ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាកូន ចៅ ចៅទួត ចៅលួត របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ អាចចូលក្រាបថ្វាយបង្គំ គាល់គោរពព្រះបរមសពរបស់ព្រះអង្គចាប់ពីថ្ងៃទី២-៣ ខែកុម្ភៈ នៅ វាលព្រះមេរុ តែមិនឲ្យយកទៀន ធូប ឬផ្កា ចូលនោះទេ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព លោក ខៀវ កាញារីទ្ធ បានថ្លែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣នេះថា នៅថ្ងៃទី២ និង៣ ខែកុម្ភៈ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង២រសៀល នឹងបើកជូនប្រជាជនចូលថ្វាយបង្គំព្រះបរមសពនៅវាល ព្រះមេរុ ដោយចូលតាមច្រកខាងត្បូង (ជាប់កំពែងវាំង) តែមិនអនុញ្ញាតិឲ្យយកទៀន ធូប ឬផ្កាចូលនោះទេ។

នៅក្នុងបណ្តាញសង្គមដដែលនេះ លោក ខៀវ កាញារីទ្ធ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃ១ ខែកុម្ភៈ ប្រជាជនអាច ឈរតាមបណ្តោយមហាវិថីនរោត្តម និង តាមសួនច្បារនាគបាញ់ទឹកជាកន្លែងដែលក្បួនដង្ហែ ព្រះបរមសព តែមិន ឲ្យចូលទៅតាមដងទន្លេ និងវិថីព្រះស៊ីសុវត្តិទេ ដោយសារកន្លែងនេះចង្អៀត លើកលែងតែអ្នក ដែលមានលំនៅ ដ្ឋានម្តុំនោះតែប៉ុណ្ណោះ។

ព្រះបរមសព ព្រះមហាក្សត្រខ្មែរ នឹងចាប់ផ្តើមដង្ហែតាមព្រះរាជបុស្បុករចនាដោយរាគរាជចំនួន ៩០ដ៏ល្អវិចិត្រ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ចាប់ពីព្រះបរមរាជវាំង តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធ ជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម ទៅរង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ ហើយឆ្ពោះទៅមហាវិថីព្រះសុធារស និងយកទៅតម្កល់នៅវាលព្រះមេរុ។ ព្រះបរមសពរបស់ព្រះអង្គនឹងត្រូវធ្វើព្រះ រាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈ។

ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹក ដី និងបង្រួបបង្រួមជាតិ បានយាងចូលទិវង្គត នៅយប់រំលងអាធ្រាត្រថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោង ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែយាងមកដល់មាតុប្រទេស នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕






ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]