កម្ពុជា​បញ្ជូន​កីឡា​3​ប្រភេទ​ទៀត​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពីន!

//s5.kh1.co/c1/c12a6257cb2409c104725339edc8586a8b311e1b.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមកីឡា​បាល់ទាត់​ដែល​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ហើយ​ទទួល​បាន​លទ្ធ​ស្មើ​១-១ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​នោះ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ប្រតិភូ​កីឡា​ចំនួន​៣​ក្រុម​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​កាណ៍​កីឡា​អាស៊ាន​មួយ​នេះ​រួម​មាន កីឡា​ទូកក្ដោង កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ និង​កីឡា​កាយសម្ព័ន្ធ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រតិភូ​នេះ ដឹកនាំ​ដោយ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​និង​ជានា​យក​បេសកកម្ម​ប្រតិភូ​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន ។

https://s5.kh1.co/__image/w=650,h=379,q=100/c6/c69be72ea016309107fcf17b55456f642b73cae2.jpg

លោក វ៉ា​ត់ ចំរើន បាន​ប្រាប់​ឱ្យ​ដឹង​នៅ​មុន​ពេល​ចេញដំណើរ​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា មាន​ប្រតិភូ​កីឡា​ចំនួន​៩​ប្រភេទ​ទៀត​ចេញដំណើរ​ទៅ​តាម​ក្រោយ​​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា និង​ថ្ងៃ​ទី​១ ខែធ្នូ ទើប​ចប់ រួម​ជាមួយ​ផ្នែក​រដ្ឋបាល​និង​បច្ចេកទេស ព្រមទាំង​គ្រូបង្វឹក​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ក្នុង​ចំណោម​៣១​ប្រភេទ កីឡា​ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន មាន​ប្រភេទ​កីឡា​មួយ​ចំនួន​ដែល​យើង​សង្ឃឹមថានឹង​ទទួល​បាន​មេដាយ​មាន​ដូច​ជា កីឡា​ល្បុក្កតោ​ដែល​កំពុង​ស្ថិត​នៅ​ទីនោះ​ស្រាប់ កីឡាប្រដាល់​គុន​ខ្មែរ កីឡា​ប៉េតង់ កីឡា​ជិត​ជី​ស៊ូ កីឡា​សូ​ហ្វ​តឺ​ន្នី​ស កីឡា​វាយ​កូន​បាល់ និង​កីឡា​កា​រ៉ា​តេ ។ ប៉ុន្តែ​ចំពោះ​ការ​រកបាន​មេដាយ​ប៉ុន្មាន​គ្រឿង​នោះ លោក​មិន​ហ៊ាន​អះអាង​ទុក​មុន​ឡើយ គឺ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ជាក់ស្ដែង ។

លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់​ថា មេដាយ​ដែល​យើង​ចង់បាន​គឺ​មេដាយមាស ហើយ​គោល​បំណ​ង​​សំខាន់​បំផុត​នោះ​គឺ​ធ្វើ​យ៉ាងណា​រក​ឱ្យ​បាន​ច្រើន​ជាង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ឆ្នាំ​២០១៧ ៕

https://s5.kh1.co/__image/w=650,h=380,q=100/c1/c12a6257cb2409c104725339edc8586a8b311e1b.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T