ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគេប្រទះ ឃើញចង.កសម្លាប់ខ្លួននៅ ក្នុងបន្ទប់លេខ១០២ នៃផ្ទះសំណាក់ផេងលី ដែលមានទីតាំងក្នុងភូមិ ពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។ បុរសរូបនេះត្រូវបាន គេស្គាល់ថាឈ្មោះរតនា អាយុ២៣ឆ្នាំ មុខរបរដើរលក់សៀវភៅ និងមានឪពុកមារស់នៅ ក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ។

ប្រភពពីសមត្ថកិច្ចប៉ូលិសឱ្យដឹងថា នៅវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី២៨ ឧសភា ក្រោយពីបានទទួលព័ត៌មានថាមាន មនុស្សចង.កធ្វើអត្តឃាតនៅក្នុងផ្ទះសំណាក់ ផេងលីរួចមក សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលខេត្តក៏បានចុះទៅ ដល់ទីតាំងខាងលើ ។ តាមការត្រួតពិនិត្យបង្ហាញថា ជនរងគ្រោះពិតជាចង.ក ធ្វើអត្តឃាតមែន មិនមានពាក់ព័ន្ធនឹងករណី ឃាតកម្មនោះទេ ។

ប្រភពដដែលបន្តថា នៅក្នុងបន្ទប់លេខ១០២ ដែលជនរងគ្រោះស្នាក់នៅនោះ សមត្ថកិច្ចរកឃើញសម្បកមង្ឃុត និងស្ករសមួយចំនួន និងលិខិតមួយច្បាប់ដែលសរសេរថា «រតនា ស្រឡាញ់ រំដួល ខ្លាំងណាស់» ដែលមានន័យថា បុរសរូបនេះឈ្មោះរតនា ឯឈ្មោះរំដួល នោះទំនងជាស្រីស្នេហ៍ដែល ស្រឡាញ់គ្នាផងដែរ តែមិនមានការផ្តល់អត្តសញ្ញាណណាមួយ ឱ្យបានដឹងច្បាស់លាស់នោះទេ ។ តាមរយៈការរកឃើញសំបុត្រនេះ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា បុរសដែលធ្វើអត្តឃាត ដោយចង.កនេះ អាចខកបំណងព្រោះរឿងស្នេហា ។

ទោះបីជាបែបណា សាច់ញាតិជនរងគ្រោះបានអះអាងថា មិនបានដឹងថា នារីឈ្មោះរំដួល នោះនៅឯណាទេ ហើយបើបានដឹងរឿងនេះក៏អាច សម្របសម្រួលឱ្យអ្នកទាំងពីរបានគ្នាដែរ មិនឱ្យមានរឿងបែបនេះកើតឡើងទេ ។ ក្នុងអំឡុងពេលត្រួតពិនិត្យសពជនរងគ្រោះ អ្នកយកព័ត៌មានត្រូវបានគេ រារាំងមិនឱ្យចូលទៅថតរូបភាពទេ មិនតែប៉ុណ្ណោះថែមទាំង មិនផ្តល់ព័ត៌មានឱ្យទៀតផង ។ សពជនរងគ្រោះក្រោយពីពិនិត្យរួចត្រូវបាន ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]