ខេត្តបន្ទាយមានជ័យ ៖ ជនជាប់ចោទ២នាក់ប្តី-ប្រពន្ធដែលពាក់ព័ន្ធ នឹងការសម្លាប់អ្នកគ្រូបង្រៀនម្នាក់ រួចយកសពទៅញាត់ក្នុងពាងទឹក ទីបំផុតឈាមស្រែកស្បែក ហៅត្រូវបានកម្លាំង នគរបាលការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត ធ្វើការស្រាវជ្រាវ និងឈានដល់ ការចាប់ឃាត់ខ្លួនកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី២៩ មករា ។

លោកវរសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា បន្ទាប់ពីករណី ទទួលបានព័ត៌មានពីនគរបាល មូលដ្ឋាន ពីឃាតកម្មវាយសម្លាប់អ្នកគ្រូបង្រៀន ម្នាក់ឈ្មោះឡោ មួយសាយ ហៅគ្រុយ អាយុ៥៨ឆ្នាំ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ មករា លោកក៏បាន ទទួលបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រីស្នងការ នគរបាលខេត្តឱ្យដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវជុំវិញ កន្លែងកើតហេតុ ។ តាមរយៈការស្រាវជ្រាវនេះក៏ឈានដល់កំណត់ បានមុខសញ្ញាជនជាប់សង្ស័យចំនួន២នាក់ជាប្តីប្រពន្ធនឹងគ្នា គឺឈ្មោះយ៉ាវ ចន្ថាវី ភេទស្រី អាយុ៤០ឆ្នាំ ជាប្រពន្ធ និងប្តីឈ្មោះចិត្ត សុខុម អាយុ៤២ឆ្នាំ ទាំង២នាក់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។

នៅក្នុងករណីសម្លាប់នេះ ជងរងគ្រោះបានបាត់បង់គ្រឿងអលង្ការ រួមមានខ្សែកមាសទម្ងន់៥ជីមួយខ្សែ ចិញ្ចៀនមាស២វង់ ទម្ងន់៤ជី និងខ្សែដៃបា្លទីន១ខ្សែ ។ ជនរងគ្រោះត្រូវបានឃាតករវាយត្រង់ក្បាលផ្នែកខាងក្រោយរួចញាត់សពចូលក្នុងពាងទឹក ។

លោកស្នងការរងបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្រពន្ធបានសារភាពថា មូលហេតុដែលគេធ្វើបែបនេះមកពីគេ ខឹងជនរងគ្រោះដែលជាម្តាយមីង ពីរឿងជំពាក់លុយ១ម៉ឺនបាត ក៏មានការប្រវាយប្រតប់គ្នា ។ ពេលនោះជនរងគ្រោះបានយកដំបងវាយត្រូវខ្លួនចំនួន២ដំបង ហើយដោយសារខឹងខ្លាំងពេកក៏យកកាំបិតដែលនៅជិតខ្លួនវាយទៅលើជនរងគ្រោះជាម្តាយមីង រួមជាមួយប្តី ដែលប្រើចបវាយ រួចហើយពួកខ្លួនទាំង២នាក់ប្តីប្រពន្ធក៏យកសពញាត់ចូលក្នុងពាងទឹក ដើម្បីបំបាត់ដាន តែចៃដន្យក្មេងទៅរកទឹកផឹកប្រទះឃើញសពជនរងគ្រោះជាគ្រូរបស់ខ្លួន ទើបមានការភ្ញាក់ផ្អើលឡើង ។ អ្នករងគ្រោះឈ្មោះឡោ មួយសាយ អាយុ៥៨ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាគុត្តសត ក្នុងស្រុកអូរជ្រៅ មានប្តីឈ្មោះដួង រ៉ាន់ អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ និងរស់នៅក្នុងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោ សិទ្ធ ឡោះ បានប្រាប់ឱ្យដឹងថា សពជនរងគ្រោះត្រូវបានប្រទះឃើញនៅវេលាម៉ោង១០ និង១៥នាទីថ្ងៃទីព្រឹក២៨ មករា ខណៈកូនសិស្សប្រុស-ស្រី២-៣នាក់ដែលក្រោយពីចេញលេងស្រេកទឹកក៏នាំគ្នាទៅរកទឹកផឹកនៅផ្ទះក្បែរសាលានោះ ហើយប្រទះឃើញសពអ្នកគ្រូក្នុងពាងទឹកក៏នាំគ្នាស្រែកឆោឡោឡើង ទើបមានការភ្ញាក់ផ្អើលមកចោមរោមមើល ។

តាមការសាកសួរ និងស្រាវជ្រាវពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យដឹងថា មុនពេលកើតហេតុអ្នកគ្រូឡោ មួយសាយ បានឈឺពោះហើយសុំចេញមុនសិស្សចេញលេងដើម្បីទៅបត់ជើងធំនៅបន្ទប់ទឹកផ្ទះបងប្រុសជីដូនមួយ ឈ្មោះយ៉ាវ សែ អាយុជាង៦០ឆ្នាំ ដែលនៅចម្ងាយពីសាលារៀនជិត១០០ម៉ែត្រ ។ នៅពេលនោះបងប្រុសជីដូនមួយមិនបាននៅផ្ទះទេ ព្រោះរវល់ទៅខេត្តបាត់ដំបង នៅតែកូនស្រី និងកូនប្រសានៅចាំផ្ទះ ហើយឃើញកំពុងអង្គុយលក់នំនៅក្នុងបរិវេណសាលារៀនក្បែរផ្ទះនោះ ។

លោកវរសេនីយ៍ទោ សិទ្ធ ឡោះ បន្តថា បន្ទាប់ពីធ្វើការស្រាវជ្រាវពិនិត្យជុំវិញកន្លែងកើតហេតុរកឃើញកាំបិតផ្គាក់១មានស្នាមប្រឡាក់ឈាមដែលយកទៅសៀតទុកនៅជញ្ជាំងផ្ទះ ។ ដោយមានការសង្ស័យក៏បានឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ មករា និងនៅផ្ទះ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]