ខេត្តកំពង់ចាម ៖ អំពើហិង្សាក្នុងគ្រួសារមួយដែលបង្កឡើងដោយបុរសជាប្តីយកដំបងឈើឡើងវាយស្ត្រីជាប្រពន្ធ បណ្តាលឱ្យស្លាប់នៅលើផ្ទះអ្នកជិតខាង ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៦យប់ថ្ងៃទី២៣ មីនា ឆ្នាំ២០១៩ រស់នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ចន ថា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកអនុសេនីយ៍ឯក ម៉ួង ម៉ង់ឌី នាយប៉ុស្តិ៍រដ្ឋបាលឃុំជយោបានប្រាប់ឲ្យដឹងថា បុរសជាប្តីឈ្មោះ ច្រិច ដន អាយុ៣៥ឆ្នាំ បានយកស្ត្រីខាងលើនោះជាប្តីប្រពន្ធអស់រយៈពេល២ឆ្នាំមកហើយ និងបានស្នាក់នៅជា
មួយបងម្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយនៅពេលមុនកើតហេតុ ស្ត្រីជាប្រពន្ធបានមកស្នាក់នៅផ្ទះដូនចាស់ម្នាក់ដែលជាអ្នកជិតខាងឈ្មោះ ឃុត ផុន អាយុ៧៧ឆ្នាំ ។
លោកនាយប៉ុស្តិ៍ឃុំជយោប្រាប់បន្តថា នៅពេលដែលប្រពន្ធស្នាក់នៅលើផ្ទះរបស់អ្នកជិតខាង ស្រាប់តែបុរសជាប្តីដែលបានផឹកស្រាស្រវឹង និងកាន់ដំបងឈើមួយនៅក្នុងដៃឡើងមកវាយប្រពន្ធយ៉ាងចាស់ដៃកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ មីនា លុះដល់វេលាម៉ោង៦យប់ថ្ងៃដដែលស្ត្រីរងគ្រោះក៏បានស្លាប់ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៏មកលោកឲ្យបានដឹងពីហេតុការណ៏ដែលកើតឡើងខាងលើ ហើយលោកក៏ប្រញាប់ចុះមកពិនិត្យសពជនរងគ្រោះ ដោយមានវត្តមានលោកអធិការនគរបាលស្រុក និងកម្លាំងជំនាយយុត្តិធម៌ស្រុកផងដែរ។
តាមការបំភ្លឺពីសមាជិកម្ចាស់ផ្ទះកើតហេតុខាងលើនោះបានឱ្យដឹងថា ក្រោយពីបានវាយប្រពន្ធរួចហើយ ជនសង្ស័យជាប្តីក៏មិនបានដឹងថាប្រពន្ធរបស់ខ្លួនស្លាប់ដែរ និងបានដើរចេញមកមើលគេរាំនៅក្នុងភូមិដែលមានចំងាយប្រមាណ៣០០ម៉ែត្រពីកន្លែងកើតហេតុ ។ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីសួរនាំតែម្តង ។
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំជយោបានបញ្ជាក់ថា ពីរនាក់ប្តីប្រពន្ធខាងលើមានសតិមិនសូវគ្រប់ដូចគ្នា ដោយអ្នកទាំងពីរបានយកគ្នាធ្វើជាប្តីប្រពន្ធអស់រយៈពេល២ឆ្នាំមកហើយ និងមិនមានកូននោះទេ ហើយកន្លងមកឲ្យតែឃើញប្តីស្រវឹងស្រា និងរករឿងម្តងៗ ស្ត្រីរងគ្រោះជាប្រពន្ធតែងតែរត់មកដេកផ្ទះអ្នកជិតខាងដើម្បីកុំឲ្យប្តីប្រើអំពើហិង្សាវាយមកលើខ្លួន ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះខាងលើត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]