ហ្វីលីពីន៖ នៅថ្ងៃបញ្ចប់ការសិក្សា គួរតែជាថ្ងៃដែលត្រូវសប្បាយចិត្តនៅក្នុងឆាកជីវិត ប៉ុន្តែសម្រាប់និស្សិតម្នាក់នេះ បែរជាថ្ងៃដែលត្រូវសើចផង និងយំផងទៅវិញ។

ថ្មីៗនេះ និស្សិតទើបតែបញ្ចប់ការសិក្សាម្នាក់ បានចែករំលែករឿងរ៉ាវដ៏ក្តុកក្តួលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ថា បើទោះបីជាឪពុកម្តាយរបស់លោក មិនដែលបង្ហាញខ្លួននៅពេលវេលាដែលលោកត្រូវការបំផុតនៅក្នុងឆាកជីវិតលោកក៏ដោយ ប៉ុន្តែលោកនៅតែសង្ឃឹមថាពួកគាត់នឹងបង្ហាញខ្លួនចូលរួមនៅថ្ងៃបញ្ចប់ការសិក្សារបស់លោក ក្នុងនាមជានិស្សិតពូកែប្រចាំថ្នាក់ម្នាក់នៅក្នុងសាកលវិទ្យាល័យ La Concepcion ក្នុងប្រទេសហ្វីលីពីន។

និស្សិតបញ្ចប់ការសិក្សារូបនេះមានឈ្មោះ Jeric R. Rivas បានសម្រក់ទឹកភ្នែកយ៉ាងក្តុកក្តួលបំផុត នៅថ្ងៃបញ្ចប់ការសិក្សាខ្លួន ហើយព្យាយាមទប់អារម្មណ៍ដើរសំដៅទៅទទួលសញ្ញាបត្រនៅលើឆាក ខណៈពេលឮឈ្មោះរបស់ខ្លួន។ ប៉ុន្តែបែរជាទ្រហោយំកាន់តែខ្លាំង បន្ទាប់ពីទទួលបានសញ្ញាបត្រទៅវិញ។ 

រូបលោក Jeric នៅថ្ងៃបញ្ចប់ការសិក្សា

នៅក្នុងសាររៀបរាប់ទុក្ខរបស់លោក លោកបានរៀបរាប់យ៉ាងលម្អិតពី ឪពុកម្តាយរបស់លោកមិនដែលចូលរួមនៅថ្ងៃពិសេសនៅក្នុងឆាកជីវិតរបស់លោកនោះទេ បើទោះបីជានៅគ្រាមួយ ដែលលោកបានបញ្ចប់ការសិក្សាក្នុងនាមជាសិស្សពូកែបំផុតនៅថ្នាក់បឋមសិក្សាក៏ដោយ។

លោក Jeric បានសរសេរថា៖

«កាលខ្ញុំរៀនថ្នាក់បឋមសិក្សា ខ្ញុំទទួលបានមេដាយមាសក្នុងនាមជាសិស្សល្អបំផុតប្រចាំសាលា ប៉ុន្តែប៉ាម៉ាក់ខ្ញុំមិនបានមកចូលរួមនោះទេ។ ពួកគាត់គួរតែមកបង្ហាញខ្លួននៅលើឆាក និងពាក់មេដាសមាសនេះនៅជុំវិញ.កខ្ញុំ ប៉ុន្តែពួកគាត់មិនបានមកនោះទេ ដូច្នេះខ្ញុំក៏បានបដិសេធមិនទទួលមេដាយមាសនោះ។» 

រូបលោក Jeric នៅថ្ងៃបញ្ចប់ការសិក្សា

បន្ទាប់ពីរៀនចប់ លោក Jeric បានចាកចេញពីស្រុកដើម្បីបន្តការសិក្សក្នុងទីក្រុង ដោយលោកបានរៀននៅសាកលវិទ្យាល្បីឈ្មោះមួយឈ្មោះ La Concepcion ក្នុងទីក្រុង San Jose Del Monte ប្រទេសហ្វីលីពីន។

ជីវិតគឺមិនងាយស្រួលនោះទេ សម្រាប់សិស្សពូកែម្នាក់នេះ ព្រោះតែលោកត្រូវតែធ្វើការងារបណ្តើរ និងរៀនបណ្តើរដើម្បីផ្គត់ផ្គង់ការសិក្សា។ លោកធ្លាប់ធ្វើកម្មករនៅក្នុងរោងចក្រ, ធ្លាប់ធ្វើជាអ្នករត់តុ និងសូម្បីតែធ្វើជាកូនឈ្នូលនៅក្នុងផ្ទះឱ្យគេក៏មានដែរ។

ការតាំងចិត្តខ្ពស់មិនចុះចាញ់នឹងវាសនារបស់លោក ពិតជាគួរឱ្យសរសើរខ្លាំងពិតមែន! 

រូបលោក Jeric នៅថ្ងៃបញ្ចប់ការសិក្សា

មានលោកគ្រូអ្នកគ្រូជាច្រើន បានជួយលោកនិងស្វាគមន៍លោកឱ្យមកស្នាក់នៅជាមួយពួកគេ បន្ទាប់ពីដឹងពីស្ថានភាពរបស់លោក Jeric ហើយលោកគ្រូអ្នកគ្រូប្រៀបដូចជាគ្រួសារទីពីររបស់លោកអីចឹង។ ជាក់ស្តែង គ្រូលោកពិតជាមានមោទនភាពខ្លាំងណាស់ចំពោះលោក ដែលពួកលោកគ្រូអ្នកគ្រូបានបណ្តើរលោកឡើងឆាកព្រមគ្នា ខណៈពេលលោកឮឈ្មោះឱ្យទទួលសញ្ញាបត្រ។

លោក Jeric បានរៀបរាប់ថា៖

«ឈ្មោះរបស់និស្សិតត្រូវបានហៅម្តងម្នាក់ៗដើម្បីទទួលសញ្ញាបត្រ ហើយពួកគេសុទ្ធតែឡើងទទួលសញ្ញាបត្រនៅលើឆាកជាមួយក្រុមគ្រួសារពួកគេ។ ប៉ុន្តែបែរជាក្រុមគ្រួសារខ្ញុំមិនបានមកទៅវិញ។ យ៉ាងណាមិញ មានគ្រូរបស់ខ្ញុំបានបណ្តើរខ្ញុំឡើងលើឆាកដើម្បីទទួលសញ្ញាបត្រដែរ។» 

លោកបានរៀបរាប់បន្ថែមទៀតថា៖

«ខណៈពេលខ្ញុំកំពុងតែដើរឡើងលើឆាក មានគ្រូខ្ញុំម្នាក់បានឡើងលើឆាកចាំខ្ញុំដើម្បីឱបខ្ញុំ។ នៅគ្រានោះ ភាពសោកសៅរបស់ខ្ញុំបានរសាយបាត់ទៅ ប៉ុន្តែខ្ញុំនៅតែទ្រហោយំចំពោះមុខមនុស្សគ្រប់គ្នា។» 

រូបលោក Jeric នៅថ្ងៃបញ្ចប់ការសិក្សា

នៅចុងបញ្ចប់នៃសារដែលបានបង្ហោះនៅលើហ្វេសប៊ុក លោក Jeric បានអរគុណដល់លោកគ្រូអ្នកគ្រូរបស់លោក និងមនុស្សគ្រប់គ្នាដែលបានជួយលោកឆ្លងកាត់ពេលវេលាលំបាករហូតដល់បានបញ្ចប់ការសិក្សា។

សម្រាប់ប៉ាម៉ាក់លោកវិញ បើទោះបីជាទទួលបានការបដិសេធ និងឈឺចាប់ពីពួកគាត់ក្តី ក៏លោកនៅតែអរគុណពួកគាត់ និងសង្ឃឹមថានៅថ្ងៃណាមួយ ពួកគាត់នឹងមានមោទនភាពចំពោះលោក។

«សម្រាប់ប៉ាម៉ាក់ខ្ញុំ ដែលពីមុនរហូតដល់ពេលបច្ចុប្បន្នមិនអាចទទួលខ្ញុំនៅក្នុងឆាកជីវិតពួកគាត់។ ប្រសិនបើប៉ាម៉ាក់កំពុងតែអានសារមួយនេះ នេះគឺជាខ្ញុំនៅពេលនេះ ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើឱ្យប៉ាម៉ាក់មានមោទនភាព...» (សាររបស់លោក Jeric)

នេះពិតជារឿងដ៏កំសត់និងសប្បាយព្រមគ្នាក្នុងពេលតែមួយពិតមែន។ តើអ្នកធ្លាប់ស្គាល់នរណាម្នាក់ ដែលមានរឿងរ៉ាវស្រដៀងគ្នាបែបនេះទេ? សូមចែករំលែកគំនិតរបស់អ្នក និងរឿងរ៉ាវនៅក្នុង Comment ខាងក្រោម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]