ភ្នំពេញៈ ដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយ របស់តារាចម្រៀង សំឡេងស្អក លោក ទិត្យ វិច្ឆិកា នៅពេលថ្មីៗនេះ បន្ទាប់ ពីម្ចាស់ ក្លឹបកម្សាន្ត “ណាយក្លឹប” បានចេញផ្សាយ ជាសាធារណៈ នៅលើបណ្តាញ សារព័ត៌មានមួយ កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា កន្លងទៅ ដោយបានប្រកាស ឲ្យតារាចម្រៀងរូបនេះ ចូលខ្លួនមក ដោះស្រាយបំណុល ដែលជំពាក់ អស់រយៈពេល ជាច្រើនខែមកហើយ ។

បើតាមសម្តីរបស់ម្ចាស់ “ណាយក្លឹប” បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទថា មូលហេតុដែល លោក សម្រេចចិត្ត ប្រកាសជា សាធារណៈ លើសារព័ត៌មានឲ្យ លោក ទិត្យ វិច្ឆិកា ចូលខ្លួនមកដោះបំណុលជាមួយ លោកនោះ គឺដោយសារតារាចម្រៀងរូបនេះ បានជំពាក់លុយលោកជាង ២ពាន់ដុល្លារ អស់រយៈពេលជាច្រើនខែ មកហើយ ។ លោកមិនដែលឃើញ លោក វិច្ឆិកា យកលុយមកសង ឬក៏ទំនាក់ទំនងមកលោកដើម្បីសងប្រាក់ឡើយ ។ នៅពេលលោកទាក់ទងទៅ ក៏មិនលើកទូរស័ព្ទទៀត ដូច្នេះហើយបានជាលោក ត្រូវសម្រេចចិត្តប្រកាសជា សាធារណៈបែបនេះតែម្តង។

ចំពោះការលើកឡើង របស់ម្ចាស់ “ណាយក្លឹប” បែបនេះ បានធ្វើឲ្យតារាចម្រៀងមាឌឌំ លោក ទិត្យ វិច្ឆិកា ចេញ មុខបកស្រាយប្រាប់ LookingTODAY ឲ្យដឹង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា សម្រាប់ការចេញផ្សាយព័ត៌មាន របស់ ម្ចាស់ ក្លឹបកម្សាន្ត “ណាយក្លឹប” នោះ លោកចាត់ទុកថា ជាចេតនាជាន់ឈ្លីកេរ្តិ៍ឈ្មោះរបស់លោក ព្រោះថាតាម រយៈអ្វីដែលម្ចាស់ក្លឹបបាននិយាយថា លោកខ្ចីលុយជាង២ពាន់ដុល្លារនោះ មិនមែនជាការពិតឡើយ។ ប៉ុន្តែ លោក ទទួលស្គាល់ថា ចំពោះលោកនិងម្ចាស់ហាងនោះ ពិតជាមានបញ្ហារឿងលុយកាក់ជាមួយគ្នាប្រាកដមែន តែវាមិន មែនជាបំណុលផ្ទាល់ខ្លួន របស់លោកឡើយ ។

ម្ចាស់បទ “មន្តអាគមមហាស្នេហ៍” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា " សម្រាប់រឿងលុយ ជំពាក់ នោះ គឺមកពីពេល ដែល ខ្ញុំធ្វើការនៅហាងនោះ(ណាយក្លឹប) ក្រៅពីច្រៀង ខ្ញុំមានតួនាទី មើលការខុសត្រូវ និងមានតួនាទីចុះហត្ថលេខា លើលុយជំពាក់ របស់ភ្ញៀវ ទៀត ។ ដូច្នេះនៅពេល មានភ្ញៀវជំពាក់ ដែលលោកចុះហត្ថលេខា ស្ថិតនៅក្រោមការ ទទួលខុស គឺខ្ញុំជាអ្នកទទួលខុសត្រូវ ដូច្នេះនៅពេលភ្ញៀវមិនសង់ គឺខ្ញុំជាអ្នកសងជំនួស " ។

លោកបានប្រាប់ឲ្យដឹងទៀតថា កន្លងមកលោកធ្លាប់បាននិយាយ ជាមួយម្ចាស់ហាង ពីរឿងសងបំណុលនេះ ដោយ លោកនិងម្ចាស់ហាង ព្រមព្រៀងគ្នាថា លោកទទួលខុសត្រូវ ដោយសុខចិត្តឲ្យម្ចាស់ហាងកាត់ប្រាក់ ខែលោកក្នុង កម្រិត ណាមួយ ជារៀងរាល់ខែ ដើម្បីរំលោះ លុយជំពាក់នោះ ។

ប៉ុន្តែក្រោយពីនិយាយគ្នារួចម្ចាស់ហាងនោះ មានចេតនាកាត់បន្ថយការងារ របស់លោក ពីធ្វើការពេញ១ខែ មក ធ្វើការ ត្រឹមតែ ៥-៦ថ្ងៃ ក្នុងមួយខែវិញ។ ធ្វើឲ្យប្រាក់ចំណូល របស់លោកធ្លាក់ចុះ ហើយនៅពេលលោកច្រៀង នៅ ទីនោះ រយៈពេល៣ខែក្រោយ លោកមិនដែលបានបើកប្រាក់ ពីម្ចាស់ហាងទេ ហើយលោកក៏ មិនដឹងថា លុយដែល ជំពាក់នោះ ចំនួនប៉ុន្មាន ហើយលោកសងតាមរយៈការច្រៀងនោះ ក៏មិនដឹងថាសងបានប៉ុន្មានដែរ?

លោក វិច្ឆិកា បានប្រាប់ឲ្យដឹងទៀតថា ចំពោះរឿងជំពាក់លុយនោះ លោកមិនដែលគិតថា មិនសងទេតែដោយសារ ប្រាក់ ចំណូលនោះ តិចពេកទើបធ្វើឲ្យលោកត្រូវឈប់ពីការងារចាស់ ផ្លាស់ទៅរកការងារថ្មី ធ្វើដើម្បីរកលុយ មកសង។ លោកនិយាយថា "ក្រោយពីខ្ញុំចេញពីក្លឹបនោះ ខ្ញុំក៏បានប្រាប់គាត់ ថាខ្ញុំ នឹងរកលុយមកសងបំណុលនោះ ស្រាប់តែពេលនេះ គេ(ម្ចាស់ក្លឹប) បែរជា ចុះផ្សាយគ្មានការពិត ថា ខ្ញុំខ្ចីលុយគេយក ទៅទិញម៉ូតូទៅវិញ ។ ប្រសិន បើគេមានចេតនា ចុះផ្សាយបែបនេះ ខ្ញុំក៏សុំប្រាប់ថា ខ្ញុំធ្លាប់និយាយជាមួយគ្នាថា ខ្ញុំសង ។ តែគេបែរជាយកខ្ញុំទៅ ចុះផ្សាយធ្វើ ឲ្យអាប់ឱន កិត្តិយស ខ្ញុំគ្មានសល់ ..សួរថាតើខ្ញុំសប្បាយចិត្ត នឹងបន្តសងលុយគេទៀតឬអត់..?" ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា