ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ទី​កម្សាន្ត​តំបន់​មាត់សមុទ្រ​ក្នុង​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ប្រមាណ ជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៥ មីនា មាន​ករណី​ចោរឆក់​កាបូប (​លួច​មាន​ស្ថាន​ទម្ងន់ទោស​) បង្ក​ដោយ​ជនជាតិ​ចិន​ដូច​គ្នា​២​នាក់ នៅ​ចំណុច​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ដៃ​ជន​រង​គ្រោះ ជា​ជនជាតិ​ចិន ភេទ​ស្រី ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ចុះ​ពីលើ​រថយន្ត​ដើរ​ចូល​ផ្ទះ​។

បន្ទាប់​ពី​ឆក់​យក​កាបូប​បាន​ហើយ ជនសង្ស័យ​ម្នាក់​បានរ​ត់ទៅ​ជិះ​ម៉ូតូ ម៉ាក​អ៊ែ​រ​ប្លែក​១​គ្រឿង ពណ៌​ខ្មៅ​លាយ​ប្រផេះ គ្មាន​ស្លាក​លេខ ដែល​បក្ខពួក​ម្នាក់​ទៀត​បញ្ឆេះ​នៅ​ចាំ​ក្បែរ​នោះ រួច​បើក​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

តែ​ទោះជា​យ៉ាងណា​ក្តី ព័ត៌មាន​ស្តី​ពី​អំពើ​ឆក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ទទួល​បាន​ភ្លាម ក្រោម​បទបញ្ជា ពី​ស្នងការ​នគរបាល​ខេត្ត កម្លាំង​សហការ​មាន​នគរបាល​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​យ៉ាង​យកចិត្តទុកដាក់​បំផុត លុះ​វេលា​ព្រឹក​ថ្ងៃ​ដដែល​ទើប​ឈាន​ដល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រីឯ​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ MA QING LAI ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​អូរ​ត្រេះ​២ ភូមិ​៦ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ និង​ម្នាក់​គេចខ្លួន​ឈ្មោះ A BIAO ភេទ​ប្រុស ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​ដូច​គ្នា​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ WU ZHONGBING ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​សណ្ឋាគារ​ព្រី​ន មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ៖ កាបូបដៃ​០១ ពណ៌​ខ្មៅ​,​វិទ្យុទាក់ទង​០១​គ្រឿង​,​សៀវភៅសរសេរ ០២​ក្បាល​,​លុយ​១,៨៧៥​ដុល្លារ​អា​មេ​រិ​ក​។

ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ​,​ទល់​រវីស​ធំ​ៗ​ចំនួន​០៤,​ញញួរ ០១,​ស្កុ​ត ០១​ដុំ​,​ម៉ាស់ ០១​ដុំ​,​ម៉ូតូ ០១​គ្រឿង ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ខ្មៅ​-​ប្រផេះ គ្មាន​ស្លាក​លេខ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។ ករណី​ខាងលើ​នេះ​សមត​ត្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]