មនុស្សជាច្រើនយល់ថាមនុស្សស្រី ជាមនុស្សរឿងច្រើន ត្រូវការមើលថែរក្សា និងការយកចិត្តទុកដាក់ខ្ពស់ពីមនុស្សជុំវិញ ជាពិសេសគឺមនុស្សជាទីស្រលាញ់តែម្តង។ សូម្បីតែនៅក្នុងភាពយន្តក៏បានបង្ហាញឈុតឆាកស្នេហាមួយចំនួនដែលមនុស្សប្រុសត្រូវដោះអាវក្រៅដណ្តប់ឱ្យតួស្រីដែរពេលប៉ះអាកាសធាតុត្រជាក់ខាងក្រៅ ឬពេលខ្លះប្រាប់ឱ្យថែរក្សាសុខភាពប្រយ័ត្នរងា និងផ្តាសាយជាដើម ដែលទាំងនេះសូម្បីតែគូស្នេហ៍នៅខាងក្រៅក៏ធ្លាប់អនុវត្តដែរ។ សំណួរសួរថា តើមនុស្សប្រុសមិនចេះរងាទេឬ? ចុះហេតុអ្វីត្រូវតែជាមនុស្សស្រីតែម្នាក់ដែលចេះរងា និងខ្លាចឈឺ? តើនេះជាភាពទន់ជ្រាយ និងភាពរំអួយមនុស្សស្រី?

ជាការពិតណាស់ ជាក់ស្តែងតាមរយៈការសិក្សាមួយចំនួនបានបង្ហាញថាមនុស្សស្រីគឺជាភេទមួយដែលងាយនឹងទទួលរងនូវអាកាសធាតុខាងក្រៅ និងមានអារម្មណ៍ឆាប់រងាជាងបុរសពិតមែន ពោលគឺមនុស្សស្រីត្រូវការកម្តៅក្នុងរាងកាយច្រើនជាងបុរសដល់ទៅ ៣ដឺក្រេ និងមានហេតុផលបែបសុខភាពមួយចំនួនទៀតដែលគេបានរកឃើញផងដែរ។

ដូច្នេះមកតាមមូលហេតុ ៣យ៉ាងធំៗ ដែលធ្វើឱ្យមនុស្សស្រីឆាប់រងាជាងបុរសដូចខាងក្រោម៖

ហេតុអ្វីមនុស្សស្រីចាញ់រងាជាងបុរស?

១. មុខងាររំលាយអាហារក្នុងរាងកាយ

មុខងារការដុតរំលាយអាហារក្នុងរាងកាយ (Metabolism) គឺអាចជួយបង្កើនថាមពលរាងកាយ និងធ្វើឱ្យរាងកាយរបស់អ្នកមានកម្តៅបាន ដូច្នេះវាបានន័យថានៅពេលដែលអ្នកគ្មានសកម្មភាពអ្វីសោះ ឬមិនសូវមានសកម្មភាពការងារ អត្រានៃការដុតរំលាយអាហារវាក៏តិចទៅតាមនោះដែរ នេះហើយគឺជាភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី។ ជាពិសេសមនុស្សប្រុសគឺមានសាច់ដុំច្រើន ឬធំជាងមនុស្សស្រី ហេតុនេះរាល់ពេលធ្វើសកម្មភាពប្រចាំថ្ងៃ ឬសូម្បីតែការរំលាយអាហារក៏ប្រើថាមពលជាងមនុស្សស្រីដែរ ដែលជាហេតុធ្វើឱ្យបុរសហាក់មានភាពមាំទាំ និងមិនសូវជាមានបញ្ហានឹងអាកាសធាតុត្រជាក់នោះទេ។

មនុស្សស្រីមានសាច់ដុំតូចជាងបុរស

២. រាងកាយពីធម្មជាតិ

ធម្មជាតិបានបង្កើតមនុស្សស្រីមកភាគច្រើនឱ្យមានរាងកាយតូចជាងបុរសទាំងទម្ងន់ និងកម្ពស់ ដោយសូម្បីតែសាច់ដុំ និងឆ្អឹងក៏មិនធំដូចបុរសដែរ ហើយដោយសារតែរូបរាងមិនសមមាត្រគ្នានេះហើយ ដែលធ្វើឱ្យបុរសមានភាពរឹងមាំជាង និងអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់ជាងស្ត្រីបែបនេះ។ តែបុរសបែរជាអាចងាយចាញ់ក្តៅជាងនារីទៅវិញដោយសារតែរាងកាយសម្បូរសាច់ដុំច្រើនពេក។

មូលហេតុមួយផ្សេងទៀតនោះគឺ រាល់ពេលអាកាសធាតុធ្លាក់ចុះត្រជាក់ កម្តៅរាងកាយរបស់ស្ត្រីស្ថិតនៅចំកណ្តាល ដែលជាហេតុធ្វើឱ្យឈាមមិនអាចរត់សព្វសរីរាង្គផ្តល់កម្តៅដល់រាងកាយទាំងមូលពេញលេញបានផងដែរ។

មនុស្សស្រីមានរាងកាយពីធម្មជាតិតូចជាងបុរស

៣. ការមកវដ្តរដូវ

ក្នុងអំឡុងពេលមកវដ្តរដូវ សីតុណ្ហភាពរាងកាយរបស់ស្រ្តីនឹងធ្វើការផ្លាស់ប្តូរ នោះក៏ដោយសារតែកម្រិតអរម៉ូនរបស់ស្រ្តីមានការកើនឡើងផង និងធ្លាក់ចុះផង។ ជាពិសេសនៅក្នុងរវាងពេលមុនមករដូវ កម្រិតជាតិដែករបស់ស្ត្រីនឹងមានការធ្លាក់ចុះខ្លាំង ដើម្បីផលិតគ្រាប់ឈាមបន្ថែម ហើយវាក៏ជាមូលហេតុចម្បងដែលធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនស្ត្រីកាន់តែមានការធ្លាក់ចុះដែរ។ សូមបញ្ជាក់ផងដែរថា កម្រិតជាតិដែកក្នុងខ្លួន ក៏មានតួនាទីដើម្បីបង្កើនគ្រាប់ឈាមឱ្យរត់សព្វសរីរាង្គដើម្បីបង្កើនកម្តៅរងកាយផងដែរ។

ការមកវដ្តរដូវ

តើគួរធ្វើយ៉ាងណាដើម្បីចៀសវាង ឬការពារអាការទន់ខ្សោយចាញ់រងាបែបនេះ?

- បង្កើន ឬកម្តៅសាច់ដុំរាងកាយដោយការហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍

ស្លៀកសំលៀកបំពាក់ដែលអាចផ្តល់ភាពកក់ក្តៅដល់រាងកាយអ្នក ​ជាពិសេសនៅក្នុងខែរងា  ឬពេលផ្លាស់ប្តូរអាកាសធាតុភ្លាមៗ

- ទទួលទានអាហារឱ្យបានច្រើន និងទៀងទាត់ដើម្បីឱ្យប្រព័ន្ធរំលាយអាហារធ្វើការ និងអាចទាញយកថាមពលពីរាងកាយ ហើយផ្តល់កម្តៅដល់រាងកាយវិញ

- ទទួលទានទឹកឱ្យបានច្រើនជាពិសេសគឺទឹកតែក្នុងសីតុណ្ហភាពឧណ្ហៗ

- ចៀសវាងការនៅមួយកន្លែង ដោយមិនផ្លាស់ប្តូរចលនារាងកាយរយៈពេលយូរ ដោយគួរតែឧស្សាហ៍ក្រោកដើរចុះឡើងទើបជាការល្អ៕ 

មនុស្សស្រីចាញ់រងាជាងបុរស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]