ឥណ្ឌូនេស៊ី៖ បុរសវ័យចំណាស់ម្នាក់ នៅខេត្ត Riau ក្នុងប្រទេសឥណ្ឌូនេស៊ី បានបិទប្រកាសលក់ក្រលៀន ដើម្បីយកលុយទៅព្យាបាលកូនប្រុសដែលកំពុងមានជំងឺដុំសាច់ក្នុងខួរក្បាល។

បុរសជាឪពុកកំពុងឈរលក់ក្រលៀន

យោងតាមប្រភពបានឲ្យដឹងថា បុរសជាឪពុកមានឈ្មោះថា Eli មានអាយុ៥៩ឆ្នាំ និងកូនប្រុសរបស់គាត់មានឈ្មោះថា Elandra អាយុ២៣ឆ្នាំ។ បុរសជាឪពុកបានសរសេរដាក់ស្លាកពាក់ជាប់នឹងខ្លួនថា «ក្រលៀនសម្រាប់លក់។ ខ្ញុំលក់ក្រលៀនដើម្បីយកលុយទៅព្យាបាលកូនប្រុសរបស់ខ្ញុំដែលមានជំងឺដុំសាច់ក្នុងខួរក្បាល។»

បុរសជាឪពុកបាននិយាយថា «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកូនប្រុសរបស់ខ្ញុំឲ្យជាពីជំងឺ។ ដោយសារស្ថានភាពរបស់កូនប្រុសខ្ញុំកាន់តែយ៉ាប់យ៉ឺនហើយជីវភាពរបស់ខ្ញុំមិនមានភាពប្រសើរឡើង ខ្ញុំក៏សម្រេចចិត្តលក់ក្រលៀនរបស់ខ្ញុំដើម្បីបន្តការចំណាយទៅលើការព្យាបាលសម្រាប់កូនប្រុសរបស់ខ្ញុំ។ មានរឿងម៉្យាងគត់ដែលនៅក្នុងការគិតរបស់ខ្ញុំជានិច្ចនោះគឺ កូនប្រុសរបស់ខ្ញុំអាចជាពីជំងឺ ដូច្នេះកូនរបស់ខ្ញុំអាចសម្រេចគោលដៅអនាគតដូចកូនគេដ៏ទៃទៀតដែរ។» 

កូនប្រុសរបស់គាត់

ប្រភពបានឲ្យដឹងទៀតថា ការលក់សរីរាង្គគឺខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បុរសជាឪពុកមិនដឹងត្រូវធ្វើយ៉ាងម៉េចដើម្បីបានលុយ ទើបពាក់ស្លាកលក់ក្រលៀន ដោយសង្ឃឹមថា មនុស្សដែលជិះកាត់តំបន់នោះនឹងឃើញគាត់។ បន្ទាប់ពីបានឃើញបញ្ហានេះកើតឡើង រដ្ឋាភិបាលបានផ្ដល់ជាជំនួយទៅដល់គាត់ រាល់ការចាយវាយព្យាបាល រួមទាំងថ្នាំផងដែរ។ កូនប្រុសរបស់គាត់បានបញ្ជូនទៅធ្វើការវះកាត់ដោយរលូន និងស្ថិតក្រោមការតាមដានពីគ្រូពេទ្យបន្ដទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]