អូស្រ្តាលី៖ ជាការពិតណាស់ មនុស្សម្នាក់ៗតែងគិតថា មួយជាតិរៀបការម្តង ដូច្នេះគួរតែចំណាយក្នុងការរៀបចំពិធីឲ្យបានធំដុំវិសេសវិសាល ដើម្បីឲ្យមានភាពស្រស់ស្អាត បំពេញមុខបំពេញមាត់ សក្តិសមទៅនឹងវណ្ណៈគ្រួសារ ក៏ដូចជាទទួលបានការសរសើរពីភ្ញៀវចូលរួម។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ប៉ុន្តែយ៉ាងណាមិញ បើក្រឡេកមកមើលពីកូនកំលោះក្រមុំ ឬប្តីប្រពន្ធថ្មីថ្មោងសញ្ជាតិអូស្រ្តាលីនេះវិញ បែរជាមានគំនិតខុសពីមនុស្សមួយចំនួន ដោយសុខចិត្តសន្សំសំចៃ ចំណាយតិចនៅក្នុងការរៀបចំពិធី ក្នុងថ្ងៃរៀបមង្គលការ ប៉ុន្តែពោរពេញដោយស្នាមញញឹម និងភាពកក់ក្តៅ ហើយបើគិតទៅអាចជួយកាត់បន្ថយថ្លៃចំណាយខ្ទង់ ១ម៉ឺនដុល្លារឯណោះ។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ប្តីប្រពន្ធថ្មីថ្មោង នាង Bianca និងស្វាមីលោក Adam បានរៀបការជាមួយគ្នា តាំងតែពីខែមុនមកម៉្លេះ នៅតំបន់ Mornington Peninsula រដ្ឋ Victoria ប្រទេសអូស្រ្តាលី។

ប្តីប្រពន្ធមួយគូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នករាល់គ្នា បន្ទាប់ពីពួកគេបានបង្ហើបប្រាប់ ពីការចំណាយនៅក្នុងថ្ងៃរៀបមង្គលការអស់តិច និងមានក្តីសុខ មិនចាញ់អ្នកមានៗលុយ រៀបចំធំដុំនោះទេ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ប្រភពដដែលបន្តថា ក្នុងថ្ងៃមង្គលការនោះ កូនក្រមុំនាង Bianca ដែលម្តាយឈ្មោះ Debra ពូកែខាងគំនិតច្នៃប្រឌិតនោះ បានទិញផ្កាជ័រ (ផ្កាក្លែងក្លាយ ឬផ្កាសិប្បនិមិ្មត) ដែលមានតម្លៃថោកៗពីហាងតែប៉ុណ្ណោះ ដើម្បីយកមកកាត់ច្នៃខ្លួនឯងធ្វើជាបាច់ផ្កាកូនក្រមុំ និងតុបតែងលម្អផ្សេងៗទៀតនៅក្នុងពិធី យ៉ាងមានភាពទាក់ទាញតែម្តង។ នៅក្នុងនោះ ក៏មានស្លឹកអូលីវដែលដុះក្នុងសួនផ្ទះ ក៏ត្រូវបានកាត់យកមកច្នៃចូលគ្នាយ៉ាងស្រស់ស្អាតផងដែរ។

Bianca បានបញ្ជាក់ថា គ្មាននរណាម្នាក់(ភ្ញៀវ)បានចាប់អារម្មណ៍ ឬដឹងទេថា ផ្កាទាំងអស់នោះជាផ្កាក្លែងក្លាយនោះឡើយ។ ហើយចំពោះការចំណាយសរុបទៅលើការរៀបចំតុបតែងផ្កានោះ អស់ត្រឹមតែ៧០ដុល្លារតែប៉ុណ្ណោះ។

នាងថា នេះគឺជាការសំចៃមួយសម្រាប់នាង ព្រោះបើប្រៀបធៀបទៅនឹងការចំណាយឲ្យពិតប្រាកដ សម្រាប់តែការរៀបចំផ្កាលម្អក្នុងថ្ងៃមង្គលការ បើគិតជាមធ្យមអាចប៉ាន់ប្រមាណបានថា ចំណាយលុយអស់ខ្ទង់ ២ ៨០០ដុល្លារអាមេរិកឯណោះ។ ជាក់ស្តែង បើគ្រាន់តែផ្កាកូនក្រមុំមួយបាច់ ក៏មានតម្លៃចាប់ពីខ្ទង់ ១៥០ឡើងទៅដែរ។ ម្យ៉ាងដូចដឹងស្រាប់ហើយ ផ្កាស្រស់ៗគឺមានតម្លៃថ្លៃខ្លាំងណាស់។ 

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

Bianca និយាយដែរថា នាងក៏បានដើរសួរ និងតថ្លៃពីតម្លៃអស់នេះដែរ ប៉ុន្តែវាពិតជាត្រូវចំណាយខ្ពស់ណាស់។ ផ្ទុយទៅវិញ អ្វីដែលជាបំណង ឬគោលដៅចម្បងរបស់នាង និងសម្រាប់ភ្ញៀវរបស់នាងនោះ គឺនាងគ្រាន់តែចង់មានរាត្រីដ៏អស្ចារ្យ រាំលេងកម្សាន្ត ញ៉ាំអាហារដ៏សប្បាយរីករាយមួយតែប៉ុណ្ណោះ។ ដូច្នេះនាងក៏មិនគួរអី ទៅចំណាយច្រើនលើសលុប លើរបស់អស់ទាំងនោះឡើយ។

នាងថា ការសន្សំសំចៃ និងកាត់ចំណែកមិនសំខាន់ៗក្នុងពិធីចោលខ្លះនោះ បានជួយកាត់បន្ថយការចំណាយរបស់នាងបានច្រើន បើគិតជាលុយអាចខ្ទង់ ១០ ០០០ដុល្លារអាមេរិកឯណោះ។

បន្ថែមលើនេះ សូម្បីតែនំខេកក្នុងពិធីក៏នាងមិនបានទិញគេនោះដែរ។ ពោលគឺ នាងមានបងប្អូនដែលជាអ្នកជួយរៀបចំនិងធ្វើវាសម្រាប់នាងនិងស្វាមី នូវនំខេក៣ជាន់ យ៉ាងទាក់ទាញផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

Bianca បាននិយាយចុងក្រោយថា នាងពិតជារំភើប ហើយក៏អរគុណដែលមានម្តាយដ៏គួរឲ្យស្រលាញ់ និងមានទេពកោសល្យចេះជួយច្នៃប្រឌិតដល់នាង ដើម្បីជាការសន្សំសំចៃ និងធ្វើឲ្យពិធីមង្គលការរបស់នាងប្រព្រឹត្តទៅយ៉ាងរលូនផងដែរ៕  

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ
រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]