ខេត្តសៀមរាប ៖ លោក ជូ លឹ​ម ហ៊ា​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន ឃាត​កដៃ​ឆៅ​២​នាក់ ជា​ជនជាតិ​ជប៉ុន តាម​បទបញ្ជា​របស់​តុលាការ​នៅ​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមីនា ២០១៩​នេះ នៅ​ពន្ធនាគារ​ខេត្តសៀមរាប ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​ប្រព្រឹត្តិ​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស តាម​ប​ញ្ញ​តិ្ត​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ បង្គាប់​ឱ្យ​លោក​ប្រធាន​មន្ទីរឃុំឃាំង ឃុំខ្លួន ជនសង្ស័យទាំង​២​នាក់ ដែល​មានឈ្មោះ ដូច​ខាងក្រោម​៖

១/​ឈ្មោះ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ,​ទី​០២​ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ ប៉ោយ​ប៉ែ​ត នៅ​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ខែ​ឆ្នាំ​ដដែល ពួក​គេ​បាន​ជិះ​តាក់ស៊ី​ទៅ​ខេត្តសៀមរាប ពួក​គេ​បាន​សម្រាក​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប មិន​ចាំ​ឈ្មោះ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួក​គេ​បា​នរក​តាក់ស៊ី​ជិះ​ទៅ​ស្វាយ​ស៊ី​សុ​ផុ​ន ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​រក​ឡាន​តាក់ស៊ី​ថ្មី ដើម្បី​ប្លន់​យក​ទៅ​ប្រើប្រាស់​។

ពេល​ទៅ​ដល់ ស្វាយ​ស៊ី​សុ​ផុ​ន ពួក​គេ​បា​នរក​តាក់ស៊ី​ថ្មី​បាន ដែល​ជា​រថយន្ត​ជន​រង​គ្រោះ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ស្លាក​លេខ ២AB-៥២១៨ ដោយ​ពួក​គេ​ប្រាប់​ជន​រង​គ្រោះ​ថា ចង់ទៅ​សៀមរាប ហើយ​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ​។

ពួក​គេ​ក៏​ឡើង​តាក់ស៊ី​ដោយ​ជិះ​តែ​០៣​នាក់​គត់ (​តៃកុង​តាក់ស៊ី និង​ពួក​គេ​០២​នាក់​) ជនសង្ស័យ​ទាំង​២​ជិះ​នៅ​កៅអី​ខាងក្រោយ​តៃកុង ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ពួក​គេ​បាន​ប្រាប់​តាក់ស៊ី​ឱ្យ​ឈប់ ហើយ​ឈ្មោះ ISHIDA REIMON បាន​បើកទ្វារ​តាក់ស៊ី​ចុះ ដើម្បី​មើលផ្លូវ ដោយ​ទុក​ឱ្យ​បក្ខពួក​ខ្លួន​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​យក​រថយន្ត​។

បាន​ប្រហែល​២​នាទី រូបគេ​ក៏​បើកទ្វារ​តាក់ស៊ី ឃើញ​បក្ខពួក​ខ្លួន​កំពុង​យក​កាំបិត​អា​រក ជា​ច្រើន​កាំបិត ទៅ​លើ​ជន​រង​គ្រោះ ដោយ​ជន​រង​គ្រោះ​កំពុង​រើ​បម្រាស់ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ធ្លាក់​ចេញ​ពីលើ រថយន្ត​ដោយ​ខ្លួនឯង រួច​រូបគេ​បាន​ឡើង​រថយន្ត បើក​ចេញពី​កន្លែង​កើតហេតុ បាន​ប្រហែល​៣០​ម៉ែត្រ រថយន្ត​ក៏​ជ្រុល​ទៅ បុក​ឡាន​ផ្សេង​ទៀត រួច​ពួក​គេ​ក៏​បើកទ្វារ​ចុះ​រត់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​តែ​ម្តង​។ វត្ថុ​តាង ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​មាន កាំបិត​ប្រវែង​១៩​សង់ទីម៉ែត្រ​១​ដើម និង​ដំបង​រលាស់​១​ដើម ពួក​គេ​យក​តាម​ខ្លួន​មក​ពី​ប្រទេស​ជប៉ុន​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ត្រូវ​បាន​សមត្ថកិច្ច បាន​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​អស់ហើយ​។

គួរ​បញ្ជាក់​ថា ករណី​ឃាតកម្ម​គិត​ទុកជា​មុន​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ជ​ញ្ជី​ញ​ថ្លឹង​រថយន្ត​ពួក ក្នុង​ទឹកដី​ភូមិ​ពួក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ រត់​តាក់ស៊ី រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]