ភ្នំពេញ៖ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៩ កម្មវិធីប្រចាំឆ្នាំអ្នកច្នៃប្រឌិតវៃក្មេង SmartStart បានជ្រើសរើសម្ចាស់ជ័យលាភីបន្ទាប់ ដែលមានគំនិតច្នៃប្រឌិតជាច្រើនក្នុងការប្រកួតរដូវកាលទី៣នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមចំនួន៥បានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៥០០០ដុល្លារអាមេរិកដូចគ្នា និងទទួលបានឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល៦ខែជាមួយ Impact Hub Phnom Penh ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៏ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុមរបស់ខ្លួន នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ។
ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challenge នៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុម ដែលមានបេក្ខភាពចូលរួមជាង១២០រូប មកពីសាកលវិទ្យាល័យចំនួន១០ ទូទាំងប្រទេសកម្ពុជា ក្រោយពីការចូលរួមសិក្ខាសាលា Hackathon Challenge រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ។
ក្នុងកំឡុងពេលបិទកម្មវិធី ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងនូវភាពសប្បាយរីករាយរបស់ខ្លួនដែលកម្មវិធី SmartStart បានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៧។
ឯកឧត្តមទាំង២ បានលើកទឹកចិត្តដល់ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ហើយនិងរាល់ដៃគូរក្នុងបច្ចេកវិទ្យាទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យវ័យក្មេងរបស់កម្ពុជាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចាប់តាំងពីឆ្នាំ២០១៨ កម្មវិធី SmartStart ត្រូវបានការគាំទ្រយ៉ាងពេញទំហឹងដោយប្រាក់រួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសម្ថតភាព និង ការស្រាវជាវ និងអភិវឌ្ឍន៏។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata កោតសរសើរយ៉ាងខ្លាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមទាំងអស់ និងការខិតខំប្រឹងប្រែងដែលពួកគេបានធ្វើក្នុងកម្មវិធីនេះ។លោកបានមានប្រសាសន៍ថា៖
«ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានឃើញបេក្ខជនកាន់តែល្អ គំនិតអាជីវកម្មក៏កាន់តែប្រសើរ និងការជ្រើសរើសផ្នត់គំនិតក៏កាន់តែល្អ ក្នុងកំឡុងពេលវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ។ ដូចនេះហើយនៅឆ្នាំនេះ យើងបានសម្រេចចិត្តបង្កើនប្រាក់ឧបត្ថម្ភរហូតដល់ ៥ ០០០ ដុល្លារអាមេរិក! សូមអបអរសាទរដល់ក្រុមទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងការចូលរួមរបស់ពួកគេ»។
លោកបានបន្ថែមទៀតថា៖
« SmartStart គឺជាកម្មវិធីដ៍អស្ចារ្យមួយដែលខ្ញុំចូលចិត្ដខ្លាំង ព្រោះកម្មវិធីនេះបានស្វែងរកអ្នកឆ្នាតវៃជាច្រើន ហើយបានផ្ដល់ឱកាសសម្រាប់អ្នកមានទេពកោសល្យវ័យក្មេងជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាមួយ Impact Hub និងដៃគូរជាច្រើនផ្សេងទៀត យើងនឹងបន្តគាំទ្រអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះតាមរយៈកាចូលរួមកម្មវិធីឌីជីថលរបស់ពួកគេ»។
ក្រុមចំនួន៥រួមមាន៖
1- RENTECH ជួលអ្នកប្រើប្រាស់ជួលកន្លែងស្នាក់នៅជាពិសេសអ្នកដែលមកពីខេត្តនានដែលមកទីក្រុងចំបងៗសម្រាប់ការសិក្សាថ្នាក់ឧត្ដម។
2- Sers Chborng ផ្តល់ការគាំទ្រដល់សិស្សដែលចង់ដាក់ពាក្យអាហារូបករណ៍ និង កម្មវិធីផ្លាស់ប្ដូរការសិក្សា និង ការចូលរួមការប្រកួតប្រជែងផ្សេងៗ។
3- STYLE ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវឱកាសផ្សេងៗក្នុងការជួលអាវធំ រ៉ូប និង ឈុតសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីពិសេសៗ។
4- PhumCAKE ផ្ដល់ឲ្យអ្នកគ្រប់គ្នារចនារូបរាង រសជាតិ និង ពណ៌នំខេកសម្រាប់ឱកាសពិសេសផ្សេងៗ។
5- SpeakOut ជួុយអ្នកដែលកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តតាមរយៈបណ្ដាញទំនាក់ទំនងអនាមិក ព័ត៌មានការយល់ដឹង និង ភ្ជាប់ពួកគេជាមួយពេទ្យចិត្តសាស្រ្ដដ៏ជំនាញ។
កញ្ញា សូ សម្ផស្ស ដែលជាសមាជិកក្រុមមួយរូបក្នុងចំណោមក្រុមដែលឈ្នះ បាននិយាយថា៖
« រយៈពេល៣ខែនេះគឺជាពេលវេលាដ៍អស្ចារ្យសម្រាប់ក្រុមរបស់ពួកយើង និងខ្លួនខ្ញុំផ្ទាល់ ខណៈដែលយើងបានសិក្សាជាច្រើន។ កម្មវិធី SmartStart ពិតជាកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាកំពូលមួយក្នុងប្រទេសសម្រាប់និស្សិតសាកលវិទ្យាល័យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីទាំងអស់ដែលបានបង្កើតកម្មវិធីដ៏សម្បូរបែបនេះឡើង។ យើងកំពុងទន្ទឹងរង់ចាំគំនិតរបស់យើងដែលនឹងលេចចេញជារូចរាងឡើងក្នុងរយៈពេល ៦ ខែទៀត»
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានរំភើបចិត្តយ៉ាងខ្លាំងលើការបង្ហាញផ្ដត់គំនិតពីសំណាក់ក្រុមទាំងអស់។ ដូចគ្នាទៅនឹងលោក Thomas Hundt ដែរ លោកជំទាវក៏ជាសមាជិកមួយរូបក្នុងគណៈកម្មការវិនិច្ឆ័យកិត្តិយសផងដែរ រួមជាមួយលោក គឹម បូរ៉ា ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន Partner of Mekong Strategic Partners កញ្ញា Zoë Ng នាយកគ្រប់គ្រង Raintree Development និង លោក Adriana Collini អនុប្រធានផ្នែកវិនិយោគជាន់ខ្ពស់របស់ក្រុមហ៊ុន Seedstars World។លោកជំទាវបានមានប្រសាសន៍ថា៖
«នេះគឺជាពេលវេលាដ៏អស្ចារ្យដែលបានឃើញសក្តានុពលដ៏ធំសម្បើមរបស់យុវជនយើងតាមរយៈការបង្កើតគំនិតច្នៃប្រឌិតរបស់ពួកគេលើរបៀបដោះស្រាយបញ្ហាដែលពួកគេបានឃើញនៅលើទីផ្សារ។ ប្រទេសកម្ពុជា កំពុងរីកចម្រើន និងអភិវឌ្ឍន៍ ហើយអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់អនាគតប្រកបដោយនិរន្តភាពដែលមានលទ្ធភាពប្រើប្រាស់ឌីជីថល»។
ម្ចាស់ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ជាមួយនឹងការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ក្រុមទាំង៥ នឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឺកចិត្ត និងការធ្វើការរួមគ្នាផងដែរ ។
កញ្ញា Mélanie Mossard ប្រធានផ្នែកគាំទ្រ Impact Hub Phnom Penh មានក្តីរំភើបដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះម្ដងទៀត។ កញ្ញាបានឲ្យដឹងថា៖
«កម្មវិធី SmartStart បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនម្ដងទៀត! រយៈពេល ៦ ខែខាងមុខនេះ ក្រុមទាំង៥នឹងត្រូវបំពេញដោយបទពិសោធន៏ជាក់ស្តែង ស្របពេលដែលយើងទន្ទឹងរង់ចាំលទ្ធភាពដ៏ជោគជ័យរបស់ពួកគេ និងផ្តល់ការណែនាំទាក់ទងនឹងអាជីវកម្មឌីជីថលនាពេលអនាគតរបស់ពួកគេ។ នៅចុងបញ្ចប់កម្មវិធីរយៈពេល ៦ ខែក្រុមការងារដែលមានការវិវឌ្ឍខ្លាំងជាងគេបំផុត នឹងទទួលបានដំណើរទស្សនកិច្ចបច្ចេកវិទ្សានៅ Google, Microsoft Facebook និង LinkedIN នៅប្រទេសសឹង្ហបុរី»។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក «Smart for Cambodia»តាមរយៈគេហទំព័រ www.facebook.com/SmartforCambodia ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh.។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]