រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាចម្រៀងមុខ ស្រស់កូនកាត់ចិន កញ្ញា គៀត សុវណ្ណាឡាង បានបង្ហោះវីដេអូឃ្លីបមួយ ដែលរៀបរាប់អំពីការខូចចិត្តរបស់នាង ខណៈពេលត្រូវសង្សារបោះបង់ចោល រហូតធ្វើឱ្យនាងអង្គុយសម្រក់ទឹក ភ្នែកយ៉ាងកម្សត់ ហើយក្នុងវីដេអូនេះ នាងបាននិយាយមុខ កាមេរ៉ាទូរស័ព្ទដៃថា «បងធ្លាប់ប្រាប់ថា ស្នេហាគឺវាអស្ចារ្យ ពេលដែលយើងមានវា ហើយវាក៏មិនអស្ចារ្យដែរពេល ដែលយើងគ្មានវានៅក្នុងដៃ តែបងដឹងអត់! ថាវាអស្ចារ្យសម្រាប់អូនគ្រប់ពេលវេលា»។

វីដេអូឃ្លីបមួយនេះបាន ធ្វើឱ្យបណ្តាសារព័ត៌មាន និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកកម្រនឹង មានតារាស្រីរូបណាហ៊ានចេញមុខមករៀបរាប់ អំពីស្នេហាខូចចិត្តទួញសោករបស់គេបង្ហោះតាម ប្រព័ន្ធអ៊ីនធើរណេតឱ្យគេគ្រប់គ្នាដឹងនោះទេ។ បញ្ហានេះកំពុងធ្វើឱ្យមហាជន មួយចំនួនធ្វើការរិះគន់ តែក៏មានអ្នកគាំទ្រខ្លះយល់ថា នេះមិនមែនជារឿងពិតទេ គ្រាន់ជាការសម្តែងប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះ កោះសន្តិភាពមិនអាចធ្វើការ ទំនាក់ទំនងជាមួយកញ្ញា គៀត សុវណ្ណាឡាង បានទេ ព្រោះទូរស័ព្ទរបស់នាងត្រូវបានបិទ ដូច្នេះក៏បានបន្តទំនាក់ទំនងទៅលោកសុខ ជំនោរ ដែលជាអ្នកដឹកនាំ និងនិពន្ធរបស់ផលិតកម្មរស្មីហង្សមាស ដោយលោកប្រាប់ថា ពីដំបូងលោកមិនបានដឹងរឿងនេះទេ ហើយនៅពេល
ដែលលោកឃើញសារព័ត៌មានចុះផ្សាយ ទើបលោកបានដឹង ភ្លាមនោះលោកក៏បានទំនាក់ទំនង ទៅសុវណ្ណាឡាង ដោយនាងប្រាប់ថា នេះជាការសម្តែងនៅក្នុងបទចម្រៀងមួយ ដើម្បីទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ ព្រោះអ្នកដឹកនាំក្នុងផលិតកម្មភ្លេងរីខត (Pleng Record) គិតថា នៅពេលដែលវីដេអូមួយនេះចេញនឹង ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។

សូមបញ្ជាក់ថា តារាចម្រៀងនៅក្នុងទ្រនំផលិតកម្មភ្លេងរីខត កញ្ញាគៀត សុវណ្ណាឡាង គឺជាអតីតតារាសម្តែងល្បីឈ្មោះមួយរូប ក្រោយពីលេចមុខក្នុងខ្សែរឿងជាច្រើន ពិសេសក្នុងរឿង «ទឹកចិត្តបងស្រី» ដែលជារឿងចុងក្រោយ ។ បន្តពីនោះមកនាងក៏បានក្លាយជាអ្នកចម្រៀងរបស់ ផលិតកម្មរស្មីហង្សមាស កាលពីដើមឆ្នាំ២០១២ បន្ទាប់មកផលិតកម្មរស្មីហង្សមាស ក៏បានបង្កើតផលិតកម្មថ្មីមួយទៀត គឺភ្លេងរីខតហើយរស្មីហង្សមាសក៏បានរុញ សុវណ្ណាឡាងចូលទៅផលិតកម្មថ្មីនេះតែម្តង៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]