ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវជនមិនស្គាល់មុខយកកាំបិតកាប់ពីក្រោយជិតដាច់ក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ។ ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ មុខវត្តស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋានខេត្តសៀមរាបទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រឿន ហូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានប្រពន្ធឈ្មោះ ប៉ិក ថាច អាយុ២៩ឆ្នាំ។
លោកស្នងការរងបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ ក្រុមសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់បំផុត ទោះបីជាជនដៃដល់ជាឃាតករមិនត្រូវបានស្គាល់អត្តសញ្ញាណក៏ដោយ។
លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបានថា ជាករណីប្លន់ ឬជាករណីគំនុំអ្វីនោះទេ ព្រោះកំពុងតែស្រាវជ្រាវ ហើយវាំងននខ្មៅនឹងត្រូវបើកនៅពេលក្រោយជាក់ជាពុំខានឡើយ។
បើតាមការសន្និដ្ឋានបឋមរបស់ការិយាល័យនគរបាលបច្ចេសបានឱ្យដឹងថា ជនរងគ្រោះអាចត្រូវគេសម្លាប់ ហើយទំលាក់ចុះពីក្នុងរថយន្តនៅវេលាយប់ ព្រោះដោយសារតែឃើញកន្លែងខាងលើអត់សូវមានអ្នកធ្វើដំណើរ ហើយឃាតករអាចជាអ្នកស្គាល់គ្នា សង្ស័យមកពីផឹកស៊ីជាមួយគ្នាផងក៏មិនដឹង និងប្រហែលជាមានគំនុំជាមួយជនរងគ្រោះពីមុនមកក៏ថាបាន ទើបហ៊ានធ្វើដូច្នេះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]