តុលាការអារ៉ាបី សាអូឌីត បានបង្គាប់បញ្ជាអោយ អ្នកប្រាជ្ញម្នាក់ ដែលគេស្គាល់គ្រប់គ្នា នៅក្នុងតំបន់នោះ អោយបង់ប្រាក់សំណងជម្ងឺចិត្ត ទៅអោយប្រពន្ធរបស់ខ្លួន បន្ទាប់ពីបានធ្វើ ទារុណកម្មកូនស្រីបង្កើត អាយុ ៥ឆ្នាំ របស់ខ្លួន រហូតបាត់បង់ជីវិតរួចមកនោះ បើយោងតាម ប្រភពព័ត៌មានពីគេហទំព័រ អេមឺរេត ប្រទេសអារ៉ាប់។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកប្រាជ្ញ ដែលមាន ចំណេះដឹងជ្រៅជ្រះរូបនេះ ជាអ្នកបង្រៀនមេរៀន ទាក់ទងទៅនឹងសាសនា ហើយកំពុងស្ថិតនៅក្នុងគុក នៅឡើយ រហូតទាល់តែរូបគេ បង់ប្រាក់អោយទៅប្រពន្ធមុនរបស់ខ្លួន ដែលជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះនោះរួច។ យ៉ាងណាមិញ ស្រ្តីជាម្តាយបង្កើតរូបនេះ នាងបានទាមទារអោយតុលាការ កាត់ទោសប្តីអប្រិយរូបនោះ ដោយការប្រហារជីវិតផងដែរ។

ចំណែកសាកសពរបស់ក្មេងស្រីរងគ្រោះ ត្រូវបានរក្សាទុកអស់រយៈពេល ៤ខែមកហើយ ទើបតែពេលថ្មីៗនេះ ទទួលបានការអនុញ្ញាតពីតុលាការ អោយស្រ្តីជាម្តាយអាចយកទៅកប់បាន។ ប្រភពបានបន្ថែមទៀតថា ក្មេងស្រីរងគ្រោះ ត្រូវបានឪពុក និង ម្តាយក្រោយ របស់នាង ដាក់វេនគ្នា ធ្វើទារុណកម្មតែម្តង។ នាងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរ និងមិនអាចទ្រាំទ្រទៀតបាន ប៉ុន្តែកន្លងផុតអស់ប៉ុន្មានសប្តាហ៍ នាងក៏បានស្លាប់បាត់បង់ជីវិត ព្រោះតែទទួលរងការឈឺចាប់ ពីរបួសរបស់នាង ដោយនាងបាន បាក់ដៃ ប្រេះលលាដ៏ក្បាល និង ជាំមុខជាច្រើនកន្លែង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីដ៏ឃោរឃៅមួយនេះ?


ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]