ខេត្តបន្ទាយមានជ័យ ៖ គំនរសំរាមបានជះក្លិនស្អុយអសោច ប៉ះពាល់ដល់អ្នកលក់ដូរ និងរស់នៅជិតខាងទល់មុខ ផ្សារសិរីសោភ័ណ ។ ប្រជាពលរដ្ឋរិះគន់ដល់ក្រុមហ៊ុន ប្រមូលសំរាមថា បើប្រមូលលុយលឿន តែបើប្រមូលសំរាមវិញមានការយឺតយ៉ាវ ដូច្នេះគួរតែកែលម្អឡើងវិញ ពីបញ្ហាសេវាកម្មនេះ ។

យុវជនពីរនាក់បងប្អូនដែលលក់សាច់ជ្រូកចៀន នៅក្បែរគំនរសំរាមបានប្រាប់ថា រាល់ថ្ងៃគាត់ពីរនាក់បងប្អូនបានមក លក់សាច់ជ្រូកចៀនតែងតែ ពាក់ម៉ាស់ ព្រោះលក់ក្បែរគំនរសំរាមមានក្លិន ស្អុយអសោច ហើយស្ទើរតែស៊ាំច្រមុះ ទៅហើយ ។ គាត់បន្តថាទោះបីគាត់លក់ក្បែរសំរាម ក៏ត្រូវបង់ភាស៊ីរាល់ថ្ងៃមិន ដែលខានដែរ គឺក្នុងមួយថ្ងៃបង់២.៥០០រៀល។

បុរសរូបនេះបានបញ្ជាក់ថា បើនៅរដូវវស្សាដែលមាន ភ្លៀងធ្លាក់ជោកជាំ គំនរសំរាមធុំក្លិនស្អុយខ្លាំងស្ទើរតែទ្រាំមិនបាន ប៉ុន្តែបើមិនលក់កន្លែងនេះ ទៅលក់កន្លែងផ្សេងត្រូវបង់ថ្លៃជាង ទើបស៊ូទ្រាំលក់នៅទីនេះ ហើយគំនរសំរាមដែលបានឃើញនេះ គឺនៅសល់រយៈពេល៣ថ្ងៃមកហើយ មិនឃើញមានរថយន្តមកដឹកឡើយ ដោយទុកគំនរសំរាមចោលធ្វើឱ្យមាន ក្លិនស្អុយប៉ះពាល់ដល់អ្នកលក់ និងអ្នករស់នៅក្បែរផ្សារសិរីសោភ័ណនេះ ។ ប្រជាពលរដ្ឋសំណូមពរដល់ ក្រុមហ៊ុនផ្សារសិរីសោភ័ណ ជាពិសេសក្រុមហ៊ុនប្រមូលសំរាម សម្អាតទីក្រុង គួរតែប្រមូលសំរាមឱ្យបានលឿនដូចប្រមូលលុយផង។

តំណាងក្រុមហ៊ុនប្រមូលសំរាមសម្អាតក្រុងបានប្រាប់ថា ការប្រមូលសំរាម គឺទើបតែអាក់ខានរយៈពេល៣ថ្ងៃនេះទេ ពីព្រោះកម្មករបានទៅស្រុក ដើម្បីទៅបោះឆ្នោត ទើបមានការកកស្ទះ តែពេលនេះក្រុមហ៊ុនបានឱ្យ កម្មករដើរប្រមូលសំរាមឡើងវិញ និងសំណូមពរឱ្យប្រជាពលរដ្ឋនិងអាជីវករលក់ ដូរនៅផ្សារសិរីសោភ័ណវិញផងដែរ ព្រោះរយៈពេលកន្លងមកមានមនុស្សមួយ ចំនួនតូចបានយកសំរាមចោល ក្រៅធុងឥតសណ្តាប់ធ្នាប់ គួរតែចូលរួមសម្អាតផងដែរ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]