ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ពេជ្រ សោភា ទើបតែត្រូវបាន សារព័ត៌មាន ក្នុងស្រុកមួយ ចុះផ្សាយអត្ថបទមួយ មាន ចំណងជើងថា “ពេជ្រ សោភា ត្រូវផលិតកម្ម ហង្សមាស បណ្ដេញចេញ” បានធ្វើឲ្យតារាស្រីរូបនេះហួសចិត្ត ខឹងសម្បារអ្នក ដែលចេញផ្សាយ ព័ត៌មាន គ្មានការពិតនិង មានចេតនាបង្ខូច កេរ្តិ៍ឈ្មោះ របស់នាង ស្ទើរតែផ្ទុះទៅហើយ ។

បន្ទាប់ពីតារាចម្រៀង ស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា ត្រឡប់មកពីសម្តែង នៅលើទឹកដី អាមេរិកវិញភ្លាម នាងប្រញាប់រៀបចំ ខ្លួនឡើង ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស បង្ហាញមុខមាត់ ជាសាធារណៈភ្លាម ដើម្បីប្រកាសពីភាពជោគជ័យ និងសន្ទុះនៃការ គាំទ្រច្រើន ពីបងប្អូនខ្មែររស់នៅ លើទឹកដី សម្បូរដុល្លារ ។ ប៉ុន្តែស្របពេល ជាមួយគ្នានោះ នាងក៏ត្រូវបានព័ត៌មាន ក្នុងស្រុកចេញផ្សាយ ថានាង ត្រូវគេបណ្តេញចេញពី ផលិតកម្មហង្សមាសស្ងាត់ៗ ដោយសារតែធ្វើ សកម្មភាពពាក់ព័ន្ធ នឹងបក្សនយោបាយ ធ្វើឲ្យម្ចាស់សាម៉ីខ្លួន ផ្ទុះកំហឹង ព្រោះតែការចេញផ្សាយ ព័ត៌មានមិនពិត។

ថ្លែងប្រាប់ LookingTODAY កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា នាងហួសចិត្តមែនទែន នៅពេលឮព័ត៌មាន បែបនេះ ទាំងដែលនាងទើបតែ ឡើងបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសថ្មីៗ។សម្រាប់ផលិតកម្ម បើសិនជាតារាណាម្នាក់ ចេញពីផលិតកម្មហើយ គឺគ្មាន សិទ្ធឡើងប៉ុស្តិ៍ទៀតទេ ហើយឲ្យផលិតកម្មដេញ នាងចេញដោយ របៀប ណា បើនាងម្ចាស់សាម៉ីខ្លួនអត់ទាំងដឹងរឿងអីផង ។

កញ្ញា សោភា បានប្រាប់ឲ្យដឹងថា “ខ្ញុំដឹង និងស្គាល់ច្បាស់ណាស់ថា អ្នកណាជាអ្នកសរសេររឿងរបស់ខ្ញុំ គេជាមនុស្សម្នាក់ ដែល ស្គាល់ខ្ញុំច្បាស់ ហើយក៏ធ្លាប់ ទទួលបានការទំនុក បម្រុងពីខ្ញុំច្រើន។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ ក៏មិនដឹងច្បាស់ថា គេមានបំណងអី បាន ជាចុះផ្សាយរឿង វាយប្រហារខ្ញុំ ម្តងជាពីរដង ។ កន្លងមកគេធ្លាប់ សរសេរថា ម្តាយរបស់ខ្ញុំ ជាជនជាតិវៀតណាម ហើយពេលនេះផ្សាយថា ខ្ញុំត្រូវគេដេញចេញទៀត ។ តើវាជារឿងពិតអត់ បើសិនវាមិនមែន ជារឿងពិត គេខំប្រឹងចុះផ្សាយធ្វើអី? ” ។

តារាចម្រៀងល្បីឈ្មោះ ថ្គាមខ្លា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា នេះជាលើកទី២ហើយ ដែលបុរសអ្នកសរសេរ អត្ថបទម្នាក់នោះ ចុះផ្សាយរឿងមិនពិត វាយប្រហារនាង ហើយនាងទទួលស្គាល់ថា នាងមិនសប្បាយចិត្ត និងខឹងទៅលើ អ្នកផ្សាយព័ត៌មាននោះខ្លាំង។ ប៉ុន្តែនាងមិនខ្វល់ និងមិនចង់ដេញដោល ពីរឿងនេះទៀត ព្រោះថាកន្លងមកនាងធ្លាប់ហៅអ្នក សរសេរអត្ថបទនោះមកជួបនិយាយគ្នា ម្តងរួចមកហើយ ប៉ុន្តែនៅមានលើកទី២ដដែល "ខ្ញុំនៅចាំបានថា កាលដែលគេមកជួបខ្ញុំ គេធ្លាប់បាននិយាយថា គេគ្រាន់តែចុះផ្សាយធម្មតាៗ គ្មានចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះ របស់ខ្ញុំឡើយ ព្រោះថា គេស្គាល់ខ្ញុំនិងគ្រួសារយ៉ាងច្បាស់"។

កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា ដូច្នេះហើយនាងមិនចង់ខ្វល់ និងដេញដោលពីរឿងនេះទៀតទេ តែនាងចង់ប្រាប់ឲ្យដឹង ជាលើកចុងក្រោយថា ត្រឹមតែម្តងពីរដង នាងអាចទ្រាំបាន តែបើសិនជា នៅតែធ្វើដដែល ច្រើនដងពេក នាងមិនអាចសន្យា បានទេថា មានបញ្ហាអីកើតឡើងបន្តទៀត ព្រោះនាងមិនចង់ឲ្យ មានព័ត៌មាន គ្មានការពិតចុះផ្សាយដដែលៗ ធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះ របស់នាងទៀតឡើយ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា