កូរ៉េខាងត្បូង៖ បង្កការភ្ញាក់ផ្អើល ដោយកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលមិញនេះ តារាចម្រៀងស្រី Wendy សមាជិកក្រុម Red Velvet ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីបានរងរបួសលើផ្ទៃមុខ បាក់ឆ្អឹងលើឆ្អឹងអាងត្រគាក និងបាក់កដៃ ដោយសារតែធ្លាក់ពីលើឆាកកម្ពស់២ម៉ែត្រ ក្នុងអំឡុងពេលហាត់សម លើឆាកការប្រគំតន្រ្តី SBS Gayo Daejun ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លើសពីនេះទៅទៀតនោះ មិនត្រឹមតែ Wendy ម្នាក់តែប៉ុណ្ណោះនោះទេ ដែលគ្រោះថ្នាក់នៅលើឆាកមួយនេះ សូម្បីតែតារាKpop ដទៃផ្សេងទៀត ក៏បានជួបហេតុការណ៍គ្រោះថ្នាក់ផ្សេងៗពីគ្នាផងដែរ។ តួយ៉ាង ក្នុងនោះតារាចម្រៀងស្រី Solar សមាជិកក្រុម Mamamoo បានរអិលដួលលុតជង្គង់ក្នុងអំឡុងពេលដើរលើកម្រាលព្រំក្រហម។


បន្ថែមពីនេះ យោងតាមការលើកឡើងរបស់អ្នកគាំទ្របានឲ្យដឹងថា មុនពេលសម្តែង សមាជិកក្រុម BTS បាននិយាយថា ជណ្តើរយន្តឆាកមានបញ្ហា ហើយក្នុងអំឡុងពេលសម្តែង Jin ក៏បានរអិលនៅលើឆាករហូតដល់ទៅ២ដងឯណោះ ចំណែកឯ Yeji សមាជិកក្រុម Itzy ក៏បានរអិលប៊ិះនឹងដួលផងដែរ និងមានតារាដទៃទៀតដែលពួកគេបានជួបបញ្ហានេះដូចគ្នា ក្នុងអំឡុងពេលកំពុងសម្តែងផ្សាយបន្តផ្ទាល់។

ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនមានការខឹងសម្បារជាខ្លាំងចំពោះ ខាងអ្នករៀបចំឆាក ដែលពួកគេមិនសូវជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរក្សានូវសុវត្ថិភាពនិងលំនឹង រហូតធ្វើឲ្យតារាKpopជាច្រើនដួងសឹងតែរងរបួសគ្រប់គ្នា ហើយអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺតារាស្រី Wendy ដែលនាងបានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់បាក់ឆ្អឹង ដែលធ្វើឲ្យអ្នកគាំទ្រមិនបារម្ភមិនបាន៕



