សិង្ហបុរី៖ ដោយសារតែភាពធ្វេសប្រហែស រវល់តែជក់និយាយទូរស័ព្ទបណ្តើរ រត់ឆ្លងផ្លូវបណ្ដើរ នារីស្រស់ស្អាតសិង្ហបុរីម្នាក់ ត្រូវបានរថយន្តតាក់ស៊ីមួយគ្រឿងបុកដួលដី ប៉ុន្តែសំណាងល្អហើយ ដែលពុំបានរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ទី៥ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៣និង១២នាទីរសៀល ត្រង់ចំណុចផ្លូវ Lavender ជិតផ្លូវ Kempas ក្នុងតំបន់ Bendemeer ប្រទេសសិង្ហបុរី។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព របស់រថយន្តមួយគ្រឿងនៅកន្លែងកើតហេតុនោះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់នារីរងគ្រោះ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ មិនបានដើរឆ្លងផ្លូវឲ្យបានត្រឹមត្រូវ នៅទីតាំងភ្លើងស្តុបដែលមានគំនូសសញ្ញាឆ្លងផ្លូវ សម្រាប់អ្នកថ្មើរជើងនោះទេ។ ពោលគឺ នាងហាក់ស្ថិតក្នុងស្ថានភាពប្រញាប់ប្រញាល់ខ្លាំង រត់រឡាក់រឡើតមកឆ្លងផ្លូវ កាត់មុខឡានគេមុខឡានឯង ទាំងដែលកំពុងជាប់ស្តុប និងថែមទាំងនិយាយទូរស័ព្ទបណ្ដើរទៀតផង។ ជារឿងស៊យធំ រត់ឆ្លងផ្លូវមិនទាន់ផុតផង នាងក៏ត្រូវរថយន្តតាក់ស៊ីមួយគ្រឿង វាក់អើកាត់មុខ បុកដួលនឹងដីតែម្តង។

ក្រោយកើតហេតុ គេក៏ឃើញម្ចាស់បើកបររថយន្តតាក់ស៊ីនោះ បានចុះមកជួយគ្រានារីរងគ្រោះខាងលើនេះឡើង នាំទៅអែបផ្លូវផងដែរ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា នារីរងគ្រោះនោះរងរបួសធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។ ប៉ុន្តែដោយផ្អែកតាមស្ថានភាពជាក់ស្តែង គេជឿជាក់ថា វាអាចនឹងធូរស្រាលសម្រាប់នាង ព្រោះនាងក៏អាចងើបដើរបានដោយខ្លួនឯងផងដែរ។ គេក៏មិនដឹងទេថា ភាគីទាំងសងខាងនឹងមានការដោះស្រាយគ្នា ឬបែបណានោះទេ។

រូបភាពក្នុងថ្ងៃកើតហេតុ

អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបញ្ចេញមតិជុំវិញនឹងករណីនេះ ដោយជំរុញឲ្យអ្នកថ្មើរជើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពិសេសចៀសវាងការប្រើប្រាស់ទូរស័ព្ទ ក្នុងកំឡុងពេលដើរឆ្លងផ្លូវ ហើយក៏គួរតែដើរឆ្លងផ្លូវឲ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលមានភ្លើងស្តុបអាទិភាពសម្រាប់អ្នកថ្មើរជើង ឬនៅទីតាំងត្រឹមត្រូវ(មានគំនូសសញ្ញាជាដើម)ដែលគួរដើរឆ្លងកាត់ ដើម្បីធានាសុវត្ថិភាពផងដែរ។

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]