ភ្នំពេញ ៖ ដូចដែលបានគ្រោងទុក អ្នកទោសថៃ នាង រ៉ាត់ទ្រី ត្រូវបានរាជរដ្ឋាភិបាល ដោះលែងឲ្យមានសេរីភាព នៅក្នុងថ្ងៃដង្ហែព្រះបរមរតនកោដ្ឋ វេលាម៉ោង៤ រសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន បានប្រាប់ម្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ថា អ្នកទោសថៃ ម្នាក់នាង រ៉ាត់ទ្រី ប៉ៃប៉ូតាណាប៉ៃប៉ូន នឹងត្រូវបានដោះលែង ឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីដង្ហែព្រះបរមសព ដែលជាការព្រះរាជទានទោស របស់ព្រះមហាក្សត្រខ្មែរ វេលាម៉ោង៤រសៀលថ្ងៃនេះ ចំណែក លោក វីរៈស៊ុមក្វាងឃីត និងត្រូវបានរាជរដ្ឋាភិបាលបន្ធូរបន្ថយ ទោសផងដែរ។ ដោយឡែកអ្នកទោសខ្មែរចំនួន ៤១២នាក់ ផ្សេងទៀត នឹងត្រូវដោះលែង នៅថ្ងៃទី០៤ ខែកុម្ភៈ ជាថ្ងៃថ្វាយព្រះភ្លើង។

លោកបន្តថា “ការធ្វើពិធីប្រកាស ដោះលែងអ្នកទោសថៃនេះ នឹងធ្វើឡើងនៅ គុកព្រៃសនៅល្ងាចម៉ោង៤ ហើយនៅពេលដែលធ្វើពិធី ប្រកាសដោះលែងរួចរាល់នោះ យើងនឹងប្រគល់នាងរ៉ាត់ទ្រី ទៅឲ្យឯកអគ្គរាជទូតថៃតែម្តង ដែលចូលរួមធ្វើជាតំណាង”។

រាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើការ ដោះលែងអ្នកទោស ជារៀងរាល់ពីរដងក្នុងមួយឆ្នាំ គឺថ្ងៃ បុណ្យអុំទួក និងថ្ងៃចូលឆ្នាំខ្មែរ។ ប៉ុន្តែនេះជាករណីពិសេស ដែលរាជ រដ្ឋាភិបាល និងព្រះបរមរាជវាំង ត្រូវធ្វើការដោះលែង ខណៈថ្វាយព្រះភ្លើង បូជាព្រះបរមសព របស់ព្រះមហាវីរក្សត្រ ខ្មែរ ព្រះបាទនរោត្តម សីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខនេះ។

ក្នុងការដោះលែងអ្នកទោសនាងរ៉ាត់ទ្រី និងការបន្ធូរបន្ថយទោសដល់ លោក វីរៈស៊ុមក្វាងឃីតនេះដែរ កាលពីពេលកន្លងទៅនោះ នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បានផ្តល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា លើកលែងទោស ដល់ទណ្ឌិតថៃ២នាក់ គឺលោក វីរៈស៊ុមខ្វាង ឃីត និង នាងរ៉ាទ្រីនោះ ដោយលោកស្រីបានថ្លែង អំណរគុណចំពោះកម្ពុជាដែល បានសម្រេចដោះលែង និងបន្ធូរបន្ថយទោសពួកគេ៕

Photo by DAP-NEWS

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]