រាជធានី​ភ្នំពេញ ៖ បាន​រៀបការ​តាមទៅ​ប្រពៃណី​អស់​រយៈពេល​៩​ឆ្នាំ​ និង​​មាន​ទាំង​​​កូនផងនោះ ស្រាប់តែ​ប្រពន្ធ​​បែរ​ទៅ​​បង្កាត់ភ្លើង​ស្នេហ៍ ​ជាមួយ​ប្រុស​ក្មេង​ជា​សាហា​យ ហើយត្រូវប្តី​ចាប់ភស្តុតាង​​បាន​ជាក់ស្តែង គឺខណៈពួកគេ​​​កំពុង​ដោះ​សម្លៀក​បំពាក់ បម្រុង​រួមភេទត្រូវប្តីធាក់ទ្វារទម្លុះចូលទៅ និងបានថតរូបទៀតផង ។​

ហេតុការណ៍នេះ កើតឡើងកាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​០៦ ​មេសា ស្ថិត​នៅ​បន្ទប់​ជួល​​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ និងបានបង្កការភ្ញាក់​ផងដែរ ដោយ​មានស​មត្ថ​កិច្ច​បាន​ចុះ​ទៅឃាត់ខ្លួន​ស្ត្រីជាប្រពន្ធរួមទាំងប្រុសសហាយយកទៅសួរនាំ ក្រោយបុរសជា​ប្តីបាយការណ៍មកប្តឹង ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​ជាប្រពន្ធ​ខាងលើ​ត្រូវបានស្គាល់​​ឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ ជាកម្ម​ការិនី​​រោងចក្រ ហុង​វ៉ា ​ស្នាក់​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើតភូមិ​ព្រៃ​ផ្ចឹក ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ​។ ភាគី​ជា​ប្រុស​សហាយ មាន​​​ឈ្មោះ ម៉ា ណា​រ៉ុ​ង អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រោងចក្រ​ហុង​វ៉ាជាមួយ​គ្នា ស្នាក់​នៅ​បន្ទប់​ជួលក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​​សែន​ជ័យ មានស្រុក​កំណើតនៅ​ភូមិ​ត្រោក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយ​រៀង ។ ដោយឡែក​ បុរសជាប្តី​​​ដែលតាមទាន់​ប្រពន្ធ​​​ឈ្មោះទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មានកូន​២​នាក់ (ប្រុស​១​ស្រី​១​នាក់) ក្នុង​បន្ទុកគ្រួសារ ។

បើតាម​បុរស​​​​ប្តី​ដើម​បាន​ឱ្យ​ដឹង​​ថា ​​ខ្លួនបាន​តាម​ទាន់​លើក​ទី​១ម្តងហើយ តែ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់​ ប៉ុន្តែ​ក៏​​​ប្រាប់​និង​អប់រំ​​ប្រពន្ធ​​​​ឱ្យ​បញ្ឈប់ដែរ​​ ​។ ​ បុរសជាប្តី​បន្តថា ​លុះនៅ​​ព្រឹក​ថ្ងៃ​ទី​០៦ ​មេសា ​នេះ​ ខ្លួន​មាន​ការ​សង្ស័យទៀត ហើយខណៈ​​ប្រពន្ធ​ទាញ​ម៉ូតូ​ជិះ​ចេញពីផ្ទះ​ប្រាប់​​ថា​ទៅ​ធ្វើការនោះ ខ្លួនក៏បានតាមដានពី​ក្រោយ​ ។

ជាការពិតមែន ​ប្រពន្ធ​មិនបានជិះទៅធ្វើការនៅរោងចក្រ បែរ​​នាងជិះ​​​​មករក​​បន្ទប់ជា​​ប្រុសសហាយនោះ ស្ថិត​​ក្នុងភូមិ​ព្រៃ​ល្វានេះ ។ លោក​ទ្រាំលែងបាន ​ក៏​បាន​ធាក់​​ទ្វារបន្ទប់​​ចូល​ទៅ​ ក៏ឃើញប្រពន្ធ​​និងប្រុស​សហាយ​​ច្បាស់​​នឹង​ភ្នែក ​គឺកំពុងដោះសម្លៀកបំពាក់បម្រុង​អីអីគ្នា ពេលនោះខ្លួនក៏បាន​យកទូរស័ព្ទ​មកថតពួកគេ​ទាំង២នាក់តែម្តង ។

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]