ភ្នំពេញៈ តារាចម្រៀង គ្រងតំណែង លំដាប់កំពូល ជាច្រើនឆ្នាំ ជាប់ៗគ្នា ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បន្ទាប់ ពីបានដឹងថា លោកត្រូវទៅ ចូលរួមក្នុងកម្មវិធី គម្រប់ខួប៤០ឆ្នាំ ដែលមានប្រទេស ជាសមាជិកអាស៊ាន១១ប្រទេស ចូលរួមភ្លាម លោកបានឲ្យកវីនិពន្ធល្បី ឈ្មោះ លោក សួន ពិសិដ្ឋ និពន្ធបទ ចម្រៀងជាពិសេស ដល់លោក ដើម្បីយកទៅបកស្រាយ នៅក្នុង កម្មវិធី នោះភ្លែតតែម្ដង។ លើសពីនេះទៅទៀត ការចូលរួមកម្មវិធីនេះ បានធ្វើឲ្យ តារាចម្រៀង ព្រាប សុវត្ថិ មានក្តីសង្ឃឹម និងភាពជឿជាក់ យ៉ាងខ្លាំងថា នឹងទទួលបានជោគជ័យ លើកស្ទួយមុខមាត់ ប្រទេសជាតិ នៅលើឆាកអន្តរជាតិ ។

តារាចម្រៀង ដែលទស្សនិកជន ចាត់ទុកថា ជាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានឡើងយន្តហោះ ចេញទៅសម្តែងនៅ ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង៧យប់ ដោយការចេញ ទៅសម្តែងនេះ លោកធ្វើដំណើររួម ជាមួយក្រុមរាំផ្ទាល់ខ្លួន និងបានត្រៀមបទចម្រៀង ចំនួន២បទ យកទៅសម្តែង និងច្រៀងអបអរសាទរ ខួប៤០ឆ្នាំ ក្នុងកម្មវិធី Asian Pop រយៈពេល៥ថ្ងៃ ។

នេះជាលើកទី២ហើយ ដែលកំពូល តារាចម្រៀង ព្រាប សុវត្ថិ ចេញទៅសម្តែង នៅប្រទេសជប៉ុន ដោយលើកទី១លោកចេញទៅ នៅក្នុងឆ្នាំ២០០៣ បានលើកស្ទួយ មុខមាត់ប្រទេសខ្មែរ នៅលើឆាកអន្តរជាតិ និងនាំមកវិញនូវ ភាពជោគជ័យខ្លាំង ។ នៅក្នុងដំណើរចេញ ទៅសម្តែងលើកនេះ គេសង្កេតឃើញថា លោកមាន ការខិតខំ សម្រិតសម្រាំង បទចម្រៀង ដែលនិពន្ធដោយ ស្នាដៃកូនខ្មែរពិតៗ របស់លោក សួន ពិសិដ្ឋ ចំនួន២បទ យកទៅបកស្រាយ រៀបរាប់ពីវប្បធម៌ អរិយធម៌ ប្រាង្គប្រាសាទ អង្គរវត្ត ឲ្យបរទេសបានដឹងឮ ស្គាល់ពីអ្វីដែល ជាបេតិកភណ្ឌជាតិ របស់កម្ពុជាកាន់តែ ច្បាស់ជាងមុន ។

លោក ព្រាប សុវត្ថិ បានថ្លែងប្រាប់ LookingTODAY កាលពីល្ងាចថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ថា មុនចេញដំណើរមួយថ្ងៃ ឲ្យដឹងថា ក្នុងដំណើរចេញទៅ ប្រទេសជប៉ុន ចូលរួមកម្មវិធី គម្រប់ខួប៤០ ដែលមានប្រទេស ជាសមាជិកអាស៊ាន ១១ប្រទេស ចូលរួមនោះ លោកមានការជឿជាក់ ថានឹងទទួលបាន ជោគជ័យ ខ្លាំងជាង កាលពី១០ឆ្នាំមុន ព្រោះថាបទចម្រៀង ដែលត្រៀមយកទៅច្រៀង គឺជាបទចម្រៀង និពន្ធរៀបរាប់ពី ប្រទេសជាតិសម្បត្តិ បេតិកភណ្ឌ ពិភពលោក របស់ខ្មែរ ។ ដូច្នេះតាមរយៈ បទចម្រៀងទាំង២បទនេះ នឹងធ្វើឲ្យប្រទេសជា សមាជិកទាំងអស់ បានដឹង និងស្គាល់ពីប្រទេស កម្ពុជាកាន់តែច្រើន ជាងមុន ។

តារាចម្រៀងមានភាពលេចធ្លោខ្លាំង ប្រចាំផលិតកម្ម ហង្សមាសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំពិតជាសប្បាយចិត្ត និងមាន មោនទភាព បានទៅបង្ហាញឲ្យ ពិភពលោកទទួលស្គាល់ អ្វីដែលជា អរិយធម៌ខ្មែរ និងអ្វីជាសិល្បៈរបស់យើង បូករួមជាមួយការរីកចម្រើន ព្រោះពេលវេលានេះ ជាពេលវេលាមួយ ដែលយើងទៅ បង្ហាញអ្វី ដែលមានដ៏អស្ចារ្យ នៅក្នុងប្រទេសយើង ដល់បរទេសឲ្យដឹង ” ។

នៅក្នុងនោះលោក ក៏បានព្រលយ ដោយសម្តីជឿជាក់ថា កម្ពុជាប្រាកដជាទទួលបាន ជោគជ័យ យ៉ាងត្រចេះត្រចង់ ហើយមូលហេតុ ដែលធ្វើឲ្យ តារាចម្រៀង ព្រាប សុវត្ថិ និយាយបែបនេះ ដោយសារតែយើងមានប្រៀប ជាងគេ ទាំងដែលមិនទាន់ ទៅចូលរួមកម្មវិធី ព្រោះថា ប្រទេសកម្ពុជា មានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហា រដែលជាបេតិកភណ្ឌ ពិភពលោកច្រើនជាងគេ ដូច្នេះហើយបានជា លោកបង្ហាញការជឿជាក់ យ៉ាងមុតមាំបែបនេះ ” ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ពិសិដ្ឋ