តៃវ៉ាន់៖ បុរសចំណាស់ជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានគេរាយការណ៍ថា ស្ទើរតែនឹងផ្ទុះពោះវៀនស្លាប់ ក្រោយធ្វើការពិនិត្យ និងអះអាងថា ទល់លាមក (អត់បត់ជើងធំ) អស់១សប្តាហ៍ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យ កាលពីពេលថ្មីៗកន្លងទៅនេះ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បុរសចំណាស់ជាអ្នកជំងឺ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានវ័យ៨០ឆ្នាំ រស់នៅក្នុងទីក្រុង Kaohsiung កោះតៃវ៉ាន់។

នៅក្នុងថ្ងៃកើតហេតុ បុរសចំណាស់រងគ្រោះនេះ ត្រូវបានសមាជិកគ្រួសារប្រទះឃើញដួល (រកកល់ចង់សន្លប់) នៅក្នុងបន្ទប់ទទួលភ្ញៀវ ដោយស្ថិតក្នុងអាការគ្រុនក្តៅខ្លាំង។

ប៊ិះតែនឹងស្លាប់ ក្រោយទល់លាមកអស់១សប្តាហ៍

ភ្លាមៗក្រោយកើតហេតុ គ្រួសាររបស់គាត់ក៏បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Chung-Ho Memorial ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល។ ខណៈដែលបុរសចំណាស់នេះ ក៏បានប្រាប់ខាងគ្រូពេទ្យដែរថា គាត់ខានបានបត់ជើងធំចូលប្រហែលមួយសប្តាហ៍ហើយ។

យ៉ាងណាមិញ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការពិនិត្យ និងថតស្កេនដើម្បីទទួលបានទិន្នន័យលម្អិតនោះ ក៏ស្រាប់តែរកឃើញថា មានដុំលាមករឹងប្រវែងប្រមាណ ៣០សង់ទីម៉ែត្រ បានក្តៀនជាប់នៅក្នុងពោះវៀន (ឡើងមកទល់នឹងក្រពះ) របស់បុរសចំណាស់រងគ្រោះនេះ។

ក្រោយមក ដោយមិនបង្អង់យូរ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Chung-Ho Memorial Hospital ក្នុងទីក្រុង Kaohsiung ខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ថា បានសម្រេចធ្វើការវះកាត់ផ្នែកមួយនៃពោះវៀនរបស់អ្នកជំងឺនេះ (តំបន់ពោះវៀនដែលផ្កុំដោយលាមកនោះ) ដើម្បីសង្គ្រោះជីវិតផងដែរ។

ក្រុមគ្រូពេទ្យបានមានប្រសាសន៍ថា តំបន់ពោះវៀនដែលស្ទះកកកុញនោះ បានរងការរលាកយ៉ាងធ្ងន់ធ្ងរ (ឬរលាកពោះវៀនធំ) ហើយនេះក៏ជាមូលហេតុ ដែលធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកជំងឺ លេចចេញជារោគសញ្ញាគ្រុនក្តៅ ឡើងដល់៣៩អង្សាសេ។ បន្ថែមលើនេះ ករណីនេះវាក៏ធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកប្រព័ន្ធរំលាយអាហារផងដែរ។

ប៊ិះតែនឹងស្លាប់ ក្រោយទល់លាមកអស់១សប្តាហ៍

គ្រូពេទ្យឈ្មោះ Hsieh Yi-Chien ម្ចាក់ក្នុងចំណោមក្រុមគ្រូពេទ្យ ដែលទទួលការព្យាបាលអ្នកជំងឺវ័យចំណាស់ខាងលើនេះ ក៏បានលើកឡើងដែរថា ប្រសិនបើពុំទទួលការវះកាត់ភ្លាមៗនោះទេ ពោះវៀនរបស់អ្នកជំងឺនឹងអាចផ្ទុះធ្លាយ ហើយវាក៏នឹងអាចបង្កទៅជាជំងឺឆ្លងផ្សេងៗបានថែមទៀតផង។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីខាងលើនេះ គេមិនច្បាស់ទេថា តើស្ថានភាពរបស់បុរសរងគ្រោះវ័យចំណាស់ខាងលើនេះ វាអាចកើតឡើងបានដោយរបៀបណា រហូតទើបបានជាឈានដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ ឬយ៉ាងណានោះទេ។

បុរសចំណាស់នេះ នៅតែបន្តសម្រាកព្យាបាល និងតាមដានជំងឺនៅមន្ទីរពេទ្យរយៈពេល ២សប្តាហ៍ទៀត មុនពេលអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញផងដែរ។

ប៊ិះតែនឹងស្លាប់ ក្រោយទល់លាមកអស់១សប្តាហ៍

គួរឲ្យដឹងផងដែរថា ការទល់លាមក គឺជាបញ្ហាទូទៅមួយ ដែលធ្វើឲ្យអ្នកជំងឺអាចនឹងបាត់បង់ ឬផ្លាស់ប្តូររបបអាហារ ឬការរស់នៅផ្សេងៗ។ បុព្វហេតុដែលបណ្តាលឲ្យកើតមានបញ្ហាទល់លាមកនេះ ក៏ដោយសារតែ ពុំទទួលទានចំណីអាហារដែលមានផ្ទុកជាតិកាកសរសៃ ឬហ្វៃបឺ ឲ្យបានគ្រប់គ្រាន់ ដែលមាននៅក្នុងផ្លែឈើ និងបន្លែជាដើម។ មួយវិញទៀតនោះ មកពីការទទួលទានទឹកមិនបានគ្រប់គ្រាន់ និងផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។

ចូលកុំមើលស្រាលនឹងបញ្ហា ឬជំងឺមួយនេះឲ្យសោះ ព្រោះប្រសិនក្នុងករណីពុំទទួលបានការព្យាបាលទាន់ពេលវេលា អ្នកក៏នឹងអាចស្លាប់ ជាពិសេសមនុស្សដែលមានវ័យចំណាស់តែម្តង។ ព្រោះថាបញ្ហាទល់លាមកនេះ វានឹងធ្វើទុក្ខបុកម្នេញ ដាច់រលាកពោះវៀន ដែលបង្កនៃអត្រាស្លាប់ខ្ពស់បំផុត៕

ទស្សនាវីដេអូខាងក្រោម៖ 

ចុចអានអត្តបទពាក់ព័ន្ធ៖ មិនបាច់បារម្ភពីបញ្ហាទល់លាមកទៀតទេ ជាមួយនឹងការប្រើប្រាស់ប្រេងអូលីវទាំង១០វិធីនេះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]