ប្រិយមិត្តដឹងទេថា Cristiano Ronaldo គឺជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅលីគកំពូលអ៊ីតាលី ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ៣១លានផោន ដែលនេះជាចំនួនច្រើនបំផុតក្នុងបាល់ទាត់អ៊ីតាលី និង ៤ដង បើធៀបនឹងប្រាក់ឈ្នួលខ្ពស់ទី២ (Matthijs de Ligt) របស់កីឡាករក្នុងក្លិប Juventus។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្តាប់ទៅវាហាក់ដូចជាពិបាកទទួលយកណាស់សម្រាប់បាល់ទាត់បច្ចុប្បន្ននេះ ប៉ុន្តែវាពិតជាបានកើតឡើងពិតមែន។ ជាមួយប្រាក់ឈ្នួលនេះ គេហទំព័រ 90min បានប្រមូលផ្ដុំក្រុមទាំងមូលដែលមានសមត្ថភាពអាចឈ្នះពាន Serie A ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំសរុបទាបជាង ៣១ លានផោនរបស់ Ronaldo ទៅទៀត។ តោះទៅមើល ១ក្រុមនោះ មានកីឡាករណាខ្លះ (ទម្រង់លេង ៥-៣-២)៖
+អ្នកចាំទីចាស់វស្សា Gianluigi Buffon (វ័យ ៤២ឆ្នាំ)៖ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំត្រឹម ១.៥លានផោនប៉ុណ្ណោះពីក្លិប Juventus ខណៈបទពិសោធន៍ជោគជាំរបស់គាត់ អាចនឹងជ្រុំជ្រែងក្រុមនេះប្រជែងពាន Serie A បាន។
+ខ្សែការពារស្លាបស្តាំ Giovanni Di Lorenzo (វ័យ ២៧ឆ្នាំ)៖ ជាខ្សែការពារស្លាបស្តាំលេងឱ្យក្លិប Napoli ជាមួយប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ២.៣លានផោន។
+ខ្សែការពារកណ្តាល Alessandro Bastoni (វ័យ ២១ឆ្នាំ)៖ កំពុងសាងភាពល្បីល្បាញរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Antonio Conte ជាមួយក្លឹប Inter Milan ខណៈតម្លៃខ្លួនបានកើនឡើងដល់ ៤៥លានផោន ប៉ុន្តែរូបគេទទួលប្រាក់ឈ្នួលប្រចាំឆ្នាំត្រឹម ១.៥លានផោនប៉ុណ្ណោះក្នុងកុងត្រាដល់ឆ្នាំ២០២៣។
+ខ្សែការពារកណ្តាល Marash Kumbulla (វ័យ ២0ឆ្នាំ)៖ កំពុងលេងខ្ចីជើងនៅក្លិប Roma ពីក្លិប Hellas Verona។ Kumbulla ត្រូវបានចាត់ទុកថាជាខ្សែការពារវ័យក្មេងល្អបំផុតមួយរូបក្នុងក្របខណ្ឌ Serie A ខណៈរូបគេទទួលបានថ្លៃនឿយហត់ប្រមាណ ១.៨លានផោន។
+ខ្សែការពារកណ្តាល Milan Skriniar (វ័យ ២៥ឆ្នាំ)៖ ជាខ្សែការពារកណ្តាលលំដាប់កំពូលមួយរូបក្នុងពិភពបាល់ទាត់ និងកំពុងត្រូវបានក្លិបបាល់ទាត់នៅអង់គ្លេសចាប់អារម្មណ៍ផងដែរ។ ទោះជាយ៉ាណា រូបគេទទួលបានប្រាក់ឈ្នួលត្រឹម ៣លានផោនប៉ុណ្ណោះជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ ជាមួយក្លឹប Inter Milan។
+ខ្សែការពារស្លាបឆ្វេង Theo Hernandez (វ័យ ២៣ឆ្នាំ)៖ បានអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ក្រោយចាកចេញពីក្លិប Real Madrid មកចូលរួមជាមួយ AC Milan កាលពីឆ្នាំ២០១៩។ រយៈពេលត្រឹម ១រដូវកាលនៅកីឡដ្ឋាន San Siro ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានកើនតម្លៃខ្លួនពី ១៥លានផោន ទៅ ៤៥លានផោន ប៉ុន្តែគួរឱ្យសោកស្តាយដែលរូបគេ ចុះកុងត្រា ៥ឆ្នាំជាមួយកម្រៃ ១.៥លានផោនប៉ុណ្ណោះ។
+ខ្សែបម្រើកណ្តាល Rodrigo Bentancur (វ័យ ២៣ឆ្នាំ)៖ ខ្សែបម្រើជម្រើសជាតិអ៊ុយរូហ្គាយ ប៉ុន្តែរូបគេហាក់ពិបាកក្នុងការប្រជែងជម្រើសដំបូងនៅក្លិប Juventus។ ខ្សែបម្រើបង្ហាញខ្លួននៅជម្រើសជាតិក្នុងទ្វីបអាមេរិកឡាទីនបានចំនួន ៣០ដងរូបនេះ ទទួលបានប្រាក់ឈ្នួលត្រឹម ២.៥លានផោនប៉ុណ្ណោះ។
+ខ្សែបម្រើកណ្តាល Fabian Ruiz (វ័យ ២៤ឆ្នាំ)៖ ជម្រើសជាតិអេស្ប៉ាញរូបនេះ ហាក់ទទួលបានថ្លៃនឿយហត់តិចតួចត្រឹម ១.៥លានផោនប៉ុណ្ណោះនៅក្លិប Napoli ខណៈខ្សែបម្រើលំដាប់កំពូលរូបនេះ កំពុងសម្លឹងការចាកចេញដែលមានថ្លៃឈ្នួលដែលសាកសមនឹងសមត្ថភាពរបស់ខ្លួន។
+ខ្សែបម្រើកណ្តាល Nicolo Zaniolo (វ័យ ២១ឆ្នាំ)៖ ស្ថិតក្នុងវ័យនេះ រូបគេត្រូវបានក្លិប Juventus និងក្លិប Liverpool ដណ្តើមគ្នាចង់បានខ្សែបម្រើជម្រើសជាតិអ៉ីតាលីរូបនេះយ៉ាងខ្លាំង ប៉ុន្តែក្លិប Roma ហាក់មិនមានចេតនាចង់លក់រូបគេឡើយ ស្របពេល Zaniolo ទទួលបានប្រាក់ឈ្នួលត្រឹម ២.៥លានផោនប៉ុណ្ណ៖។
+ខ្សែប្រយុទ្ធ Dejan Kulusevski (វ័យ ២០ឆ្នាំ)៖ ជាមួយប្រាក់ឈ្នួលប្រចាំឆ្នាំ ២.៥លានផោន ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះ ទើបបានបង្ហាញខ្លួនឱ្យក្លិប Juventus បានចំនួន ២ប្រកួតក្នុងរដូវកាលថ្មីនេះ និងរកបានមួយគ្រាប់ផងដែរ។ ខ្សែប្រយុទ្ធលេងបានច្រើនតួនាទីរូបនេះ ហាក់មានការពេញចិត្តពីអ្នកចាត់ការក្លិបថ្មី គឺលោក Andrea Pirlo បន្ទាប់ពីត្រលប់ពីការលេងខ្ចីជើងពីក្លិប Parma។
+ខ្សែប្រយុទ្ធ Lautaro Martinez (វ័យ ២៣ឆ្នាំ)៖ វាពិតជាមិនគួរឱ្យជឿទាល់តែសោះដែលខ្សែប្រយុទ្ធលំដាប់ A រូបនេះ ស្ថិតក្នុងបញ្ជីកីឡាករដែលមានចំណូលទាបជាងគេរបស់លីគកំពូលអ៊ីតាលី។ រូបគេទទួលបានត្រឹម ២.៥លានផោន ប៉ុណ្ណោះ ពីក្លិប Inter Milan ខណៈខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ មានជាប់ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លិប Barcelona នាពេលកន្លងមក ដែលអាចនឹងឱ្យរូបគេមានប្រាក់ឈ្នួលសាកសម។
កីឡាករជម្រើស ១១រូបខាងលើនេះ មានប្រាក់ឈ្នួលប្រចាំឆ្នាំបូកបញ្ជូលគ្នាត្រឹម ២៣.១លានផោនប៉ុណ្ណោះ៕
ប្រភព៖ 90min