ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនអ៊ីនធឺណិតលំដាប់ខ្ពស់ និងជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ​គេមួយ​នៅកម្ពុជា បាននឹងកំពុងលើកកម្ពស់វិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) នៅកម្ពុជា តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ហើយកាលពីពេលថ្មីៗនេះ បានចូលរួម​ឧបត្ថម្ភ​ជា “​ដៃគូអ៊ីនធឺណិត” នៃសន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ទៀតផង ។ ព្រឹត្តិការណ៍​សន្និសីទ​និងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ ដែលបានប្រព្រឹត្តិទៅកាលពីសប្តាហ៍កន្លងទៅ នៅឯមជ្ឈមណ្ឌល​សន្និបាត​និងពិព័រណ៍កោះពេជ្រ គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារសំខាន់មួយ រៀបចំឡើងដោយ​វិទ្យាស្ថានជាតិ NIPTICT និងគាំទ្រ​ដោយ​ក្រសួងពាក់ព័ន្ធ និងជាព្រឹត្តិការណ៍ពិព័រណ៍​បច្ចេកវិជ្ជាថ្នាក់ជាតិ​ដំបូង និងធំបំផុតប្រចាំឆ្នាំ ២០១៩។

EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា ២០១៩

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖

“ក្នុងនាមជា​ក្រុមហ៊ុន​បច្ចេកវិទ្យាឈានមុខគេមួយ EZECOM យល់ដឹងយ៉ាងច្បាស់ពីសារៈសំខាន់នៃការ​លើកកម្ពស់​វិស័យ ICT នៅកម្ពុជា។ ហេតុនេះហើយ គេតែងឃើញ EZECOM មានវត្តមានចូលរួមឧបត្ថម្ភ ឬផ្តួចផ្តើម​សកម្មភាពនិងគម្រោងជាច្រើនទាក់ទងនឹងការលើកកម្ពស់វិស័យ ICT នៅកម្ពុជា។”

លោកបានបន្ថែមទៀតថា៖

“សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ គឺជាព្រឹត្តិការណ៍ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ជាតិ ដំបូង និងធំបំផុតប្រចាំឆ្នាំនេះ។ ខ្ញុំមានសុទិដ្ឋនិយមថា ព្រឹត្តិការណ៍នេះ​នឹងចូលរួម​ចំណែកជួយអោយនាវាកម្ពុជាបើកឆ្ពោះទៅរកការបង្កើតសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយ ហើយនឹង​ជំរុញការ​អភិវឌ្ឍសហគមន៍បច្ចេកវិទ្យានៅកម្ពុជាអោយកាន់តែផុសផុលឡើង។”

ទាក់ទងនឹងសារសំខាន់នៃការលើកកម្ពស់វិស័យ ICT នៅកម្ពុជា លោក ថាន ថេន បានលើកឡើងថា វិស័យ ICT មានសក្តានុពលធំធេងណាស់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិយើង។ វិស័យនេះអាចក្លាយ​ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ហើយតាមរយៈការលើកស្ទួយគំនិតច្នៃប្រឌិត សកម្មភាព​ស្រាវជ្រាវ និងបច្ចេកទេសពាណិជ្ជកម្មទំនើប វិស័យនេះអាចបង្កើតការងារថ្មីៗ និងធ្វើអោយ​វិស័យដ៏ទៃទៀតអភិវឌ្ឍឈានឡើងជាមួយគ្នាផងដែរ។ លោកបានបិទបញ្ចប់ថា ថ្វីត្បិតសកម្មភាពរបស់EZECOM គ្រាន់តែជាសកម្មភាពរបស់ក្រុមហ៊ុនតែមួយ តែលោកជឿជាក់ថា បន្តិចម្តងៗយើងអាចរូមគ្នា​ធ្វើឱ្យអនាគត​ដ៏ភ្លឺស្វាងនេះក្លាយជាការពិតសម្រាប់ប្រទេសកម្ពុជាយើង។

គួរបញ្ជាក់ផងដែរថា សន្និសីទនិងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ បាននាំមកនូវគំនិតច្នៃប្រឌិតថ្មីៗ និងល្អ​បំផុត​មិនធ្លាប់មាននៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដែលពោរពេញទៅដោយគំនិតដឹកនាំ ចំណេះដឹងល្អៗ និងដំណោះស្រាយជាក់ស្តែង។ អ្នកជំនាញ អ្នកអភិវឌ្ឍបច្ចេកវិទ្យាច្នៃប្រឌិត និងអ្នកដឹកនាំពាក់ព័ន្ធទូទាំង​ពិភពលោក ពីក្នុងវិស័យធុរកិច្ច និងរដ្ឋាភិបាល ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ នឹងធ្វើការពិភាក្សា ព្រមទាំង​ធ្វើ​បទបង្ហាញពីនិន្នាការ និងការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសពួកគាត់នឹង​ផ្តល់​គំនិត និងទស្សនវិស័យ​របស់ពួកគាត់ ចំពោះបញ្ហាប្រឈមចំពោះក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និង​ទូរគមនាគមន៍នៅកម្ពុជា និងលើសាកលលោក។

ជាមួយនឹងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន តួយ៉ាងដូចជាក្រុមហ៊ុន EZECOM ជាដើម គេ​មានសុទិដ្ឋិនិយមថា វិស័យ ICT នៅកម្ពុជា អាចនឹងរីកចម្រើនឡើងយ៉ាងខ្លាំងក្លា​នៅក្នុងអំឡុងទសវត្សរ៍​ខាងមុខនេះ៕

EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា ២០១៩
EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា ២០១៩
EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]