បច្ចុប្បន្ននេះ ប្រភេទអាហារបែបសាឡាត់ ដែលជាការរៀបចំកាត់បន្លែល្អៗស្រស់ៗដែលមានប្រយោជន៍ជាច្រើនប្រភេទលាយបញ្ចូលគ្នាមានដូចជា ស្ពៃ ស្ពៃក្តោប ប៉េងប៉ោះ ម្ទេសប្លោក តាសក់ និងបន្លែផ្លែឈើល្អៗជាច្រើនមុខទៀត ដោយស្រោចទឹកជ្រលក់ (Dressing) បន្ថែម បានក្លាយទៅជាអាហារមួយដ៏ពេញនិយម ដែលវាមិនត្រឹមតែមានរសជាតិប្លែកឆ្ងាញ់ តែក៏ល្អសម្រាប់សុខភាពច្រើនយ៉ាងដែរ។ ជាពិសេសនៅក្នុងអាហារសាឡាត់មួយចាន ត្រូវបានគេដឹងថាមានត្រឹមតែ ២៦កាឡូរីតែប៉ុណ្ណោះ ល្អមែនទែនសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ឬចង់រក្សារាងឱ្យនៅស្វែលស្រស់ស្អាត។

ដូច្នេះចង់ដឹងថាតើ អាហារប្រភេទសាឡាត់ល្អយ៉ាងណាខ្លះទៀតសម្រាប់សុខភាព ក្រៅពីជួយរក្សាទម្ងន តោះ! មកតាមដានទាំងអស់គ្នា៖

តអាហារសាឡាត់

១. ជំរុញដល់ការដុតរំលាយអាហារ

ការទទួលទានសាឡាត់អាចជួយធ្វើឱ្យមុខងារដុតរំលាយអាហារដំណើរការល្អ(Metabolic ) កម្រិតការរំលាយអាហារកាន់តែលឿនមុន ជាពិសេសគឺការស្រូបជីវជាតិពីចំណីអាហារផ្សេងៗកាន់តែល្អជាងមុនផងដែរ។ កុំភ្លេចបញ្ចូលពពួកបន្លែបៃតងនៅក្នុងម្ហូបសាឡាត់របស់អ្នកឱ្យបានច្រើនផង។

២. ជំនួយសរសៃឈាម

សាឡាត់អាចជួយផ្តល់វីតាមីន និងរ៉ែសំខាន់ៗជំនួយសុខភាពរាងកាយទាំងមូលដែលថែមទាំងអាចជួយពង្រឹងសុខភាពសរសៃឈាម និងជាលិកាបេះដូងផងដែរ។ ក្រៅពីនេះ សាឡាត់គ្មានជាតិខ្លាញ់ដែលធ្វើឱ្យប៉ះពាល់សល់សុខភាពនោះទេ ពិសេសការសិក្សាបង្ហាញថាអ្នកដែលទទួលទានសាឡាត់ជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូងបានល្អទៀតផង។

៣. ប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងសាឡាត់ក៏សម្បូរទៅដោយជីវជាតិពិសេសៗជាច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលអាចការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ ជាពិសេសគឺជំងឺមហារីកតែម្តង។ ដូច្នេះកុំភ្លេចបន្ថែមពពួកបន្លែផ្ទុកនូវវីតាមីន C ក្នុងអាហារសាឡាត់ផង ឬច្របាច់ក្រូចឆ្មារបន្តិចក៏បានដែរ។

តអាហារសាឡាត់

៤. ថែរក្សាសុខភាពភ្នែក

ក្នុងអាហារសាឡាត់ពិតជាសម្បូរទៅដោយបន្លែបៃតងហើយ ហើយបន្លែទាំងនេះក៏មានផ្ទុកទៅដោយសារធាតុ Beta-Carotene ដែលល្អចាំបាច់មែនទែនសម្រាប់សុខភាពភ្នែក ថែមទាំងអាចទប់ស្កាត់ហានិភ័យនៃជំងឺភ្នែកស្ងួត ជំងឺខ្វាក់មាន់ ភ្នែកឡើងបាយ និងជំងឺបាត់បង់កម្រិតការមើលឃើញនៅពេលដែលមានវ័យជរាជាដើម។ អ្នកអាចបញ្ចូលពពួកបន្លែបៃតងដូចជា ខាត់ណា ស្ពីណា (Spinach) ឬបន្លែបៃតងផ្សេងៗដទៃទៀតក្នុងអាហារសាឡាត់បន្ថែមផងដើម្បីទទួលបានវីតាមីនជំនួយភ្នែកកាន់តែច្រើនថែមទៀត។

៥. ជំនួយប្រព័ន្ធរំលាយអាហារ

ក្នុងបន្លែស្ទើរតែទាំងអស់សុទ្ធតែមានផ្ទុកនូវជាតិកាកសរសៃដែលល្អបំផុតសម្រាប់សុខភាពក្រពះពោះវៀន និងការរំលាយអាហារ ព្រមទាំងចៀសឆ្ងាយពីជំងឺទល់លាមកផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមជាមួយនឹងផ្លែប័រ ប៉េងប៉ោះ ការ៉ុត ឬបន្លែល្អៗជាច្រើនដទៃទៀតក្នុងបន្លែសាឡាត់របស់អ្នកផង ព្រោះវាមិនត្រឹមតែអាចបង្កើនរសជាតិអាហារសាឡាត់ថែមទាំងល្អសម្រាប់ការរំលាយអាហារទៀតផង។

៦. អាហារល្អបំផុតសម្រាប់អ្នកធាត់

អ្នកដែលកើតមានបញ្ហាលើសគីឡូ ឬហៅថាធាត់ អាហារសាឡាត់គឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់សម្រករាង ព្រោះអាហារសាឡាត់មានកម្រិតជាតិខ្លាញទាបបំផុត ថែមទាំងជួយធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានចំណីអាហារផ្តេសផ្តាសផងដែរ។

៧. ជួយឱ្យស្បែកមានសំណើម និងស្រស់ស្អាត

កង្វះជាតិទឹកក្នុងខ្លួននឹងធ្វើឱ្យស្បែករបស់អ្នកស្ងួត ស្រអាប់ និងមើលទៅមិនស្រស់ស្អាតឡើយ តែសម្រាប់បន្លែសាឡាត់អាចជួយបាន។ ដោយក្នុងសាឡាត់សម្បូរទៅដោយបន្លែល្អៗ មិនត្រឹមតែផ្តល់នូវវីតាមីន និងសារធាតុសំខាន់ៗតែក៏សម្បូរជាតិទឹកជំនួយដល់សុខភាពស្បែកផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមបន្លែដែលសម្បូរជាតិទឹកឱ្យបានច្រើនដូចជា តសាក់ និងស្ពៃក្តោបនៅក្នុងអាហារសាឡាត់របស់អ្នកផងដើម្បីបង្កើនជាតិទឹកក្នុងខ្លួន។

តអាហារសាឡាត់

៨. ពង្រឹងសាច់ដុំ និងឆ្អឹង

នៅក្នុងសាឡាត់ក៏មានផ្ទុកនូវវីតាមីន K ដែលជួយពង្រឹងសុខភាពឆ្អឹង និងជួយបង្កើនកម្រិត Mitochondria ដែលអាចជួយដឹកនាំជាលិកាផ្តល់ថាមពលដល់រាងកាយ និងពង្រឹងសាច់ដុំផងដែរ។ ដើម្បីទទួលបានប្រយោជន៍ទាំងនេះកុំភ្លេចបន្ថែមស្ពៃស្ពីណា (Spinach) ស្រស់ៗនៅក្នុងអាហារសាឡាត់របស់អ្នកផង។

៩. ផ្តល់ជាតិខ្លាញ់ល្អ

រាល់ជាតិខ្លាញ់មិនសុទ្ធតែអាក្រក់នោះទេ ដោយសារធាតុខ្លាញ់ធាត់មួយចំនួនអាចជួយផ្គត់ផ្គង់រាងកាយរបស់អ្នកឱ្យមានសុខភាពល្អផងដែរ។ ដូច្នេះអ្នកអាចបន្ថែមអាហារដែលមានជាតិខ្លាញ់ល្អៗ ឬផ្ទុកនូវខ្លាញ់ Omega-3s និង Omega-6s នៅក្នុងអាហារសាឡាត់របស់អ្នកដូចជា ផ្លែប័រ ពពួកគ្រាប់រុក្ខជាតិដូចជា គ្រាប់ល្ពៅ និងគ្រាប់ល្ងជាដើម អ្នកនឹងទទួលបានជាតិខ្លាញ់ពិសេសៗជំនួយសុខភាពជាមិនខាន។

១០. គ្រប់គ្រងកម្រិតជាតិស្ករក្នុងរាងកាយ

អ្នកដែលលើសកម្រិតជាតិស្ករ ឬកើតជំងឺទឹកនោមផ្អែម ក៏អាចទទួលទានអាហារប្រភេទសាឡាត់នេះផងដែរ ព្រោះតែវាមិនមានជាតិស្ករនោះទេ ថែមទាំងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាពទៀតផង។ ទោះជាយ៉ាងណា នៅក្នុងបន្លែសាឡាត់សម្រាប់អ្នកដែលកើតជំងឺទឹកនោមផ្អែម គួរចៀសវាងបន្ថែមដំឡូងបារាំង និង ដំឡូងជ្វាជាដាច់ខាត។

១១. ជំនួយក្រចកឱ្យរឹងមាំ

ក្រចករបស់អ្នកងាយបាក់ផុយស្រួយ គឺជាសញ្ញាថាអ្នកកំពុងតែខ្វះជាតិរ៉ែអ្វីម្យ៉ាងហើយ ដោយរ៉ែមួយចំនួនក៏មាននៅក្នុងម្ហូបសាឡាត់ដែរ។ ដូច្នេះអ្នកគួរតែបន្ថែមបន្លែដែលសម្បូរទៅដោយជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងម៉ងហ្គាណែ ឬផូស្វ័រ ដូចជា ខាតណាខៀវ ការ៉ុត និង Brussels sprouts (កូនស្ពៃក្តោបតូច) នៅក្នុងអាហារសាឡាត់ដើម្បីជួយដោះស្រាយបញ្ហាក្រចកផុយស្រួយ និងជំនួយសុខភាពក្រចក៕

តអាហារសាឡាត់

ចំណាំ៖ ដើម្បីទទួលបានប្រយោជន៍ ពីអាហារប្រភេទសាឡាត់ អ្នកគួរតែចៀសវាងការប្រើប្រាស់ទឹកជ្រលក់ (Dressing) ដែលមានជាតិគ្រីម ឈីស ឬប័រម៉ាយ៉ូណេសពេក ដោយគួរតែប្រើប្រាស់ប្រេងអូលីវ ក្រូចឆ្មារលឿង/ក្រូចឆ្មារធម្មតា និងទឹកខ្មេះបែបធម្មជាតិទើបល្អចំពោះសុខភាពជាង។ ម្យ៉ាងទៀតបន្លែដែលយកមករៀបចំជាអាហារសាឡាត់ត្រូវតែជ្រើសបន្លែធម្មជាតិគ្មានជាតិគីមី និងត្រូវលាងទឹកឱ្យបានស្អាតល្អផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]