ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្សារទួលសង្កែ ម្តងទៀតហើយ នៅម៉ោង ៦ល្ងាចថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០ ១៣នេះ។ ភ្លាមៗ នេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចពីមូលហេតុ នៃការឆាប់ឆេះនៅឡើយទេ។

តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន កំពុងតែមមាញឹកជួយ អន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ដ៏សន្ធោសន្ធៅនេះ។

រហូតដល់វេលាម៉ោង ៨យប់ថ្ងៃដដែលនេះ អគ្គិភ័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជួយ បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី និងអង្គភាព៧១១ នៃកងពលតូច ង៧០ ចំនួន ៣គ្រឿង។

គ្រោះអគ្គិភ័យនេះ ក៏បានបណ្តាលឲ្យបុរសម្នាក់ បានរងរបួសបាក់ដៃ និងបាក់ជើងផងដែរ ដោធ្លាក់ពីលើផ្ទះ ខណៈឡើងបាញ់ទឹកពន្លត់ភ្លើង។

ទំហំ នៃការឆាបឆេះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរនៅឡើយទេ តែព័ត៌មានតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បានបំផ្លាញតូប និងផ្ទះអស់ជាច្រើន។ តែប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆេះផ្តើមចេញពីផ្ទះអាជីវករលក់ទូរស័ព្ទ ឈ្មោះ ហោ កឹមសេន។

សូមបញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ ធ្លាប់បានឆេះម្តងរួចមកហើយកាលពីចុងឆ្នាំ២០១២៕
























ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]