ដំឡូងពណ៌ស្វាយ មានរូបរាងដូចជាដំឡូងជ្វាពណ៌ស និងលឿងធម្មតាដែរ តែមានរសជាតិខុសគ្នាបន្តិចបន្តួច ដោយក្នុងនោះដំឡូងពណ៌ស្វាយក៏អាចយកមកច្នៃជាបង្អែម និងអាហារសម្រាប់ទទួលទាន ដ៏មានរសជាតិផ្អែមឆ្ងាញ់ដែរ។ នៅក្នុងនោះ ដំឡូងពណ៌ស្វាយមានផ្ទុកនូវវីតាមីន និងធាតុរ៉ែសំខាន់ៗជាច្រើនអាចជំនួយសុខភាពទូទៅបានយ៉ាងប្រសើរដូចជា វីតាមីន A វីតាមីន C វីតាមីន E កាបូអ៊ីដ្រាត ប៉ូតាស្យូម កាល់ស្យូម និងសារធាតុសំខាន់ជាច្រើនមុខទៀត។

ហេតុនេះហើយ ការទទួលទានដំឡូងពណ៌ស្វាយ អាចជួយដល់សុខភាពរបស់អ្នកបានជាច្រើនយ៉ាងដូចជា៖

ដំឡូងពណ៌ស្វាយ

# អត្ថប្រយោជន៍ទាំង ១៣ យ៉ាងនៃដំឡូងពណ៌ស្វាយ

១. ដំឡូងពណ៌ស្វាយ មានផ្ទុកនូវសារធាតុកាបូអ៊ីដ្រាត ដែលអាចជួយជំនួសឱ្យការទទួលទានបាយជាប្រចាំបាន ដូច្នេះអ្នកអាចទទួលទានដំឡូងពណ៌ស្វាយនេះជំនួសបាយដើម្បីតមអាហារសម្រកទម្ងន់ ឬដើម្បីកាត់បន្ថយការទទួលទានបាយបានផងដែរ។

២. សារធាតុកាកសរសៃអាហារ (Fiber) ដ៏ច្រើនលើសលប់នៅក្នុងដំឡូងពណ៌ស្វាយ ត្រូវបានគេដឹងថាអាចជំនួយសុខភាពក្រពះពោះវៀន និងការរំលាយអាហារឱ្យដំណើរការល្អ ថែមទាំងការពារបញ្ហាជំងឺផ្សេងៗបាន។

៣. ដំឡូងពណ៌ស្វាយ អាចជួយធ្វើឱ្យចលនាលំហូរឈាមដំណើរការល្អ និងរត់សព្វពេញរាងកាយ ដែលជាគុណប្រយោជន៍នៅក្នុងការការពារបញ្ហាសុខភាពមួយចំនួនធំ។

ដំឡូងពណ៌ស្វាយ

៤. ការទទួលទានដំឡូងស្វាយជាទៀងទាត់អាចជួយការពារជំងឺពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ថែមទាំងការពារការលាប់ឡើងវិញនូវការកើតជំងឺហឺតទៀតផង។

៥. នៅក្នុងដំឡូងពណ៌ស្វាយ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចជួយការពារកើតរីករាលដាលនៃកោសិកាមហារីក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកកាចសាហាវជាច្រើនប្រភេទផងដែរ។

៦. ដំឡូងពណ៌ស្វាយត្រូវបានគេណែនាំជាពិសេស សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ព្រោះថាដំឡូងមួយប្រភេទនេះមានសារធាតុសំខាន់ៗជាច្រើនមុខ ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ធ្វើឱ្យជាតិស្ករក្នុងឈាមដំណើរការល្អ និងមិនប៉ះពាល់ដល់សុខភាពអ្នកកើតជំងឺទឹកនោមផ្អែមដូចការទទួលទានបាយធម្មតានោះទេ។

ដំឡូងពណ៌ស្វាយ

៧. វីតាមីនពិសេសៗ និងសារធាតុ Beta-Carotene នៅក្នុងដំឡូងពណ៌ស្វាយ ត្រូវបានគេដឹងទៀតថា អាចជំនួយដល់សុខភាពបេះដូងទូទៅ ការពារការកើតជំងឺបេះដូងជាច្រើនប្រភេទ និងជំងឺសរសៃឈាមបេះដូងផងដែរ។

៨. ដំឡូងពណ៌ស្វាយ មានផ្ទុកការឡូរីទាបបំផុត ដែលស័ក្តិសមសម្រាប់អ្នកដែលចង់តមអាហារសម្រកទម្ងន់ទទួលទាន ជាពិសេសវាថែមទាំងអាចគ្រប់គ្រងទម្ងន់បានយ៉ាងល្អមិនឱ្យឡើងហួសមាធ ថែមទាំងអាចកាត់បន្ថយចំណង់ទទួលទានទៀតផង។

៩. សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងពណ៌ស្វាយ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំ ជួយប្រឆាំងនឹងការវាយលុយពីជំងឺផ្សេងៗក្នុងរាងកាយផងដែរ។

១០. ការទទួលទានដំឡូងពណ៌ស្វាយ ពិតជាជាល្អពិសេសសម្រាប់អ្នកដែលកើតជំងឺលើសឈាម ឬឡើងសម្ពាធឈាមបាន ដោយវាមានផ្ទុកនូវសារធាតុសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចធ្វើឱ្យសម្ពាធឈាមដំណើរការល្អ ការពារការឡើងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមទៀតផង។

ដំឡូងពណ៌ស្វាយ

១១. នៅក្នុងដំឡូងពណ៌ស្វាយ ក៏មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាករាងកាយផ្សេងៗជាច្រើនផ្នែក ថែមទាំងអាចការពាររាងកាយពីពពួកមេរោគ និងបាក់តេរីដែលជាជំងឺឆ្លងបានផងដែរ។

១២.ពិតជាពិសេស ដំឡូងពណ៌ស្វាយមានផ្ទុកនូវវីតាមីនល្អៗជាច្រើនដូចជា វីតាមីន A វីតាមីន C និងវីតាមីន E ដែលសំខាន់ចាំបាច់បំផុតសម្រាប់សុខភាពស្បែក ដោយធ្វើឱ្យសម្រស់របស់អ្នកស្រស់ស្អាត ភ្លឺរលោង ចេញពីខាងក្នុងខ្លួនតែម្តង។

១៣. ដំឡូងពណ៌ស្វាយ មិនត្រឹមតែល្អសម្រាប់អ្នកដែលចង់តមអាហារដើម្បីធ្វើការសម្រកទម្ងន់នោះទេ តែសម្រាប់អ្នកដែលមានរាងកាយស្គមស្គាំង ចង់ធាត់ និងមិនងាយឡើងទម្ងន់វិញនោះ ការទទួលទានដំឡូងពណ៌ស្វាយបែរជាអាចជួយឱ្យអ្នកចាប់ផ្តើមមានសាច់មានឈាម និងឡើងទម្ងន់សមតាមចិត្តប្រាថ្នាទៅវិញ៕  

ដំឡូងពណ៌ស្វាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]