ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ចិត្តខ្លាំង ព្រោះតែខឹងនឹងប្អូនយកឡានជិះដើរលេងគ្មានការអនុញ្ញាតិ ស្រាប់តែដុតបំផ្លាញរថយន្តរបស់ខ្លួនចោលបណ្តាលឲ្យឆេះអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹង បង្កឱ្យការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរថយន្តពន្លត់អគ្គិភ័យទាំងយប់ ដែលបានកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា បញ្ហាដុតបំផ្លាញរថយន្តនេះ គឺបណ្តាលមកពីកើតរឿងជម្លោះរវាងបុរសជាបងឈ្មោះ ផុន សក្កដា ហៅដា អាយុប្រមាណ៣០ឆ្នាំ រស់នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ បានខឹងនឹងប្អូនប្រុសរបស់ខ្លួនឈ្មោះ ផុន ឧភាល័យ ហៅណាផា អាយុ២៥ឆ្នាំ ដែលបានយកឡានរបស់ខ្លួនម៉ាកតូយូតាកាមរីក ពណ៌ត្រេអ៊ី ស៊េរី២០០១ ដោយគ្មានការអនុញ្ញាតិបើកជិះដើរលេង បង្កឱ្យមានការខឹងសម្បា ។ ខណៈពេលប្អូនមកដល់ក៏ប៉ះសំដីគ្នាក្លាយជាហិង្សាដុតឡានចោល ដើម្បីកុំឲ្យបានជិះទាំងអស់គ្នាតែម្តងទៅ។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានចាត់ឲ្យមន្ត្រីនគរបាលពន្លត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គិភ័យទៅពន្លត់ តែដោយអំណាចភ្លើងសាំងឆេះខ្លាំងហើយលឿន រថយន្តទាំងមូលត្រូវឆេះអស់នៅសល់តែគ្រោងឆ្អឹង ទោះយ៉ាងក៏បានបាញ់ទឹកពន្លត់កុំឲ្យមានការរាលដាលទៅកន្លែងផ្សេង។ នេះមិនខុសពីពាក្សចាស់លោកពោលថា ខឹងខុស ខឹងខូច ខឹងខាត នោះឡើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]