ត្បិតថាផ្លែសារី មិនសូវមានគេនិយមទទួលទានច្រើនដូចផ្លែប៉ោម តែការទទួលទានផ្លែសារីជាប្រចាំអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ បង្ការការហើមពោះ ការពារជំងឺមហារីក បញ្ហាសរសៃឈាមបេះដូង ជំនួយឆ្អឹង សាច់ដុំ ធ្វើឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ ជួយដល់ការសម្រកទម្ងន់ និងជំនួយសុខភាពច្រើនយ៉ាងខ្លាំងណាស់។

នៅក្នុងនោះ ដើម្បីងាយស្រួលទទួលទាន និងទទួលបានអត្ថប្រយោជន៍ច្រើនបន្ថែមទៀតពីផ្លែសារី អ្នកក៏អាចយកផ្លែសារីកិនជាទឹកផ្លែឈើទទួលទានបានយ៉ាងឆ្ងាញ់ពិសាប្រកបដោយអត្ថប្រយោជន៍សុខភាព និងរូបសម្រស់ក្នុងពេលតែមួយផងដែរ។

ដូច្នេះមកតាមដាន វិធីធ្វើទឹកផ្លែសារី ងាយៗ រួមទាំងអត្ថប្រយោជន៍ពិសេសៗទាំង ១១មុខ ៖

ទឹកផ្លែសារី

# ការធ្វើទឹកផ្លែសារី

គ្រឿងផ្សំ

- ផ្លែសារី ៤ផ្លែ

- ផ្លែក្រូច ១ផ្លែ

- ផ្លែក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ផ្លែ

- អំបិលបន្តិច

- ទឹកកកដុំបន្តិច

គ្រឿងផ្សំ ធ្វើទឹកផ្លែសារី

ការអនុវត្ត

- ជាដំបូងលាងផ្លែសារីឱ្យស្អាត ចិតសម្បកចេញ រួចកាត់ជាដុំៗរួចយកទៅក្រឡុកជាមួយទឹកក្រូចច្របាច់ ទឹកក្រូចឆ្មារច្របាច់ រួចបន្ថែមអំបិលមួយចិបឱ្យហ្មត់ល្អ

- បន្ទាប់មកច្រោះតែទឹកមកទទួលទាន ដោយបន្ថែមជាមួយដុំទឹកកកជាការស្រេច។

ធ្វើទឹកផ្លែសារី

#អត្ថប្រយោជន៍នៃទឹកផ្លែសារី

១. ជំនួយប្រព័ន្ធរំលាយអាហារ

សារធាតុសំខាន់ៗ និងជាតិកាកសរសៃអាហារនៅក្នុងទឹកផ្លែសារី អាចជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ព្យាបាលអាការឈឺក្រពះ និងរលាកក្រពះពោះវៀន។ បន្ថែមពីនោះ ការទទួលទានទឹកផ្លែសារីជាប្រចាំថែមទាំងជួយឱ្យចលនាពោះវៀនដំណើរការល្អទៀតផង។

២. ការពារជំងឺទាក់ទងនឹងការហូរឈាមខុសប្រក្រតី

វីតាមីន K ដែលមាននៅក្នុងទឹកសារី អាចជួយបង្កកឈាមក្នុងរាងកាយការពាររាងកាយពីការកើតជំងឺជាច្រើនមុខដែលទាក់ទងនឹងការធ្លាក់ ឬហូរឈាមខុសប្រក្រតីដូចជា៖ ការពារការឈាមច្រមុះ ឈាមអញ្ចេញធ្មេញ ការហូរឈាមខុសប្រក្រតីពេលមករដូវ និងជំងឺប្ញសដូងបាតជាដើម។

៣. ការពារជំងឺមហារីក

សារធាតុចិញ្ចឹមពិសេសៗដែលមាននៅក្នុងផ្លែសារីដូចជា៖ Cetechins Quercetin Flavonols Beta-Carotene វីតាមីន C និង Epicatechins បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាហេតុបង្កឱ្យកើតមានជំងឺមហារីក។ ដូច្នេះការទទួលទានទឹកផ្លែសារីពិតជាល្អពិសេសក្នុងការកាត់បន្ថយហានិភ៍យនៃជំងឺមហារីកបានច្រើនមុខណាស់។

ទឹកផ្លែសារី

៤. ជំនួយសរសៃឈាមបេះដូង

ការទទួលទានទឹកផ្លែសារី ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗ និងជាតិប៉ូតាស្យូម ដែលជំនួយដល់សុខភាពសរសៃឈាមឱ្យដំណើរការល្អ កាត់បន្ថយជំងឺលើសឈាម ភាពតានតឹងនៃសរសៃឈាម និងជំងឺទាក់ទងនឹងសរសៃឈាមបេះដូងមួយចំនួនបានផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ

វីតាមីន C ដែលមាននៅក្នុងទឹកផ្លែសារី អាចជួយឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ ថែមទាំងអាចប្រឆាំងនឹងសារធាតុអុកស៊ីតកម្មដែលបង្ករជាជំងឺរ៉ាំរ៉ៃ និងការរលាករាងកាយផ្សេងៗទៀតផង។ ដូច្នេះអ្នកគួរតែទទួលទានទឹកសារីយ៉ាងហោច ៣កែវក្នុងមួយសប្តាហ៍ដើម្បីការពារ និងព្យាបាលបញ្ហារលាក ឬជំងឺផ្សេងៗ។

៦. ជំនួយសាច់ដុំ និងសរសៃពួរផ្សេងៗ

កង្វះសារធាតុរ៉ែមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់សរសៃពួររាងកាយ និងរលាកសាច់ដុំបាន ជាពិសេសគឺមនុស្សចាស់តែម្តងងាយរងនឹងបញ្ហាសាច់ដុំនេះខ្លាំងណាស់។ ដូច្នេះអ្នកគួរតែទទួលទានទឹកសារីជាប្រចាំដើម្បីការពារសាច់ដុំអ្នកឱ្យរឹងមាំ ជាពិសេសអ្នកដែលទើបតែហាត់ប្រាណរួច គួរតែទទួលទានទឹកសារីស្រស់ៗមួយកែវដើម្បីជួយការពារ ឬព្យាបាលសាច់ដុំពីរបួសផ្សេង ថែមទាំងអាចពង្រឹងសាច់ដុំឱ្យរឹងមាំសម្រាប់អ្នកដែលហាត់យកសាច់ដុំទៀតផង។

ទឹកផ្លែសារី

៧. ប្រយុទ្ធប្រឆាំងនឹងបញ្ហាឆ្អឹង

វ័យកាន់តែច្រើនងាយទទួលរងនឹងបញ្ហាឆ្អឹងខ្លាំងណាស់ ដូចជាឆ្អឹងខ្សោយ និងបញ្ហាពុកឆ្អឹងជាដើម។ ដូច្នេះអ្នកគួរតែទទួលទានទឹកផ្លែសារីជាប្រចាំដើម្បីពង្រឹងសុខភាពឆ្អឹងផង ថែមទាំងការពារការកើតជំងឺឆ្អឹងៗផ្សេងៗពេលចូលដល់វ័យចំណាស់ផងដែរ។

៨. ការពារជំងឺស្លេកខ្លាំង

ជំងឺស្លេកស្លាំងអាចកើតមានចំពោះមនុស្សគ្រប់វ័យ ថែមទាំងធ្វើឱ្យរាងកាយទន់ខ្សោយ ហេវហត់ អស់កម្លាំង និងល្ហិតល្ហៃ ប្រសិនជារាងកាយរបស់អ្នកកង្វះខាតជាតិដែកគ្រប់គ្រាន់ ។ នៅក្នុងនោះទឹកផ្លែសារី ត្រូវបានគេដឹងថាផ្ទុកនូវសារធាតុសំខាន់ ដែលអាចជួយបង្កើនជាតិដែកក្នុងខ្លួន ដែលជាហេតុធ្វើឱ្យការផលិតកោសិកាឈាមក្រហមកាន់តែច្រើនជាងមុនបង្ការ និងព្យាបាលបញ្ហាសេ្លកស្លាំង ខ្វះឈាមផងដែរ។

៩. ប្រយុទ្ធប្រឆាំងជំងឺ អាល់ហ្សៃមឺរ (Alzheimer)

ជំងឺ អាល់ហ្សៃមឺរ (Alzheimer) គឺជាជំងឺដែលកើតមានចំពោះអ្នកដែលមានវ័យចំណាស់ ធ្វើឱ្យមានការភ្លេចភ្លាំង វង្វេងវង្វាន់ រួមទាំងបង្កជាបញ្ហាគួរឱ្យបារម្ភមួយចំនួន។ ដូច្នេះការទទួលទានទឹកផ្លែសារី ត្រូវបានគេដឹងថាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងបញ្ហាផ្សេងៗទាក់ទងនឹងជំងឺអាល់ហ្សៃមឺរ ថែមទាំងជំនួយដល់ការចងចាំកាន់តែប្រសើរឡើង ធ្វើឱ្យខួរក្បាលមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺទាក់ទងនឹងសរសៃប្រសាទជាច្រើនមុខផងដែរ។

ទឹកផ្លែសារី

១០. ជួយសម្រកទម្ងន់

ទឹកផ្លែឈើមួយចំនួន រួមទាំងទឹកផ្លែសារីផងដែរ គឺជាមធ្យោបាយដ៏ពិសេសជួយដល់ការសម្រកទម្ងន់ និងសម្រាប់អ្នកដែលចង់រក្សារាងឱ្យស្លីមស្អាត។ ដោយនៅក្នុងទឹកផ្លែសារី គ្មានសារធាតុធ្វើឱ្យធាត់ទាល់តែសោះ មានបរិមាណកាឡូរីតិចបំផុត ថែមទាំងមានផ្ទុកនូវជាតិកាកសរសៃអាហារទៀត។ ដូច្នេះការទទួលទានទឹកផ្លែសារី ពិតជាផ្ទុកនូវវីតាមីន និងសារធាតុរ៉ែពិសេសណាស់សម្រាប់ជំនួយសុខភាពផង ជំនួយដល់ថាមពលរាងកាយផង ថែមទាំងធ្វើឱ្យអ្នកឆាប់ឆ្អែតមិនសូវឃ្លានអាហារផ្តេសផ្តាសដែលជាហេតុធ្វើឱ្យអ្នកអាចសម្រកទម្ងន់បានផងដែរ។

១១.ជំនួយស្បែក

នៅក្នុងទឹកផ្លែសារី សម្បូរទៅដោយវីតាមីនចម្រុះ សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និង phytonutrients ដែលអាចជំនួយស្បែកឱ្យមានសុខភាពល្អ មានសភាពទន់ភ្លឺរលោងស្រស់ស្អាត ថែមទាំងការពារស្បែកពីបញ្ហារលាក និងជំងឺស្បែកផ្សេងៗទៀតផង៕ 

ទឹកផ្លែសារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]