រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌចំការមន​ដឹកនាំ​ដោយ​លោក ហា​យ សិ​ទ្ធី ប្រធាន​ការ​រិ​យា​ល័យ​ផែនការ និង អភិវឌ្ឍន៍ បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់ សាលា​ខណ្ឌចំការមន​បាន​ចុះ​រៀបចំ សណ្ដាប់ធ្នាប់ បញ្ហា​សំរាម​នៅ​តាម​ផ្លូវ​លូ​១០៥ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ដែល​យក​សំរាម​ទៅ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ ខែ​មិ​នា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លូ លេខ​១០៥ ខណ្ឌចំការមន ។

បើ​តាម​សម្តី​អាជ្ញាធរ​ខណ្ឌចំការមន បានអោយ​ដឹង​ថា មុន​នឹង​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​បញ្ហា​សំរាម​នៅ​តាម​ផ្លូវ គឺ​ហាម​មិន​អោយ​ដាក់​សំរាម​នៅ​លើ​ផ្លូវ​លូ​១០៥ នេះ​ទៀត បន្ទាប់​ពី​មាន​យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចុះ​ប្រមូល​សំរាម​អស់រលីង​ពី​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​ខាងលើ​នេះ ។

ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​នេះ​ដែរ អាជ្ញាធរ​ខណ្ឌ​បាន​ឃាត់​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់​ឱ្យធ្វើ​កិច្ចសន្យា​អប់រំ ខណៈ​ពលរដ្ឋ​ម្នាក់​នោះ បាន​យក​សំរាម​មក​ចោល​នៅ​លើ​ផ្លូវ​ជាប់​ខឿន​លូ​ទឹក​ស្អុយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​រស់នៅ​ជុំវិញ​នោះ ។

ជា​ចុង​ក្រោយ អាជ្ញាធរ​ខណ្ឌ​បាន​សំណូមពរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ឈប់​យក​សំរាម​មក​បោះចោល​នៅ​លើ​ផ្លូវ​នេះ​ទៀត ហើយ​សំរាម​របស់​អ្នក​ណា គឺ​ដាក់​នៅ​មុខ​ផ្ទះ​អ្នក​នោះ ដើម្បី​ងាយស្រួល​ដល់​រថយន្ត​ស៊ី​ន​ទ្រី​មក​ប្រមូល​យក ហើយ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ណា​នៅ​តែ​បន្ត​ការ​បោះ​សំរាម​អត់​សណ្ដាប់ធ្នាប់​បែប​នេះ​ទៀត ពេល​អាជ្ញាធរ​ចាប់​បាន​នឹង​ធ្វើការ​ផាកពិន័យ​តែ​ម្តង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]