អេស្ប៉ាញ៖ ពិតជារឿងដ៏គួរឲ្យសោកស្តាយ ដែលសត្វដំរីញីកំសត់រហស្សនាម ក្រៀមក្រំជាងគេលើលោក រស់នៅឯប្រទេសអេស្ប៉ាញ ទីបំផុតបានងាប់ត្រឹមអាយុ ៤៧ឆ្នាំ។

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី៥ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានឲ្យដឹងថា Flavia ជាសត្វដំរីញីមួយក្បាល ដែលត្រូវបានគេស្គាល់ និងដាក់រហស្សនាមឲ្យវាថា ដំរីក្រៀមក្រំជាងគេលើលោក ឬ «Saddest elephant in the world» បានងាប់នៅអាយុ៤៧ឆ្នាំ កាលពីសប្តាហ៍មុននេះ បន្ទាប់ពីវាបានចំណាយពេលរស់នៅអស់ ៤៣ឆ្នាំ យ៉ាងកំសត់តែម្នាក់ឯង ក្នុងសួនសត្វ Cordoba Zoo ប្រទេសអេស្ប៉ាញ ដោយសារតែ ជំងឺ និងភាពចាស់ទ្រុឌទ្រោមរបស់វា ដែលអស់លទ្ធភាពក្នុងការជួយព្យាបាល។

ដំរី Flavia

ប្រភពដដែលបន្តថា កន្លងមក ក្រុមអ្នកការពារសិទ្ធិសត្វ ក៏បានព្យាយាមរកគ្រប់វិធីក្នុងការផ្លាស់ប្តូរទីជម្រកថ្មីឲ្យដំរី Flavia ផងដែរ ដើម្បីឲ្យវាអាចរស់នៅ និងបង្កើនភាពរីករាយជាមួយនឹងសត្វដំរីដទៃ។

ប៉ុន្តែផ្ទុយទៅវិញ ការប៉ុនប៉ងនិងព្យាយាមនេះ នៅតែមិនអាចសម្រេច រហូតទាល់តែដំរី Flavia ធ្លាក់ខ្លួនឈឺកាន់តែខ្លាំង។ នេះក៏ព្រោះតែ សុខភាពរបស់ Flavia មានសភាពយ៉ាប់យ៉ឺនខ្លាំង និងឈឺអស់ជាច្រើនខែមកហើយ ទើបពិបាកក្នុងការយកវាទៅកន្លែងថ្មី។

មិនខុសគ្នាប៉ុន្មាន ទៅនឹងមនុស្សយើងនោះទេ ដំរី Flavia ក៏ត្រូវបានគេដឹងផងដែរថា ក្រៅពីជំងឺនិងភាពចាស់ទ្រុឌទ្រោម វាក៏ជាដំរីដែលរងនូវជំងឺផ្លូវចិត្ត ដែលបច្ចុប្បន្នគេនិយមហៅថា Depression ផងដែរ។ ដោយសារតែ ភាពស្រគត់ស្រគំរបស់វានេះហើយ ទើបត្រូវបានគេហៅវាថា ដំរីក្រៀមក្រំជាងគេលើលោក។

ដំរី Flavia ត្រូវបានគេរាយការណ៍ថា បានដួលនៅក្នុងរោងរបស់វា (កន្លែងរស់នៅមានព័ទ្ធជុំវិញ) ក្នុងសួនសត្វ Cordoba ខាងលើនេះ កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ ហើយបន្ទាប់មកវាក៏មិនអាចងើបឡើងវិញបាន ហាក់ស្លាប់ក្នុងសភាពបន្តិចម្តងៗ លុះក្រោយមកក៏ត្រូវបានក្រុមអ្នកជំនាញ សម្រេចចាក់ថ្នាំសម្លាប់វាតាមសម្រួលតែម្តង (អស់លទ្ធភាពក្នុងការព្យាបាល)។

ដំរី Flavia

គួរឲ្យដឹងផងដែរថា ជុំវិញនឹងការបាត់បង់ដំរី Flavia នេះដែរ ក៏ត្រូវបានមជ្ឈដ្ឋានជាច្រើនសម្ដែងការសោកស្តាយ ខណៈក៏មានមតិរិះគន់មួយចំនួន ចំពោះការចិញ្ចឹមសត្វដំរីឲ្យនៅដាច់សង្វែងតែឯងនេះផងដែរ។

ជាក់ស្តែង ដំរីអាហ្រ្វិកត្រូវបានគេដឹងថា រស់នៅជាពួក ឬផ្ដុំគ្នាជាហ្វូងជាធម្យមច្រើនជាង ១១ក្បាល ខណៈឯហ្វូងធំអាចមានចំនួនរាប់រយ រហូតអាចដល់ទៅជាង ១ ០០០ក្បាលឯណោះ។ នេះបើតាមការអង្កេត និងស្រាវជ្រាវនៅក្នុងព្រៃ។

ការសិក្សាមួយនៅក្នុង២០០៩ បានរកឃើញថា ទំនាក់ទំនងរបស់សត្វដំរីជាមួយនឹងដំរីជាច្រើនផ្សេងទៀត (រស់នៅជាហ្វូង) បានផ្តល់មកនូវអត្ថន័យដ៏សំខាន់បំផុតសម្រាប់ពួកវា (ភាពសប្បាយរីករាយរបស់ពួកវា) ជាជាងដំរីដែលត្រូវបានឃុំឃាំងឲ្យរស់នៅតែម្នាក់ឯង។

ដូច្នេះមានន័យថា សត្វដំរីដែលរស់នៅដាច់សង្វែងតែម្នាក់ឯង វានឹងអាចវិវឌ្ឍន៍ខ្លួនរបស់វា ទៅជាឈឺចាប់ ឬបង្ហាញអាកប្បកិរិយា ពីបញ្ហាសុខភាពផ្លូវចិត្តមិនល្អណាមួយ មិនខុសអីពីមនុស្សយើងនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ដំរី Flavia
ដំរី Flavia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]