មណ្ឌលគិរី៖  ក្រុមចោរ ៣នាក់ បានប្លន់យកម៉ូតូ មួយគ្រឿង បានសម្រេច គេចមិនបានប៉ុន្មានផង ត្រូវកងរាជអាវុធ  ហត្ថ (អ.ហ) ស្ទាក់ឃាត់ខ្លួន បានម្នាក់ ព្រមទាំងរឹបអូសយកម៉ូតូជនរងគ្រោះ  បានមកវិញផងដែរ កាលពីព្រឹកថ្ងៃទី  ១៩ ខែមេសា ឆ្នាំ២០១៣ ត្រង់ចំណុចភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក សាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ អ.ហ លេខ៧៦១ ស្រុកកែវសីមា បានឲ្យដឹងថា ក្រោយពីទទួល  បានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចចម្រុះស្រុកកែវសីមា បានដាក់កម្លាំងតាមដងផ្លូវជាតិលេ៧៦ ពីស្រុកកែវ  សីមា រហូតមកដល់ ផ្សារកាបី ក្នុងឃុំ២ធ្នូ។ នៅពេលមុខសញ្ញាជាក្រុមជនសង្ស័យធ្វើដំណើដល់ទីនោះ សមត្ថកិច្ច បានឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាមួយម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១០ មួយគ្រឿង ពណ៌ខ្មៅ គ្មាន  ស្លាកលេខ។

លោក សាក់ សាគុណ បានឲ្យដឹងបន្តទៀតថា ជនសង្ស័យខាងលើ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ  ពៅ រ័ត្ន   ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ អូរខ្លូង ឃុំ ត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម និង បក្សពួក២  នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ក្រុមសមត្ថកិច្ចកំពុងធ្វើការតាមរកចាប់ខ្លួន។         

ក្មេងស្រីរងគ្រោះ ប៉ុន សុខជាតិ អាយុ ១៦ឆ្នាំ ជាម្ចាស់ម៉ូតូ បានរៀបរាប់ថា ខណៈរូបនាងត្រឡប់ពីផ្សារកែវសីមា  វិញ ដល់ចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងមកស្ទាក់គំរាមប្លន់  យកម៉ូតូ និងទះកំភ្លៀងនាងមួយដៃ  ព្រមទាំងស្រែកគំរាមសម្លាប់ទៀតផង នៅពេលនោះនាងជាមួយប្អូនបានផ្តួល  ម៉ូតូចោលនាំគ្នារត់តែម្ដង។ 

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នាក់ការសន្តិសុខ អ.ហ  លេខ៧៦១ ដើម្បីចាត់ការតាមនីតិវិធី។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ពៅ រ័ត្ន បានសារភាពថា ខ្លួនទើបតែសាកល្បងរៀនប្លន់តាមមិត្តភ័ក្តិ តែម្ដងនេះ ទេ រីឯមិត្តភ័ក្តិរបស់គេមានបទពិសោធច្រើនដងហើយ។

លោក អ៊ុំ សារឿន ឪពុកក្មេងស្រីរងគ្រោះ ដែលជួបហេតុការណ៍ខាងលើនេះ បានកំពុងរង់ចាំការទទួលប្រគល់យក  ម៉ូតូពីសមត្ថកិច្ចវិញ ហើយលោកបានសំដែងនូវការរីករាយ រាល់ចំណាត់ការរបស់សមត្ថកិច្ច។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋនៅស្រុកកែវសីមា បាននាំគ្នាសំដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពអសន្តិសុខជាច្រើនករណី នៅក្នុងស្រុកមួយនេះ តែងតែកើតឡើងឥតឈប់ឈរ ដូចជាពេលកន្លងមកធ្លាប់មានអំពើបាញ់  បោះសេរី អំពើបាញ់ប្រហារជីវិតមនុស្ស អំពើបាញ់ប្រហារបណ្ដាលឲ្យមនុស្សរងរបួស បញ្ហាកើតមានល្បែងស៊ីសង ចាក់កន្ទុយលេខ (ឆ្នោត) បទល្មើសផ្សេងៗ ។ល។ បញ្ហាទាំងអស់នេះ បង្ករឲ្យប្រជាពលរដ្ឋព្រួយបារម្ភជាខ្លាំងផងដែ រ។ ប្រជាពលរដ្ឋនាំគ្នាសំណូមពរដល់សមត្ថកិច្ចគ្រប់អង្គភាព ក្នុងស្រុកកែវសីមា មេតាជួយរឹតបន្តឹងបន្ថែមទៀតរាល់ ករណីទាំងអស់នេះផង បើពុំដូច្នេះទេ វាអាចមានការផ្ទុយពីគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ៕

ក្មេងស្រីរងគ្រោះ ប៉ុន សុខជាតិ



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]