ខេត្តរតនគិរី ៖ មនុស្ស៥នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងរន្ធត់បំផុតរវាងម៉ូតូបុកជាមួយនឹងម៉ូតូក្នុង ទិសដៅបញ្ច្រាសទិសគ្នាកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៨ មករា ២០១៣ ត្រង់ចំណុចផ្លូវកោងចុះចំណតលើផ្លូវជាតិលេខ៧៨A ចំពីមុខផ្សារបង្កើតថ្មីព្រំដែនអន្តរជាតិអូរយ៉ាដាវ ក្នុងភូមិប៉កធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ចម្ងាយប្រមាណ៤០០ម៉ែត្រពីច្រកទ្វារអន្តរជាតិ ។

ប្រភពព័ត៌មានឱ្យដឹងថា មនុស្សចំនួន៥នាក់ដែលបានស្លាប់ភ្លាមៗ នោះមានជនជាតិខ្មែរចំនួន២នាក់ ១-ឈ្មោះសយ រស្មី អាយុ១៩ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ស វាសនា អាយុ២២ឆ្នាំ ភេទប្រុស មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកឈូក ខេត្តកំពត អ្នកទាំង២នាក់ជាកម្មករសំណង់ ។ មុនពេលកើតហេតុអ្នកទាំង២បានជិះម៉ូតូ ពណ៌ខ្មៅ ពីកើតទៅលិចក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុ ក៏បុកគ្នាជាមួយភាគីម្ខាងទៀតជាជនជាតិវៀតណាមចំនួន៣នាក់ ១-ឈ្មោះង្វៀង វ៉ាន់ធិន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ២-ឈ្មោះង្វៀង វ៉ាន់ផុង ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង២នាក់ ជាបងប្អូនបង្កើត មានស្រុកកំណើតនៅប្រទេសវៀតណាម និង៣-ឈ្មោះង្វៀង ហុងចុង អាយុ៥០ឆ្នាំ ភេទប្រុស រស់នៅប្រទេសវៀតណាម ជាជាងធ្វើផ្ទះឈើនៅព្រំដែនអូរយ៉ាដាវ បានជិះម៉ូតូម៉ាក C100 តែមឆេះពណ៌ព្រីងទុំ ពីលិចទៅកើតក្នុងស្ថានភាពស្រវឹងដូចគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង៥នាក់តែម្តង ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]