិកជន តាម រយៈទឹកដមសំឡេងក្រអួនក្រអៅ និងមានរូបសម្រស់ ស្រស់សោភា ពេលនេះហាក់បង្ហាញនូវភាព ចុះខ្សោយ ប្រជាប្រិយភាព និងការគាំទ្របន្តិច ខណៈបទចម្រៀងរបស់នាង ហាក់ពុំសូវស្ថិតក្នុងបេះដូង ស្រទាប់យុវវ័យ ដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។

តារាចម្រៀង ជ្រកក្រោមដំបូលផលិតកម្ម ហងស្សមាស ឡើងចង់ដុះស្លែទៅហើយ កញ្ញា ពេជ្រ សោភា ត្រូវបាន អ្នកនិយមតាមដាន វិស័យសិល្បៈមើលឃើញថា ក្រោយភាពជាប់គាំង គ្មានបទចម្រៀងផ្ទុះ មួយរយៈពេលមក នោះ គឺភាពល្បីល្បាញរបស់នាង ហាក់ដូចជាមិនបានរក្សា រឹងមាំបានដូចមុនទៀតឡើយ ពោលគឺអាចនិយាយ បានថា ទៅថ្ងៃមុខអាច នឹងត្រូវធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្តងៗ ស្របពេលដែលផលិតកម្ម ហង្សមាស បច្ចុប្បន្ន កំពុង តែសម្រុកចេញបទចម្រៀងថ្មី ទៅឲ្យតារាចម្រៀងក្មេងៗជាច្រើនដួង ទើបតែចូលមកជ្រកក្រោម ដំបូល របស់ខ្លួន។

ក្នុងកាលៈទេសៈបែបនេះ កញ្ញា ពេជ្រ សោភា ជាតារាចម្រៀងចាស់វស្សា របស់ហង្សមាស ក៏ដូចជាបណ្តាអ្នក ចម្រៀងស្រី ចាស់-ថ្មី របស់ផលិតកម្ម ដែលមានទឹកដមសំឡេងពីរោះ ប្រហាក់ប្រហែលគ្នានោះ គឺត្រូវសំឡឹង មើលឲ្យឆ្ងាយ ទៅលើស្ថានភាពពិត ជាក់ស្តែង ដើម្បីជាឱកាស ក្នុងការរក្សា បាននូវកេរិ៍ឈ្មោះល្បី ការគាំទ្រពី សំណាក់មិត្តយុវវ័យ ព្រោះថាពេលនេះ រាល់តារាចម្រៀងទាំង អស់ កំពុងតែស្ថិតលើផ្លូវតែមួយ គឺការប្រកួតប្រជែង ដណ្តើម យកទីផ្សារសិល្បៈតាមរយៈបទចម្រៀង យ៉ាងសម្បើម។

ប្រភពខ្លះបានលើកឡើង ស្រដៀងគ្នាថា នៅពេលខាងមុខទៀត តើតារាចម្រៀង ពេជ្រ សោភា អាចរក្សាបាន ឥទ្ធិពល នៃការគាំទ្រ ក៏ដូចជាប្រជាប្រិយភាព បានឬយ៉ាងណា? បើទោះជាបទចម្រៀងរបស់នាង បានចេញវាយ លុកទីផ្សារ ជាហូរហែ ក៏ពិតមែន ប៉ុន្តែហាក់មិនសូវទទួលបាន ការគាំទ្រខ្លាំង ពីមហាជន ដូចពេលមុនៗឡើយ ។
ជាការពិត ភាពស្ថិតស្ថេរ សម្រាប់ការដណ្តើមបានទីផ្សារសិល្បៈ ដើម្បីឆ្ពោះទៅរកការគាំទ្រ និងរក្សាបាននូវប្រជា ប្រិយភាពឲ្យយូរអង្វែងនោះ គឺអាស្រ័យទៅលើការចូលរួម លើកទឹកចិត្ត និងផ្តល់ទំនុកចិត្ត ពីទស្សនិកជន តាម រយៈការបង្ហាញសមត្ថភាព និងទេពកោសល្យថ្មីៗនៃការច្រៀង និងសម្តែងរបស់តារាគ្រប់រូប ។ ពិសេសជាងនេះ ទៅទៀត ក៏មានគួបផ្សុំគ្នា ទៅលើបទចម្រៀង ទើបអាចទាញភាពល្បីល្បាញមកបាន។

ប៉ុន្តែប្រការដែល សំខាន់ជាងនេះ រាល់តារាចម្រៀង និងតារាសម្តែងទាំងអស់ ក៏ត្រូវគិតឡើងវិញ អំពីការរៀបចំ អត្តចរិក ឬក៏ឭកពារ ដែលមើលទៅស័ក្តិសម សម្រាប់ខ្សែភ្នែកមហាជន ជាអ្នកគាំទ្រ បើមិនដូច្នោះទេ ភាពល្បី និងកេរ្តិ៍ឈ្មោះក៏ងាយនឹង របេះបាត់ទៅវិញ នៅពេលណាមួយ ជាមិនខានឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា