ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីរសៀលថ្ងៃទី៩ មេសា មានភ្ញាក់ផ្អើលក្រោយប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈដែលគ្រោងឆ្អឹងនោះ គឺជាមនុស្សដែលគ្រួសារកំពុងតាមស្វែងរកជាច្រើនមកហើយ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលសល់តែគ្រោងឆ្អឹងខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិឃុំខាងលើ ហើយជាមនុស្សមានសតិមិនគ្រប់ ដែរ ។
តាមការបំភ្លឺពីឈ្មោះ បូ ចាន់នី ភេទស្រី ត្រូវជាបងថ្លៃរបស់នារីរងគ្រោះថា ជនរងគ្រោះបានដើរ ចេញបាត់ពីផ្ទះនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ឯណោះ ដោយមិនឃើញត្រឡប់មកផ្ទះវិញទេ ហើយសាច់ញាតិ និងក្រុមគ្រួសារ ក៏កំពុងតាមរកនាងគ្រប់ទីកន្លែងដែរ នៅតែរកមិនឃើញ សូម្បីដំណឹងក៏គ្មាន ។
ប្រភពបន្តថា លុះនៅរសៀលថ្ងៃទី៩ មេសា នេះ ឈ្មោះតុង ម៉ាប់ ភេទប្រុស ជាប្រជាពលរដ្ឋ រស់នៅឃុំអន្លង់រមៀត បានដើររកត្រីនៅក្នុងដីឡូត៍ទុកចោល ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀតនោះ ក៏បានប្រទះ ឃើញគ្រោងឆ្អឹងសពនៅក្នុងដីខាងលើ រួចក៏បានរាយការណ៍ជូនមកសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹង។
បន្ទាប់មក សមត្ថកិច្ចបានបង្កើតគណៈកម្មការចុះទៅពិនិត្យគ្រោងឆ្អឹងនោះ ។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច គឺសពស្លាប់ក្បាលបែរទៅទិសខាងត្បូង គ្រោងឆ្អឹងមានសភាពរប៉ាត់រប៉ាយ គ្រោងឆ្អឹងពុកផុយកប់នឹងរបាយឫសកក់ពីឆ្អឹងក្បាល ។ សាកសពស្លាប់ស្លៀកខោកៅស៊ូយឺត ពណ៌ស្វាយផ្កាចម្រុះ ជើងត្រឹមក្រោមក្បាលជង្គង់ ចង្កេះខោ មានចងខ្សែក្របួច ពណ៌បៃតង ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញខេត្តនិងស្រុក សពអាចនឹងស្លាប់ដោយសារការលង់ទឹក ។ កន្លងមកជនរងគ្រោះធ្លាប់ចេញបាត់ រយៈពេលពី១ខែទៅ ២ខែ ទើបចូលផ្ទះវិញ ។ ប៉ុន្តែលើកនេះ នាងបាត់យូរដោយបាត់រហូតទាល់ប្រទះឃើញគ្រោងឆ្អឹងផ្អើលតែម្តង ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]