ហ្វីលីពីន៖ វៀតណាម បានក្លាយជាម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយយកឈ្នះឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣ទល់នឹង០ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
៣គ្រាប់របស់វៀតណាមរកបានដោយកីឡាករខ្សែការពារ Doan Van Hau ២គ្រាប់ នៅនាទីទី២៩ និង ៧៣ ចំណែកឯ១គ្រាប់ទៀតធ្វើបានសម្រេចដោយការស៊ុតរបស់ប្រធានក្រុម Do Hung Dung នៅនាទីទី៥៩។
នៅក្នុងការប្រកួតនោះ មានភាពតានតឹង និងសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន។ ជាមួយគ្នានេះ គ្រូបង្វឹករបស់វៀតណាម Park Hang Soe ក៏ទទួលបានកាតក្រហមបណ្ដេញចេញពីទីលានផងដែរ។

នេះគឺជាមេដាយមាសទី២ហើយរបស់វៀតណាម សម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកាលពីឈ្នះលើកដំបូងគឺនៅក្នុងឆ្នាំ១៩៥៩ ដែលជាឆ្នាំដំបូងនៃប្រារព្ធព្រឹត្តិការណ៍កីឡាកម្រិតតំបន់មួយនេះ ដែលពេលនោះប្រទេសវៀតណាមខាងត្បូងជាអ្នកឈ្នះ។
សម្រាប់លទ្ធផលវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ បានបញ្ចប់ទៅដោយ៖
- មេដាយមាស : វៀតណាម
- មេដាយប្រាក់ : ឥណ្ឌូនេស៊ី
- មេដាយសំរឹទ្ធ : មីយ៉ាន់ម៉ា
- ក្រុមលេខ៤ : កម្ពុជា
