ចិន៖ ភ្ញៀវទេសចរណាដែលគ្មានសណ្តាប់ធ្នាប់ នៅក្នុងទីក្រុងប៉េកាំង តិចទៀត ពួកគេទាំងនោះនឹងមិនអាចចូលទៅក្នុងតំបន់កម្សាន្តធំៗមួយចំនួនបានទៀតទេ ព្រោះតែបច្ចេកវិទ្យាស្កេនមុខ។

យោងតាមប្រភពសារព័ត៌មានចិនច្បាស់ការណ៍មួយបានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់កំពុងតែគ្រោងរៀបចំផែនការដំឡើងកាមេរ៉ាជាច្រើន ដែលបំពាក់បច្ចេកវិទ្យាស្កេនមុខដ៏ពិសេសនៅតាមតំបន់កម្សាន្តសំខាន់ៗមួយចំនួននៅក្នុងទីក្រុង ដើម្បីទប់ស្កាត់ភ្ញៀវទេសចរណា ដែលមានអាកប្បកិរិយាអាក្រក់និងគ្មានសណ្តាប់ធ្នាប់។

សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន

នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ចិនបានដាក់ពង្រាយប្រព័ន្ធស្កេនមុខជាច្រើន រួមមាននៅស្ថានីយ៍រថភ្លើងជាដើម។

យ៉ាងណាមិញ គម្រោលថ្មីមួយនេះ នឹងត្រូវបានអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញនៃទង្វើមិនសមរម្យរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បន្ថែមពីនេះទៀត បច្ចេកវិទ្យាស្កេនមុខនេះ នឹងចាប់យកភ្ញៀវទេសចរណាដែលគ្មានសណ្តាប់ធ្នាប់ចូលទៅក្នុងបញ្ជីខ្មៅ (Blacklist) ហើយពួកគេនឹងត្រូវបានពិន័យមិនឱ្យចូលទៅកន្លែងធំៗមួយចំនួន ដូចជា សារមន្ទីរ សួនកម្សាន្ត និងតំបន់កម្សាន្តធំៗផ្សេងៗទៀត។ 

សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន

វិធានការនេះ ត្រូវបានអនុវត្ត បន្ទាប់ពីមានរឿងជាច្រើនបានកើតឡើងក្នុងអំឡុងពេលបុណ្យឆេងម៉េងនៅស្រុកចិត្ត ដែលត្រូវនឹងថ្ងៃទៅ០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។

យោងតាមក្រសួងទេសចរណ៍និងវប្បធម៌របស់ចិនបានឱ្យដឹងថា ចំនួនអ្នកធ្វើដំណើរទៅស្រុកកំណើតមានប្រមាណ ១១២លាននាក់ នៅក្នុងអំឡុងពេលថ្ងៃបុណ្យឆេងម៉េងកន្លងទៅនេះ ហើយចំនួនទាំងនេះគឺកើនឡើងដល់ទៅ ១០.៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

បន្ថែមពីនេះទៀត នៅក្នុងទីក្រុងប៉េកាំង ចំនួនអ្នកទស្សនាមានជាង ៥៩ម៉ឺននាក់មកទស្សនាសួនកម្សាន្តកាលពីថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។

ប៉ុន្តែជាអកុសល គ្រាន់តែរយៈពេល ៣ថ្ងៃនៃបុណ្យឆេងម៉េងនេះ មានភ្ញៀវទេសចរចិនជាច្រើន ត្រូវបាន គេរាយការណ៍ថា ពួកគេបានឡើងទៅលើដើមឈើ, បេះផ្កា, បំផ្លាញរុក្ខជាតិ, ស្ទួចត្រីចេញពីក្នុងបឹង ហើយសូម្បីតែលក់របស់ខុសច្បាប់នៅសួនកម្សាន្តក៏មានដែរ។ 

សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន
សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន
សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន

ដូច្នេះបាន ជារដ្ឋាភិបាលចិនបានបង្កើតគម្រោងនេះឡើង ដើម្បីទប់ស្កាត់រឿងទាំងអស់នេះកើតឡើងម្តងទៀត។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលចិនបានរឹតបន្តឹង និងពិន័យចំពោះជនណា ដែលធ្វើសកម្មភាពមិនសមរម្យ ឬគ្មានសណ្តាប់ធ្នាប់នោះ។

តួយ៉ាងកាលពីឆ្នាំមុន មានប្រជាជនជាង ១៧.៥ លាននាក់ត្រូវបានហាមឃាត់មិនឱ្យទិញសំបុត្រយន្តហោះ ព្រោះតែបទល្មើសមួយចំនួន ក្នុងនោះរួមមាន ការមិនព្រមបង់ប្រាក់ពិន័យក៏មានផងដែរ៕ 

រូបតំណាងបច្ចេកវិទ្យាស្កេនមុខ
សកម្មភាពមិនសមរម្យរបស់ភ្ញៀវចិន
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]