ពពួកផ្លែក្រូចសុទ្ធតែមានផ្ទុកដោយសារធាតុល្អៗ និងវីតាមីនសំខាន់ៗដូចជាវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយដល់សុខភាព ព្រមទាំងសម្រស់ដោយការទទួលទានវាជាប្រចាំ ឬច្របាច់ទឹកមកទទួលទានក៏បាន។ ប៉ុន្តែ ការពិតទៅទឹកក្រូច ក៏អាចយកមកលាបលើផ្ទៃមុខងាយៗដោយមិនបាច់លាយអ្វីទាំងអស់បានផងដែរ ដែលមិនត្រឹមតែជួយឱ្យផ្ទៃមុខស្អាត តែក៏អស់បារម្ភពីបញ្ហាផ្ទៃមុខមួយចំនួនទៀតផង។

ដូច្នេះចង់ដឹងថា ទឹកក្រូចច្របាច់ស្រស់ៗអាចជួយកែខៃបញ្ហាផ្ទៃមុខអ្វីខ្លះ តោះ! មកតាមដានទាំងអស់គ្នា៖

ផ្លែក្រូច

១. ជួយបំបាត់បញ្ហាមុខឡើងមុន

នៅក្នុងទឹកក្រូចមានផ្ទុកនូវជាតិអាស៊ីតពីធម្មជាតិ និងវីតាមីនសំខាន់ៗដែលដើរតួរជាសារធាតុប្រឆាំងនឹងមេរោគបាក់តេរីដែលបង្ករបញ្ហាមុនបានយ៉ាងល្អ ដូចជាធ្វើឱ្យផ្ទៃមុខដែលកើតមុនឡើងធំឆាប់ស្រក និងឆាប់ជាសះស្បើយផងដែរ ។

ការអនុវត្ត៖ គ្រាន់តែច្របាច់ទឹកក្រូចស្រស់ៗ មកលាបឱ្យសព្វផ្ទៃមុខ ពិសេសបរិវេណដែលកើតមានបញ្ហាមុន រួចទុកឱ្យវាស្ងួតដោយខ្លួនឯងមិនបាច់លាងទឹកចេញនោះទេ តែបើមានអារម្មណ៍ថារមាស់ ឬស្អិត ចាំពេលស្ងួតចាំលាងទឹកធម្មតាចេញក៏បានដែរ។ អ្នកអាចអនុវត្តមួយថ្ងៃ ២ ទៅ៣ដង នោះបញ្ហាមុននឹងបាត់អស់ពីផ្ទៃមុខជាមិនខាន។

ជួយបំបាត់បញ្ហាមុខឡើងមុន

២. ព្យាបាលបញ្ហារលាក ឬរបួសដោយសារតែមុន

ទឹកក្រូចក៏មានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី និងការរលាកផ្សេងៗយ៉ាងមានប្រសិទ្ធភាព ដែលស័ក្តសមបំផុតសម្រាប់អ្នកដែលកើតបញ្ហាមុខឡើងមុន។

ការអនុវត្ត៖ គ្រាន់តែលាបទឹកក្រូចច្របាច់ស្រស់ៗលើផ្ទៃមុខដែលកើតមុន ហើយធ្វើការម៉ាស្សាថ្នមៗឱ្យសព្វផ្ទៃមុខ រួចទុកចោល២០នាទីសិនចាំលាងចេញនឹងទឹកស្អាត។ ក្នុងករណីអ្នកមានអារម្មណ៍ថាទឹកក្រូចអាចមានជាតិកាត់ខ្លាំង ឬស្បែកអ្នកឆាប់ប្រតិកម្ម អ្នកក៏អាចលាយទឹកក្រូចច្របាច់ស្រស់ៗជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នាសិនចាំលាងលើផ្ទៃមុខក៏បានដែរ។

ព្យាបាលបញ្ហារលាក ឬរបួសដោយសារតែមុន

៣. ធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងបាត់ស្នាម

ទឹកក្រូចក៏សម្បូរទៅដោយសារធាតុល្អៗមានគុណប្រយោជន៍ជួយដល់បញ្ហាស្បែកមុខដែលឡើងខ្មៅដោយសារកម្តៅថ្ងៃ ឬមានបញ្ហាស្នាមផ្សេងៗផងដែរ ។

ការអនុវត្ត៖ អ្នកអាចលាបទឹកក្រូចច្របាច់ ទៅលើផ្ទៃមុខឱ្យសព្វ ឬកន្លែងដែលមានបញ្ហាឡើងខ្មៅដុំៗក៏បាន ទុកឱ្យស្ងួតចាំលាងចេញ។ កុំភ្លេចអនុវត្តឱ្យបាន ២ ទៅ៣ដង ឬច្រើនជាងនេះក៏បានក្នុងមួយថ្ងៃៗ ព្រោះវានឹងមានប្រសិទ្ធភាពយ៉ាងឆាប់រហ័សតែម្តង។

ធ្វើឱ្យផ្ទៃមុខភ្លឺ រលោង និងបាត់ស្នាម

៤. ការពារ និងកាត់បន្ថយស្នាមជ្រួញ

វីតាមីន C នៅក្នុងផ្លែក្រូច អាចជួយបង្កើនកម្រិតជាតិខូឡាជែនដល់ស្បែកឱ្យនៅតែសាច់ចាំស្រស់ស្អាត ថែមទាំងអាចព្យាបាល និងការពារផ្ទៃមុខពីស្នាមចាស់ជ្រីវជ្រួញបានផងដែរ។

ការអនុវត្ត៖ គ្រាន់តែលាបទឹកក្រូចច្របាច់ស្រស់ៗលើផ្ទៃមុខដែលមានបញ្ហា រួចទុកចោលរយៈពេល២០នាទី ចាំលាងចេញនឹងទឹកធម្មតាជាការស្រេច។ អ្នកអាចអនុវត្តឱ្យបានច្រើនដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកនឹងប្រែជាទន់ ភ្លឺ រលោងស្រស់ថ្លា និងអស់បញ្ហាស្បែកមុខជ្រីវជ្រួញចាស់ជាងវ័យជាមិនខាន៕

ការពារ និងកាត់បន្ថយស្នាមជ្រួញ

ចំណាំ៖អ្នកអាចប្រើក្រូចពោធិសាត់ក៏បាន ឬប្រើក្រូចចិន/ក្រូចក្រហមក៏បានដែរ។

ឃើញទេ? ងាយៗស្រួលធ្វើណាស់ ហើយមានប្រយោជន៍ច្រើនទៀត កុំភ្លេចអនុវត្តទាំងអស់គ្នាណា!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]